ព័ត៌មានទាន់ហេតុការណ៍៖

តុលាការពុំទាន់សម្រេចទេ ករណីនាយករងសាលាបឋមសិក្សាវាលស្បូវ បៀតបៀនកេរ្តិ៍ខ្មាសក្មេងស្រីអាយុ១៤ឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ រហូតមកទល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ នេះ លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅពុំទាន់សម្រេចយ៉ាងណានៅឡើយទេ ចំពោះករណីនាយករងសាលាបឋមសិក្សាវាលស្បូវម្នាក់ ពាក់ព័ន្ធបទល្មើសបៀតបៀនកេរ្តិ៍ខ្មាសក្មេងស្រីអាយុ១៤ឆ្នាំ ។

លោក ម៉ៅ សឿត អធិការរងនគរបាលខណ្ឌច្បារអំពៅ ថ្លែង នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ នេះ ថា ជនសង្ស័យត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ហើយពេលនេះជនសង្ស័យកំពុងស្ថិតនៅក្នុងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ នៅឡើយ ដើម្បីរង់ចាំការសម្រេចរបស់លោក សេង ហៀង ដែលជាព្រះរាជអាជ្ញារង ។

នាយករងសាលាបឋមសិក្សារូបនេះ ឈ្មោះ ឡុង សុខ អាយុ៥០ឆ្នាំ ត្រូវបានឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ បន្ទាប់ពីសង្ស័យប្រព្រឹត្តបទល្មើស កាលពីថ្ងៃទី១៩ ខែកក្កដា នៅចំណុចទីចាត់ការសាលាបឋមសិក្សាវាលស្បូវ ភូមិតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។

ក្មេងស្រីរងគ្រោះ និយាយថា មុនពេលកើតហេតុ ថ្ងៃទី១៩ខែកក្កដាឆ្នាំ២០១៧ ក្មេងស្រីនិងមិត្តភក្តិ នាំគ្នាទៅលេងក្នុងទីចាត់ការរបស់ជនសង្ស័យ។ ពេលនោះជនសង្ស័យបានប្រលែងលេងជាមួយកុមារី រងគ្រោះនិងមិត្តភក្តិ ។

បន្ទាប់មកមិត្តភក្តិខ្លួនបានចេញទៅលេងខាងក្រៅស្រាប់តែជនសង្ស័យបន្លំចាប់ច្របាច់ដោះ ហើយក្មេងស្រីរងគ្រោះ បានទៅកន្លែងស្នាក់នៅវិញ បានប្រាប់អ្នកមើលថែអង្គការសមាគមទឹកដីសន្យា។

ប្រភពព័ត៌មាន បញ្ជាក់ថា នៅដំណាក់កាលសមត្ថកិច្ចជនសង្ស័យបដិសេធចំពោះការចោទប្រកាន់នេះ ដោយអះអាងថា បានត្រឹមតែប្រលែងលេងធម្មតាប៉ុណ្ណោះ ៕ ចេស្តា


ចែករំលែក៖