ព័ត៌មានទាន់ហេតុការណ៍៖

ភ្លើងឆេះព្រៃជាទ្រង់ទ្រាយធំនៅភាគខាងត្បូងប្រទេសបារាំងបង្កក្តីបារម្ភ

ចែករំលែក៖

ភ្លើងឆេះព្រៃជាទ្រង់ទ្រាយធំ នៅក្នុងប្រទេសបារាំង បង្កក្តីបារម្ភយ៉ាងខ្លាំង ពីការរាលដាលកាន់តែខ្លាំងឡើង ។ នៅពេលនេះ ក្រុមពន្លត់អគ្គីភ័យជាង៥រយនាក់ និងឧទ្ធម្ភាគចក្រពន្លត់ភ្លើង៨៧គ្រឿង បានខិតខំទប់ស្កាត់ ។

នៅពេលនេះ ក្រុមពន្លត់អគ្គិភ័យបានស្នើសុំជំនួយយន្តហោះពន្លត់ភ្លើងអឺរ៉ុបពីរគ្រឿងមកបន្ថែមទៀត ដើម្បីយកឈ្នះព្រះអគ្គីដែលកំពុងឆេះលេបត្របាក់ព្រៃអស់ប្រមាណជាង៨រយហិចតា ក្នុងរយៈពេលតែប៉ុន្មានម៉ោង ។ អណ្តាតភ្លើង និងកម្លាំងឆេះរាលរឹតតែមានសន្ធឹកលឿនខ្លាំង ដោយសារមានជំនួយខ្យល់បក់បោកខ្លាំងពី៦០ទៅ៧០គីឡូម៉ែត្រ ក្នុងមួយម៉ោង ។

នៅពេលនេះ មានមនុស្សយ៉ាងហោចណាស់១ម៉ឺននាក់ ក្នុងនោះជាងបីពាន់ ជាអ្នកទេសចរបោះតង់ក្នុងព្រៃត្រូវជម្លៀសចេញទាំងកណ្តាលអាធ្រាត្រ ថ្ងៃអង្គា រឆ្លងចូលថ្ងៃពុធ ដោយហេតុតែមានគ្រោះភ្លើងឆេះព្រៃ នៅភាគខាងត្បូងប្រទេសបារាំង ។តំបន់ភាគខាងត្បូង ដែលជាកន្លែងទេសចរណ៍ដ៏ពេញនិយម និងដែលទើបរងគ្រោះអគ្គីភ័យឆេះព្រៃអស់ជាង៥ពាន់ហិចតាកាលពីមួយថ្ងៃមុននេះសោះ ។

ជាសំណាងល្អគ្មានជនរងគ្រោះដល់បាត់ជីវិតទេ មានតែកងកម្លាំងពន្លត់ភ្លើងនិងក្រុមសង្គ្រោះជាងម្ភៃរូប។ប្រជាពលរដ្ឋជាងមួយម៉ឺននាក់បានត្រូវជម្លៀសចេញទៅរកកន្លែងមានសុវត្ថិភាព។បើតាមរូបភាពបង្ហោះតាមប្រព័ន្ធសង្គមមានពលរដ្ឋបានយកឆ្នេរធ្វើជាជម្រកសម្រាក។ដំណើរកំសាន្តសម្រាកវិស្សមកាល បានក្លាយជាដំណើររត់ប្រាសតែអាយុ។ផ្លូវថ្នល់ ត្រូវបិទ តាំងពីយប់មិញមក ជាកិច្ចការពារព្រោះដំណាក់កាលនេះជារយៈកាលវិស្សមកាល ចំនួនអ្នកធ្វើដំណើរទៅកាន់និងស្នាក់នៅសម្រាកកំសាន្តនៅភាគខាងត្បូង បានកើនឡើងមួយជាបី។

ភាគខាងត្បូងបារាំងត្រូវស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់រហូតដល់ថ្ងៃព្រហស្បតិ៍ស្អែក។តាំងពីថ្ងៃចន្ទមកតំបន់នេះបានរងគ្រោះភ្លើងឆេះព្រៃធំៗពីរកន្លែងអស់ប្រមាណជាង៥ពាន់ហិចតារ។ក្រុមពន្លត់អគ្គីភ័យទើបគ្រប់គ្រងស្ថានការណ៍បានបន្ទាប់ប្រើកម្លាំងប្រយុទ្ធប្រឆាំងអស់ពីរថ្ងៃស្រាប់តែមានករណីឆេះព្រៃមួយកន្លែងនៅយប់មិញ។

ភាពរាំងស្ងួតខ្លាំងនិងយូរនារយៈពេលប៉ុន្មានខែចុងក្រោយនេះបូកផ្សំវត្តមានខ្សល់កួចបោចបក់កម្លាំងខ្លាំងបានរុញច្រានភាគខាងត្បូងប្រទេសបារាំងឱ្យមានហានិភ័យខ្ពស់ងាយជួបគ្រោះភ្លើងឆេះភ័យ៕ ម៉ែវសាធី


ចែករំលែក៖