ព័ត៌មានទាន់ហេតុការណ៍៖

អសមត្ថភាពក្នុងការលុបចោលកម្មវិធី Obamacare លោក ត្រាំ គំរាមកាត់ជំនួយដល់ក្រុមហ៊ុនអាមេរិក

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា ប្រធា នាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមកាត់ផ្តាច់ជំនួយដល់ក្រុមហ៊ុនធានា រ៉ាប់រងនៅអាមេរិក លើកលែងតែបណ្តា តំណាងរាស្ត្ររបស់អាមេរិកសម្រេចឲ្យលុប ចោលច្បាប់សុខាភិបាល Obamacare។

លោក ត្រាំ បានបង្ហាញការខកចិត្តយ៉ាង ខ្លាំងដែលព្រឹទ្ធភាអាមេរិកភាគច្រើនជា សមាជិកមកពីគណបក្សសាធារណរដ្ឋ កាន់អំណាច តែមិនអនុញ្ញាតឲ្យលុបចោលច្បាប់សុខាភិបាលរបស់អតីតប្រធានាធិបតីអាមេរិក អូបាម៉ា។ លោក ត្រាំ បានសរ សេរនៅលើបណ្តាញសង្គមរបស់ លោក Twitter ថា«ប្រសិនបើមិនអនុម័តលុប ចោលច្បាប់ Obamacare នោះទេ ប្រាក់ ជំនួយទៅលើក្រុមហ៊ុនធានារ៉ាប់រង និង ក្រុមហ៊ុនជាច្រើនទៀតនឹងត្រូវកាត់ផ្តាច់»។

ប្រធានាធិបតី ត្រាំ បានបង្ហាញការខឹងសម្បាយ៉ាងខ្លាំងដែលសភា និងព្រឹទ្ធភាមិនគាំទ្រឲ្យលុបចោលច្បាប់ Obamacare ។ ចាប់តាំងពីអតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានអនុវត្តច្បាប់ អូបាម៉ា ឃែរ កាលពីឆ្នាំ២០១០ គណបក្សសាធារ ណរដ្ឋក៏បានប្រឆាំងផងដែរ។ ប៉ុន្តែនៅ ពេលនេះបើទោះបីគណបក្សសាធារណរដ្ឋមានសំឡេងភាគច្រើន ទាំងនៅក្នុងព្រឹទ្ធ សភា និងរដ្ឋសភាក៏មិនអាចអនុម័តលុបចោលច្បាប់សុខាភិបាលខាងលើនោះដែរ។

លោក ត្រាំ បានបញ្ជាក់ថា «តំណាង រាស្ត្ររបស់គណបក្សសាធារណរដ្ឋបានបោះបង់នូវអ្វីដែលខ្លួនចង់បាន តែយើង មិនអាចបោះបង់ឡើយ។ ខ្ញុំចង់ឲ្យមានការបោះឆ្នោតជាថ្មីទៀតទៅលើច្បាប់សុខា ភិបាលមុនពេលបង្កើតច្បាប់ថ្មី»។

សូមបញ្ជាក់ផងដែរថា ប្រាក់ជំនួយដល់ក្រុមហ៊ុនធានារ៉ាប់រងមានទឹកប្រាក់ដល់ទៅ៧ពាន់លានដុល្លារអាមេរិកក្នុងមួយ ឆ្នាំៗ ជួយឲ្យពលរដ្ឋអាមេរិកដែលមាន ប្រាក់ចំណូលទាបអាចចំណាយទៅលើ ការថែរក្សាសុខភាពទាបជាងអ្នកដែល មានចំណូលខ្ពស់។

អតីតរដ្ឋាភិបាលអាមេរិកបានអនុវត្ត ផ្តល់ប្រាក់ជំនួយដើម្បីឲ្យពលរដ្ឋអាមេរិក ទទួលបានផលប្រយោជន៍។ ប៉ុន្តែនៅពេល នេះ លោក ត្រាំ ក៏មានសិទ្ធិលុបចោលនូវ ជំនួយទាំងនោះដែរនៅពេលចាំបាច់។ បើ លោក ត្រាំ ធ្វើបែបនេះប្រាកដជាទទួលរងការរិះគន់ប្រឆាំងកាន់តែខ្លាំងឡើងពីពល រដ្ឋអាមេរិកក្នុងពេលដែលសំឡេងគាំទ្រលោក ត្រាំ កាន់តែធ្លាក់ចុះខ្លាំង។

អ្នកវិភាគបានលើកឡើងថា ប្រាក់ ចំណាយទៅលើសង្គ្រាម និងជំនួយក្រៅ ប្រទេសមានយ៉ាងច្រើន ដែលជាប្រាក់បានមកពីការបង់ពន្ធរបស់ពលរដ្ឋអាមេរិក ចំណែកពលរដ្ឋអាមេរិកវិញទទួលបានតិចតួច ហើយបើលោក ត្រាំ លុបចោលជំនួយទៅលើក្រុមហ៊ុនធានារ៉ាប់រងនោះនឹងមានការផ្ទុះបាតុកម្មប្រឆាំងលោក ត្រាំ ជាមិនខាន។

កាលពីថ្ងៃទី២៨ ខែកក្កដា ព្រឹទ្ធសភាក៏ទើបនឹងលុបចោលសំណើបក្សសាធារណរដ្ឋដែលចង់បំបាត់ចោលទាំងស្រុងនូវ ច្បាប់អូបាម៉ាឃែរដែរ។ ៧ឆ្នាំហើយដែល បក្សសាធារណរដ្ឋព្យាយាមលុបចោល គម្រោងច្បាប់អូបាម៉ាឃែរ។ ការណ៍ដែល មិនអាចសម្រេចបំណងនេះ ដោយសារតែសមាជិកបក្សមិនយល់ស្របគ្នា មិនចង់ លុបចោលច្បាប់នេះទាំងស្រុងទេ។ កាល ពីថ្ងៃព្រហស្បតិ៍ ខែកក្កដា កន្លងទៅ ស្ថាប័ន ផ្នែកថវិកាសហព័ន្ធ CBO លើកឡើងថា ប្រសិនបើខ្លឹមសារមួយចំណែកនៃច្បាប់ អូបាម៉ាឃែរត្រូវលុបចោល នោះប្រជាជន អាមរិក១៥លាននាក់នឹងគ្មានការធានា រ៉ាប់រងសុខភាពនៅឆ្នាំ២០១៨ខាងមុខ។

ទាំងនោះគឺជាការបរាជ័យខ្លាំងរបស់លោក ត្រាំ ដោយសារមិនអាចសម្រេច បំណងឲ្យព្រឹទ្ធសភាលុបចោលទាំងស្រុងនូវច្បាប់សុខភាពអូបាម៉ាឃែរ ហើយរឹតតែមិនអាចឲ្យព្រឹទ្ធសភាលុបចោលសូម្បីតែ ខ្លឹមសារមួយចំណែកនៃច្បាប់អូបាម៉ាឃែរដែរ។ ការបោះឆ្នោតបរាជ័យនៅព្រឹទ្ធសភា ដោយសារតែសមាជិកបក្សកាន់អំណាច ៣រូប គឺលោក ចន ម៉ាក់ខេន លោកស្រី ស៊ូសាន ខូលីន និងលោកស្រី លីហ្សា មួរ កូវស្គី បោះឆ្នោតជំទាស់ដូចសមាជិកបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងដែរ។ បក្សកាន់អំណាចមានសំឡេងភាគច្រើន៥២សំឡេងក្នុងព្រឹទ្ធសភា ប៉ុន្តែដោយសារ ៣សំឡេងបានប្រឆាំង ដូច្នេះសល់សំឡេង ត្រឹម៤៩សំឡេងមិនគ្រប់គ្រាន់នឹងអនុម័តសំណើច្បាប់ទេ ទាល់តែមាន៥០សំឡេងទើបអាចអនុម័តច្បាប់មួយបាន៕ ម៉ែវ សាធី


ចែករំលែក៖