ភ្នំពេញ៖ ឈ្នួលបម្រើក្រីក្រម្នាក់ ត្រូវបាននគរបាលខណ្ឌមានជ័យ បញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ នេះ ដើម្បីសាកសួរករណីធ្វេសប្រហែសបណ្តាលឲ្យក្មេងស្រីអាយុជិតមួយខួប រងរបួសប្រដាប់ភេទ ។
លោក ហួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យ ថ្លែងប្រាប់ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ នេះថា ស្ត្រីរូបនេះត្រូវបានបញ្ជូនដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ហើយ បច្ចុប្បន្នកំពុងស្ថិតក្រោមចំណាត់ការរបស់លោកស្រី កែវ សុគន្ធា ជាព្រះរាជអាជ្ញារង ។
ហេតុការណ៍នេះ កើតឡើងកាលពីព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
នៅដំណាក់កាលសមត្ថកិច្ច ស្ត្រីឈ្មោះ តូ ចាន់ណា សារភាពថា ខ្លួនគ្មានចេតនាធ្វើឲ្យក្មេងស្រីតូចរងគ្រោះរងរបួសបែបនេះនោះទេ ដោយមុនដំបូងឡើយ ខ្លួនបានមើលថែក្មេងស្រីឲ្យដេកនៅក្នុងអង្រឹង តែខណៈនោះក្មេងស្រីរងគ្រោះបានបត់ជើងធំដាក់អង្រឹងប្រឡាក់ខ្លួន ទើបគាត់លើកក្មេងរងគ្រោះមកបន្ទប់ទឹក ងូតទឹកលាងសម្អាតជាមួយនឹងសាប៊ូ ខណៈនោះស្រាប់តែគាត់រអិលដួល ក៏បណ្តាលឲ្យដៃរបស់គាត់ដែលកំពុងកាន់លាង ជ្រុលលូកចូលប្រដាប់ភេទក្មេងរងគ្រោះបណ្តាលឲ្យមុតនឹងក្រចកដៃរបស់គាត់ ទើបមានឈាមហូរបែបនេះ។
តែភ្លាមៗគាត់មិនហ៊ានប្រាប់ឪពុកម្តាយក្មេងនោះទេ ព្រោះខ្លាចគេខឹងរករឿងគាត់ ទើបគាត់ព្យាយាមលាក់និងទូរស័ព្ទហៅឲ្យមកយកកូន បែបនេះ។ចំណែកប្តីគាត់មិនបានដឹងរឿងអ្វីនោះទេ៕ ចេស្តា