ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានសហព័ន្ធវ៉ូវីណាមជំរុញឲ្យអត្តពលិកដណ្តើមមេដាយ ពីព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោក នៅប្រទេសឥណ្ឌា

ចែករំលែក៖

ភ្នំពេញ៖ ការដណ្តើមយកមេដាយពីព្រឹត្តិការណ៍ ប្រកួតកីឡាវ៉ូវីតណាមជើងឯកពិភពលើកទី៥នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា អត្តពលិកវ៉ូវីតណាម កម្ពុជា ត្រូវតែដណ្តើមយកមេដាយឲ្យបានច្រើន ដើម្បីកម្ពុជា អាចទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ រៀបចំការប្រកួតជើងឯកពិភពលោកទី៦ ឆ្នាំ២០១៨ ។​​​ ការថ្លែងជំរុញបែបនេះ បានធ្វើឡើងក្នុងជំនួបសំណេះសំណាល់ អត្តពបលិកកីឡាវ៉ូវីតណាម កាលពីល្ងាចថ្ងៃទី២៨ខែកក្កដាឆ្នា២០១៧ នៅគេហដ្ឋានផ្ទល់របស់លោកឧកញ៉ា រ័ត្ន សាខនប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា និងជាអនុប្រធានសហព័ន្ធវ៉ូវីណាមពិភពលោក ។

លោក ឧកញ៉ា រ័ត្ន សាខន មានប្រសាសន៍ថា បន្ទាប់ពីសមាជិកប្រតិបត្តិ របស់សហព័ន្ធបានផ្តាច់ចិត្តរួមបេះដូងតែមួយ សហព័ន្ធបានបង្កើន សកម្មភាពរបបស់ខ្លួណទាំងការហ្វឹកហាត់ និង ការចេញទៅប្រកួតនៅក្រៅប្រទេស ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី៣០ខែកក្កដានេះ កីឡាករកីឡាការិនី វ៉ូវីណាមកម្ពុជាទទួលបានការអនុញ្ញាត ពីក្រសួងអប់រំយុវជននិងកីឡា ឲ្យទៅចូលរួមប្រកួតជើងឯកពិភពលោក នៅទីក្រុង ញូឌាលី ប្រទេសឥណ្ឌារយៈពេល៥ថ្ងៃគឺពីថៃ្ងទី១ ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧នេះ។

លោកបានបន្តថា ការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោកលើកទី៥នេះ មានប្រទេសចូលរួមចំនួន៤៥ប្រទេស និងមានវិញ្ញាសាប្រកួតសរុបចំនួន៤៣វិញ្ញាសា ក្នុងនោះកម្ពុជាបានដាក់វិញ្ញាសាឲ្យអត្តពលិករបស់ខ្លួនចូលរួមប្រកួតចំនួន២៩វិញ្ញាសា ដោយ លោកសង្ឃឹមថា ពួកគេនឹងអាចដណ្តើមយកមេដាយបានច្រើនជាងកាលពីការប្រកួតជើងឯកពិភពលោកលើកទី៤កន្លងទៅ។

លោកបានលើកឡើងថា មូលហេតុលោកចង់ឲ្យអត្តពលិកព្យាយាមដណ្តើមយកមេដាយឲ្យបានច្រើនពីព្រឹត្តិការណ៍នេះ ព្រោះលោកចង់ឲ្យសហព័ន្ធកីឡាវ៉ូវីណាមពិភពលោកមានការជឿជាក់បន្ថែមទៀត ចំពោះសមត្ថភាពរបស់សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ក្នុងឱកាសដែលកម្ពុជាត្រៀមខ្លួនទទួលធ្វើម្ចាស់ផ្ទះសម្រាប់ការប្រកួតជើងឯកពិភពលោក លើកទី៦ ឆ្នាំ២០១៨។ ក្នុងឱកាសនោះ លោក ឧកញ៉ា បានថ្លែងអំណរគុណចំពោះក្រសួងអប់រំយុវជន និងកីឡាដែលបានទំនុកបម្រុងដល់ការហ្វឹកហាត់របស់កីឡាករ កីឡាការិនីវ៉ូវីណាម និងបានផ្តល់ប្រាក់ហោប៉ាវសម្រាប់ការធ្វើដំណើរចូលរួមប្រកួតខាងលើនេះ។

លោក កែវ ហុកលី អគ្គលេខាធិការ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានឲ្យដឹងថា សម្រាប់កីឡាករ កីឡាការិនីវ៉ូវីណាមកម្ពុជា គឺបង្ហាញសមត្ថភាពក្រោយការហ្វឹកហាត់ត្រៀមអស់រយៈពេល៦ខែ ក្នុងនាមជាកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា ដែលទទួលការឧបត្ថម្ភពីក្រសួងអប់រំយុវជន និងកីឡានោះ ។ ដូច្នេះពួកយើងបានត្រៀមស្មាតីប្រយុទ្ធរួចរាល់ហើយ ដើម្បីជ័យជម្នះមកជូនជាតិវិញ ។

គួរបញ្ជាក់ថា អត្តពលិកកីឡាវ៉ូវីណាមកម្ពុជានឹងចេញដំណើរនៅព្រឹកថៃ្ងទី៣០ ខែកក្កដា ឆ្នាំ២០១៧ ទៅចូលរួមការប្រកួតជើងឯកពិភពលោកលើកទី៥ នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា ចាប់ពីថៃ្ងទី១ ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧។

អត្តពលិកកីឡាវ៉ូវីណាមកម្ពុជាក្រៅពីការឧបត្ថម្ភពីក្រសួងអប់រំក៏មានការឧបត្ថម្ភជាសម្ភាៈមួយចំនួនពីក្រុមហ៊ុនស្តាស្ព័រនូវស្បែកជើងចំនួន២០គូ NOCCឧបត្ថម្ភអាវឌឺវេតកាម៉ងចំនួន២០ឈុត ក្រុមហ៊ុន HOME SPORTឧបត្ថម្ភកាបូបស្ពាយចំនួន២០ និងក្រុមហ៊ុនNT SPORT ៕ សារីម


ចែករំលែក៖