ភ្នំពេញ៖ ក្មេងប្រុសអាយុជាង១៤ឆ្នាំម្នាក់ ដែលប្រើហ្វេសប៊ុកជំរិតទារប្រាក់ពីលោកឧត្ដមសេនីយ៍ទោ ណាំ ភិរុណ អង្គរក្សផ្ទាល់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារ កាលពីល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត ។
លោក លី កុសល មេធាវីការពារក្ដីក្មេងប្រុសឈ្មោះ សៀក ជីមី ថ្លែង នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ នេះ ថា ក្មេងប្រុសរូបនេះ ត្រូវបានលោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ”កំហែងយក”តាមមាត្រា៣៦៣និងមាត្រា៣៦៤នៃក្រមព្រហ្មទណ្ឌ ហើយលោក សាយ សារុន ជាចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនក្មេងប្រុសរូបនេះដាក់ពន្ធនាគារបណ្តោះអាសន្ន ។
លោកមេធាវីអះអាងថា ” លោកនឹងខិតខំឲ្យអស់ពីលទ្ធភាពដើម្បីឲ្យក្មេងប្រុសរូបនេះ បាននៅក្រៅឃុំបណ្តោះអាសន្ន ដោយសារក្មេងនេះអាយុជាង១៤ឆ្នាំប៉ុណ្ណោះ ហើយសង្ឃឹមថាទាំងដើមបណ្ដឹងនិងតុលាការ ពិតជាមានចិត្តសណ្តោសប្រណី ” ។
មុនពេលតុលាការសម្រេចឃុំខ្លួននេះ អាណាព្យាបាលរបស់កុមារា សៀក ជីមី គឺលោក កែ ចាន់សុខ អាយុ៤១ឆ្នាំ ត្រូវជាឪពុក អ្នកស្រី សួន សុផា ត្រូវជាម្តាយ បានតក់ស្លុតជាខ្លាំងចំពោះហេតុការណ៍នេះ ហើយបានប្រញាប់ប្រញាល់ ចេញមុខសុំការអភ័យទោស និងក្តីមេត្តាធម៌ ដោយសណ្តោសប្រណី ពីលោកឧត្តមសេនីយ៍ ណាំ ភិរុណ តាមរយៈការសសេរលិខិតសុំអភ័យទោស ត្រាប្រណី ដោយក្តីករុណា ។
សូមបញ្ជាក់ថា លោក ណាំ ភិរុណ ជាអង្គរក្សផ្ទាល់របស់លោក ហ៊ុន សែន ដែលគេតែងបានឃើញរូបលោកនិងក្រុមអង្គរក្ស តែងតែបានដើរការពារជាប់ជានិច្ច រាល់ពេលនាយករដ្ឋមន្ត្រីនៃកម្ពុជាអញ្ជើញចូលរួមកម្មវិធីផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ត្រូវបានជនអនាមិកប្រើហ្វេសប៊ុកជំរិតទារប្រាក់ចំនួន១ម៉ឺនដុល្លារអាមេរិក ព្រមទាំងគំរាមបញ្ឈប់ការងារ និងចាប់កូនស្រីរបស់លោកថែមទៀតផង ។
លោក ណាំ ភិរុណ ជាឧត្តមសេនីយ៍ទោ បានបង្ហោះនៅលើទំព័រ ហ្វេសប៊ុករបស់លោកផ្ទាល់អោយដឹងនៅម៉ោង៣រសៀលថ្ងៃទី១៣ កក្កដា ២០១៧ នេះថា ជនដែលផ្ញើសារគំរាមជំរិតទារប្រាក់ និងគំរាមពីសុវត្ថិភាពរបស់ក្រុមគ្រួសាររបស់លោកនេះ ប្រើគណនីហ្វេសប៊ុកមួយឈ្មោះ«ស៊ីន សារ៉េត» គណនីមួយទៀត «SOK KHON» និងគណនីហ្វេសប៊ុក «កម្ពុជាកម្ពុជា»។ លោក ណាំ ភិរុណ បានរៀបរាប់បន្តថា ជនដែលយកគណនីខាងលើទាំងនេះមកជំរិតទារប្រាក់ពីរូបលោកម្តង ៥,០០០ដុល្លារ និងម្តងទៀត ១ម៉ឺនដុល្លារ ។
ជនដែលជំរិតទារប្រាក់បានគំរាមថា ប្រសិនបើលោក ណាំ ភិរុណ មិនប្រគល់ប្រាក់ឲ្យគេទេ គេនឹងរកវិធីដើម្បីបំបែកបំបាក់ និងញុះញង់មិនឲ្យមានការទុកចិត្តគ្នា នៅក្នុងកងអង្គរក្ស ហើយថែមទាំងគំរាមយកឈ្មោះថ្នាក់ដឹកនាំកំពូលមួយ ទៅបញ្ឈប់ការងាររបស់លោកថែមទៀតផង ។ មិនត្រឹមតែគំរាមជំរិតទារប្រាក់ប៉ុណ្ណោះទេ ជនអនាមិក ថែមទាំងបានគំរាមធ្វើបាបកូនស្រី និងក្រុមគ្រួសាររបស់លោកថែមទៀតផង ៕ចេស្តា