ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ អាមេរិកនឹងធ្វើអ្វី ប្រសិនបើឥណ្ឌា និងចិនផ្ទុះសង្គ្រាម?

ចែករំលែក៖

កន្លងមកសារព័ត៌មានចិនបានផ្សាយ ថា «កម្លាំងលោកខាងលិច »កំពុងតែ ជំរុញឲ្យមានសង្គ្រាមផ្ទុះឡើងរវាង ឥណ្ឌា នឹងចិននៅតាមបណ្តោយព្រំដែន ដើម្បី យកផលប្រយោជន៍ផ្ទាល់ខ្លួន។

នៅក្នុងបទសម្ភាសន៍ អ្នកនយោបាយ និងយុទ្ធសាស្ត្រយោធា របស់បណ្តាញ ព័ត៌មាន CNN បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីន តោន ប្រាកដជាមិនអង្គុយស្ងៀម មើល«ខ្លា ធំពីរក្បាលខាំគ្នាឡើយ» ទាំងនោះសំដៅ ទៅលើ ការវិវាទរវាងចិននឹងឥណ្ឌានៅតាមព្រំដែន ។

លោក Zack Cooper អ្នកឯកទេស យោធា និងយុទ្ធសាស្ត្រអន្តរជាតិបាន បញ្ជាក់ថា«ខ្ញុំគិតថា អាមេរិក នឹងមិន អង្គុយស្ងៀមទេ ហើយក៏មិនលូកដៃផ្ទាល់នៅក្នុងវិវាទរបស់ប្រទេសទាំងពីរនោះដែរគឺ អាមេរិក នឹងគាំទ្រពីចម្ងាយ និងពង្រឹង ទំនាក់ទំនងយោធាជាមួយឥណ្ឌាកាន់តែ ជិតស្និទ្ធ»។

លោកZack Cooper បានបញ្ជាក់ទៀត ថា អាមេររិកចង់ប្រឆាំង ការកើនឡើងយ៉ាងឆាប់រហ័សនៃអំណាចយោធារបស់ចិន ហើយអាមេរិក ចង់ពឹងពាក់ឥណ្ឌា ដើរតួ នាទីជំនួសក្នុងការទប់ស្កាត់ចិន។ ចំណុចទំាងនោះបានបង្ហាញយ៉ាងច្បាស់ថា ប្រសិនបើចិននៅតែបង្កវិវាទយោធាជាមួយឥណ្ឌានៅតាមព្រំដែននោះ ទីក្រុងប៉េកាំង កំពុងតែបង្កើនឲ្យមានសម្ពន្ធមិត្តប្រឆាំងចិន។ លោក Zack Cooper បញ្ជាក់ទៀតថា ចិន គួរតែឆ្លាតជាងនេះ កាត់បន្ថយភាពតានតឹងជាមួយឥណ្ឌាស្វែងរកដំណោះស្រាយដោយសន្តិភាព បញ្ចៀសការប្រឈមមុខដោយ កម្លាំងយោធា។

ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ទំនាក់ ទំនងរវាង អាមេរិកនឹង ចិនមិនល្អឡើយ ដោយ ប្រទេសទាំង២ ចេះតែមានសកម្ម ភាពឌឺដងដាក់គ្នា។ ប្រសិនបើ សង្គ្រាមនៅ តាមព្រំដែនឥណ្ឌា-ចិនកើតឡើងនោះ អាមេរិក នឹងបង្កើនកម្លាំងទាហានជើង ទឹកវាយឡើងគោក នៅក្នុងតំបន់នេះកាន់ តែច្រើន ដើម្បីឡោមព័ទ្ធប្រទេសចិន។

ចំណែកលោក Mohan Malik សាស្ត្រា ចារ្យ មកពីមជ្ឈមណ្ឌល សន្តិសុខអាស៊ីប៉ា ស៊ីហ្វិក បញ្ជាក់ថា«ប្រសិនបើមានការផ្ទុះសង្គ្រាមរវាងចិននឹងឥណ្ឌា ទីក្រុងវ៉ាស៊ីន តោន និងផ្តល់ឃ្លាំងអាវុធ ក្រុមចារកិច្ច និងសម្ភារយោធាដល់ឥណ្ឌា ។ លើសពីនេះទៅទៀតមន្ទីរបញ្ចកោណអាមេរិក នឹងបញ្ជូននាវាមុជទឹកដើរដោយថាមពល បរមាណូទៅជួយ រដ្ឋាភិបាលទីក្រុងញូវ ដេលីផងដែរ។

ដោយឡែកសារព័ត៌មានចិន បានផ្សាយ ថា កម្លាំងលោកខាងលិចកំពុងតែជំរុញឲ្យមានសង្គ្រាមផ្ទុះឡើងរវាង ចិន-ឥណ្ឌា ដើម្បី ស្វែងរកផលប្រយោជន៍ជាច្រើន ដោយមិនចាំបាច់ចំណាយប្រាក់អស់មួយសេនណាឡើយ។ លោកខាងលិច គឺចិនចង់សំដៅ ទៅលើប្រទេសអាមេរិកតែម្តង។

លោក Mohan Malik បញ្ជាក់ថា ក្រុមអ្នកយុទ្ធសាស្ត្រសង្គ្រាមរបស់ចិន នឹងជ្រើសរើសយកយុទ្ធសាស្ត្រធ្វើសង្គ្រាមរយៈពេលខ្លី វាយឲ្យចំគោលដៅ ។ នៅពេលដែល ចិនយកឈ្នះនោះនឹងក្លាយទៅជាប្រទេស ដើរតួនាទីរៀបចំសន្តិសុខសណ្តាប់ធ្នាប់នៅ តំបន់អាស៊ី ។

បើមានសង្គ្រាមកើតឡើង ចិនចាំបាច់ត្រូវតែយកឈ្នះក្នុងរយៈពេលខ្លីបំផុត បើ មិនដូច្នេះទេ នឹងក្លាយទៅជាសង្គ្រាមរាំុរ៉ៃ បះពាល់ដល់នយោបាយពង្រីកអំណាច របស់ចិននៅលើពិភពលោក។ ចំណុច ទាំងនោះហើយបានជាចិន បន្ថែមទាហាន ជាបន្តបន្ទាប់នៅតាមព្រំដែន តំបន់ជម្លោះ ជាមួយឥណ្ឌា។ ទន្ទឹមនឹងនោះចិនបាន ប្រកាសថានឹងការពារព្រំដែនគោករបស់ ខ្លួនដោយប្រើគ្រប់វិធីសាស្ត្រ ក្នុងនោះក៏ មានកម្លាំងយោធាផងដែរ។

សារព័ត៌មាន AFP បានផ្សាយថា ភាព តានតឹងរវាងចិននឹងឥណ្ឌាកើតឡើងជាង ១ខែកន្លងមកហើយ ក្រោយពេលកម្លាំង ទាហានចិន ចាប់ផ្តើមសាងសង់ផ្លូវនៅលើតំបន់ខ្ពង់រាប ដែលកំពុងមានវិវាទរវាងចិន នឹងប្រទេសប៊ូតង់។

នៅពេលនោះទាហានឥណ្ឌាបានធ្វើ ដំណើរទៅកាន់តំបន់តានតឹងដើម្បីរារាំង ចិនដែលមានសកម្មភាពបំពានទៅលើតំបន់ដែលឥណ្ឌាប្រកាសស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ដោយឥណ្ឌាស្នើឲ្យចិនត្រូវតែដកទាហានចេញជាបន្ទាន់។

កាលពីថ្ងៃទី២៤ ខែកក្កដា អ្នកនាំពាក្យ ក្រសួងការពារជាតិចិន លោក Wu Qian បានចោទប្រកាន់ឥណ្ឌាថាបានបំពានដែនអធិបតេយ្យរបស់ចិន នៅតាមបណ្តោយ ព្រំដែន ហើយស្នើឲ្យឥណ្ឌាដកទាហាន ចេញជាដាច់ខាត។

លោក Wu Qian បានបញ្ជាក់ទៀតថា កម្លាំងទាហានការពារព្រំដែនចិននឹងមានសកម្មភាព តបតភ្លាមនៅពេលមានហេតុការណ៍អាក្រក់កើតឡើង ។ នៅពេលនេះកម្លាំងទាហានចិនបានហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ ដើម្បីសមទៅនឹងស្ថានភាពនៅតំបន់ខ្ពស់ ។

វិវាទនៅតំបន់ព្រំដែនប្រទេសទាំង២ ខាងលើបានបង្កក្តីបារម្ភយ៉ាងខ្លាំង ដល់ សហគមន៍អន្តរជាតិខ្លាចប្រទេស មហា អំណាចបរមាណូទាំង២ ប្រឈមមុខដាក់ គ្នា ដោយអាវុធជាទ្រង់ទ្រាយធំ។

នៅពេលនេះឥណ្ឌា បានអះអាងថា ខ្លួនបានទទួលការគាំទ្រពីអន្តរជាតិ នៅក្នុងរឿងបញ្ជូនទ័ពទៅខ្ទប់រារាំងសកម្មភាពកសាងផ្លូវ ដែលចិនកំពុងធ្វើនៅលើខ្ពង់រាបដែល តវ៉ាទាមទារដោយប្រទេសប៊ូតង់។ តាមរដ្ឋមន្រ្តីការបរទេសឥណ្ឌាបញ្ជាក់ថា សន្តិសុខជាតិរបស់ឥណ្ឌានឹងត្រូវគំរាមកំហែង ប្រសិនបើចិនរំលោភចូលកាន់កាប់តំបន់ត្រីកោណ ដែលស្ថិតនៅចន្លោះ ប្រទេស ប៊ូតង់-ឥណ្ឌា និងចិន។

នៅមុខសមាជិកសភាជាន់ទាបរបស់ ឥណ្ឌា រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក ស្រី ស៊ូហ្សម៉ា ស្វារ៉ាយ បាននិយាយថា ជំហររបស់ឥណ្ឌា នៅក្នុងជម្លោះព្រំដែនជាមួយប្រទេសចិន ត្រូវបានទទួលការគាំទ្រពីសំណាក់អន្តរជាតិ។ ប៉ុន្តែ ប្រមុខការបរទេសឥណ្ឌាមិនបានបញ្ជាក់ឈ្មោះប្រទេស ដែល បានគាំទ្រឥណ្ឌានោះទេ។ លោកស្រី ស្វា រ៉ាយ គ្រាន់តែបានលើកសរសើរដល់សេចក្តីក្លាហានរបស់ប្រទេសប៊ូតង់ ដែលបានចាត់វិធានការឆ្លើយតបយ៉ាងទាន់ហន់ និងមិនចុះចាញ់ប្រទេសយក្សជិតខាងដូចជាចិន។

រដ្ឋមន្រ្តីការបរទេសឥណ្ឌាចេញមុខ បញ្ជាក់ពីការគាំទ្ររបស់អន្តរជាតិបន្ទាប់ពីភាគីចិន អះអាងរួចហើយថា ចិនបាន ទទួលការគាំទ្រពីអន្តរជាតិ នៅក្នុងរឿង ជម្លោះព្រំដែនជាមួយឥណ្ឌាលើកនេះ។ កាលពីថ្ងៃអង្គារ ទីក្រុងប៉េកាំងបានសម្ដែង ការ រន្ធត់ចិត្ត ដែលឃើញកងទ័ពឥណ្ឌា ចូលដោយខុសច្បាប់ទៅក្នុងតំបន់ជាប់ព្រំដែនចិន និងប្រទេសប៊ូតង់៕ ម៉ែវ សាធី


ចែករំលែក៖