ខេត្តកណ្តាលៈ ស្ត្រីវ័យចំណាស់ម្នាក់បានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីត្រូវរថយន្តធុនធំបើកបុក ខណៈកំពុងជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ២ កាលពីវេលាម៉ោង១៥ និង ៥៥នាទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២៧-២៨ ស្ថិតក្នុងភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ប៉ូច សំអាត ភេទស្រី អាយុ៥៤ឆ្នាំ មានទីលំនៅភូមិក្រាំងធ្នង់ ឃុំត្បូងដំរី ស្រុកបាទី ខេត្តតាកែវ ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BG-4174 ។ ចំណែកឯរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ធុនធំប្រភេទដឹកទំនិញ ពណ៌ខៀវលាយស ពាក់ស្លាកលេខ ភ្នំពេញ3B-8157 បើកបរដោយឈ្មោះ ឈួន ប៊ុនធឿន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិកំណប់ ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្តធុនធំប្រភេទដឹកទំនិញខាងលើនេះបើកបរតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីជើងទៅត្បូង ដោយល្បឿនលឿន ខណៈបើកដល់ចំណុចកើតហេតុពុំដឹងជាមានឧបសគ្គអ្វីនៅខាងមុខនោះទេ ទើប បណ្តាលឲ្យរថយន្តរេចង្កូតទៅបុកម៉ូតូដែលកំពុងបើកបរច្រាស់ទិសគ្នាពេញមួយទំហឹង ធ្វើឲ្យស្ត្រីរងគ្រោះជាអ្នកបើកបរម៉ូតូរងរបួសយ៉ាងធ្ងន់ធ្ងរ ។
ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបររថយន្តដឹកទំនិញ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរចាត់ការតាមច្បាប់ ។ ចំណែកឯស្ត្រីរងគ្រោះ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ក្នុងរាជធានីភ្នំពេញ ៕ ស្អាងជ័យ