កាលពីជាង៥ទស្សវត្សមុន មនុស្សមួយចំនួនមានអបិយជំនឿអំពី«ប្រមាត់ប្រមង់» ចាប់ មនុស្សយកទៅវះពោះយកប្រមាត់ វះពោះយកគ្រលៀន ឬយកទៅបោះចូលក្នុងគ្រិះសំណង់អ្វីមួយ ជាពិសេសសំណង់ស្ពានធំៗ ដែលគេជឿថាធ្វើឲ្យព្រលឹងអ្នកដែលស្លាប់ទាំងនេះនៅថែរក្សាសំណង់ ឬស្ពានជាអមតៈ ។
ជំនឿទាំងនេះបានចាក់ឫសគល់ឲ្យក្មេងៗសម័យនោះមានការភិតភ័យ មិនហ៊ានដើរចោលផ្ទះសម្បែង និងបានព្យាយាមនៅតែជិតៗមនុស្សចាស់ ជួយធ្វើការងារក្នុងផ្ទះ ងាយស្រួលគាត់ប្រើហុចនេះហុចនោះ ជាពិសេសនៅក្នុងផ្ទះសិក្សារៀនសូត្រយកចំណេះដឹងនៅក្នុងផ្ទះ ជាជាងដើរលេងនៅខាងក្រៅអត់ប្រយោជន៍។
ពាក្យថា«ប្រមាត់ប្រមង់» ពីរម៉ាត់នេះ ពិតជាមានប្រយោជន៍សម្រាប់មនុស្សចាស់ ដើម្បី និយាយកម្លាក្មេងៗ កុំឲ្យដើរតែម្នាក់ឯង ឬដើរឆ្ងាយគ្មានដំណឹង ពោលគឺចង់ធ្វើយ៉ាងណាចងជើងពួកគេកុំឲ្យចាកឆ្ងាយពីផ្ទះ នាំឲ្យអាណាព្យាបាលព្រួយបារម្ភ ។ ការនិយាយកម្លាចរបស់មនុស្សចាស់នាសម័យនោះពិតជាមានឥទ្ធិពលមែន ព្រោះគ្រាន់តែពួក គាត់ពន្យោះថា មានប្រមាត់ ប្រមង់ ធ្វើឲ្យក្មេងៗភ័យញ័រខ្លួនរត់ចូលផ្ទះអស់ ។
បើតាមនាយជាលចាំ ដោយសារឥទ្ធិពល ប្រមាត់ប្រមង់ នេះ នៅទសវត្សឆ្នាំ៧០ ក៏មាន ផលិតកម្មភាពយន្តមួយ បានផលិតរឿង ប្រមាត់ប្រមង់ ឲ្យស្តែងឃើញនឹងភ្នែកពីសកម្មភាព ក្រុមប្រមាត់ប្រមង់វះពោះមនុស្សឆៅមិនញញើតដើម្បីយកប្រមាត់និងរឹតតែធ្វើឲ្យក្មេងព្រឺព្រួច ខ្លាំងឡើងថែមទៀត ។
ចុះក្រឡេកមកមើលសម័យវីទ្យាសាស្រ្តជឿនលឿន សម័យកំព្យួទរ័នេះវិញតើនៅកម្ពុជាយើងយ៉ាងណាដែរ ? តើមានប្រមាត់ប្រមង់ ចាប់ក្មេងវះយកគ្រលៀនមែនដែរទេ? ជាង កន្លះខែមកនេះព័ត៌មានចាប់ក្មេង ហាក់បានក្រើកឡើង រហូតខ្លះបំប៉ោងសភាពការណ៍ ធ្វើឲ្យ មនុស្សមិនទុកចិត្តគ្នា សូម្បីតែមនុស្សឆ្កួត ឬសាច់ញាតិ កាន់ដៃក្មេងសួរលេងសើច ក៏ត្រូវគេចោទថា ក្រុមចាប់ក្មេងយកទៅលក់(ប្រមាត់ប្រមង់)រួចចាប់វាយធ្វើបាបយ៉ាងចាស់ដៃទើបដឹងខុសត្រូវ។ យ៉ាងណាមិញ ព្រោះតែខ្លាចគេចោទថា ជាអ្នកចាប់ក្មេងយកទៅលក់វះយកគ្រលៀនយ៉ាងនេះ មានអ្នកចិត្តបុណ្យខ្លះ លែងហ៊ានធ្វើបុណ្យហើយ ទោះឃើញក្មេងដើរវង្វេងផ្ទះ ឬជួបគ្រោះថ្នាក់អ្វីផ្សេង ចង់ចូលទៅជួយចាប់ដៃសួររកផ្ទះសម្បែង ឪពុកម្តាយក្មេងនៅឯណាដើម្បីជូននាងទៅផ្ទះក៏ដោយ ។
នាយជាលគិតថា ទាំងនេះអាចកើតចេញពីជនឆ្លៀតឱកាសមួយក្តាប់តូចប៉ុណ្ណោះ ដែលបំពុលបរិកាសសង្គមឲ្យវឹកវរ ហើយបើសមត្ថកិច្ចមិនប្រញាប់ទប់ស្កាត់ទេ ពួកគេនឹងធ្វើភ្លៀងផ្គរកាន់តែខ្លាំង និងជះឥទ្ធិពលខ្លាំងដល់រាជរដ្ឋាភិបាលមិនខាន ។ ត្រូវជឿថា មកដល់ពេលនេះសមត្ថកិច្ចនៅមិនទាន់រកឃើញក្រុមចាប់ក្មេងវះយកគ្រលៀនម្នាក់នៅឡើយទេ សូមឈប់បំប៉ោងសភាពការណ៍អាក្រក់បែបនេះទៀតទៅ ៕ នាយជាល