ខេត្តកណ្តាលៈ ជនសង្ស័យ២នាក់ជាបងប្អូនបង្កើតនឹងគ្នា បានធ្វើសកម្មភាពព្រួតគ្នាវាយ និងកាប់ប្រហារទៅលើគូទំនាស់ម្នាក់ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង០៩ និង៤៥នាទី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចដីស្រែចុងព្រែកសាមគ្គី ស្ថិតក្នុងភូមិក្អមសំណរលើ ឃុំក្អមសំណរ ស្រុកលើកដែក ។
មន្ត្រីនគរបាលស្រុកលើកដែកបានឲ្យដឹងថា ជនសង្ស័យ២នាក់នោះ ទី១-ឈ្មោះ ហ៊ល លីហ៊ង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទី២-ឈ្មោះ ហ៊ល ភស័ ភេទប្រុស អាយុ៣០ឆ្នាំ ។ ជនសង្ស័យទាំង២នាក់នេះត្រូវជាបងប្អូនបង្កើតនឹងគ្នា មានទីលំនៅភូមិក្អមសំណរលើ ឃុំក្អមសំណរ ស្រុកលើកដែក ។ ចំណែកឯជនរងគ្រោះឈ្មោះ អេង សុភក្រ្ត័ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិក្អមសំណរលើ ឃុំក្អមសំណរលើ ស្រុកលើកដែក ។
ប្រភពដដែលបានបន្តថា កន្លងមកក្រុមគ្រួសារជនសង្ស័យ នឹងក្រុមគ្រួសារជនរងគ្រោះធ្លាប់មានទំនាស់គ្នា ។ លុះមកដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ជនរងគ្រោះដើរទៅដីស្រែឃើញជនសង្ស័យទាំង២នាក់កំពុងបើកត្រាក់ទ័រកាត់លើដីស្រែរបស់ខ្លួន ក៏ស្រែកហាមឃាត់ក្រុមជនសង្ស័យ រហូតកើតមានទំនាស់ពាក្យសំដីជាមួយគ្នាយ៉ាងតឹងសសៃ.ក ។ ជនសង្ស័យទាំង២នាក់បងប្អូនបានព្រួតគ្នាវាយ និងកាប់ទៅលើជនរងគ្រោះ ដោយកាំបិត និងកណ្តៀវ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ។
ក្រោយពីមានហេតុការណ៍កើតឡើងជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកលើកដែកចាប់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាន ដើម្បីចាត់ការតាមច្បាប់ ។ ចំណែកឯជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ៕ ស្អាងជ័យ