ខេត្តសៀមរាប៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្ត បានចុះប្រតិបត្តិការ បង្រ្កាបករណីជួញដូរសារធាតុញៀនខុសច្បាប់ កាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប រហូតឈានដល់ឃាត់ខ្លួនបានជនសង្ស័យចំនួន ៥នាក់ រួចនាំយកមកសួរនៅការិយាល័យជំនាញ ដើម្បីរៀបចំសំណុំរឿងបញ្ជូនបន្ដ។
លោកវរសេនីយ៍ទោ ថា ដាលុច ប្រធានមន្ទីរយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តសៀមរាបបានប្រាប់ថា ជនសង្ស័យទាំង៥នាក់មាន៖ទី១/ឈ្មោះ ឡាត វ៉ាន់ដា ភេទប្រុស អាយុ៣៨ឆ្នាំមុខរបរជាងសំណង់ មានទីលំនៅភូមិត្រពាំងសេះ សង្កាត់គោចក ក្រុងសៀមរាប (ជួញដូរ) ទី២/ឈ្មោះ រើន សារ៉ន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ បុគ្គលិកសណ្ឋាគារ ផ្នែកទទួលភ្ញៀវ រស់នៅភូមិត្រពាំងសេះ សង្កាត់គោចក ក្រុងសៀមរាប (ជួញដូរ) ទី៣/ឈ្មោះ យឿន សុផៃ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប (ចាត់ចែង) ទី៤/ឈ្មោះ វ៉ាន់ ម៉ានុត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរសិស្ស រស់នៅភូមិត្រពាំងសេះ សង្កាត់គោចក ក្រុងសៀមរាប (ចាត់ចែង) និង ទី៥/ឈ្មោះ ឡៅ អ៊ូ ឃាំង ភេទប្រុស អាយុ ១៧ឆ្នាំ មខុរបរ សិស្សវិទ្យាល័យ១០មករា មានទីលំនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប (ប្រើប្រាស់) ។
ក្រោយពីកម្លាំងជំនាញបានឃាត់ខ្លួន ជនសង្ស័យទាំង៥នាក់ រួមនឹងវត្ថុតាង ដែលដកហូតបាន ម្សៅគ្រឿម ម៉ាទឹកកកចំនួន៦កញ្ចប់ ស្មើនឹង ទម្ងន់ ៨,១៣ ក្រាម, ទូរសព្ទ័ ដៃ ចំនួន ២ គ្រឿង។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបាន កម្លាំងជំនាញ នៃកងរាជអាវុធហត្ថខេត្តរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូង នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ដើម្បីចាត់ការបន្តទៅតាមច្បាប់៕ ប៊ុនរិទ្ធី