ខេត្តពោធិ៍សាត់៖ កម្លាំងមន្រ្តីជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាកាន ប៉ុស្តិ៍រដ្ឋបាលបឹងខ្នារ អាជ្ញាធរភូមិ ឃុំ សហការគ្នាចុះយទ្ធនាការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ក្នុងនោះកម្លាំងឡោមព័ទលំនៅដ្ឋានទុកចោលមួយកន្លែង និងបង្រ្កាបដោយឃាត់ខ្លួនជនសង្ស័យ៤នាក់ ដកហូតនូវវត្ថុតាង និងសម្ភារមួយចំនួនផងដែរ។
ប្រតិបត្តិខាងលើធ្វើឡើងកាលពីវេលាម៉ោង៦ និង៣៥នាទីយប់ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះគ្មានមនុស្សនៅមួយកន្លែងរបស់ឈ្មោះ អុិត ទត ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ ស្ថិតក្នងភូមិ.ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោក វរៈសេនីយ៍ត្រី នាង វុធ អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការឡោមព័ទ្ធលំនៅឋានគ្មានមនុស្សនៅខាងលើ កម្លាំងបង្រ្កាបការប្រើប្រាស់ រក្សាទុក ដោយខុសច្បាប់នូវសាធាតុញៀន ក្នុងនោះកម្លាំងឃាត់ខ្លួនជនសង្ស័យកំពុងប្រព្រិត្តជាក់ស្ដែងចំនួន ៤នាក់ ទី១ ឈ្មោះ ភឿន សុផានិត ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ ទី២ ឈ្មោះ ហេង គឹមហុន ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ ទី៣ ឈ្មោះ ហែម ដារិត ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន អ្នកទាំង ៣នាក់ មានទីលំនៅភូមិ ឃុំបឹងខ្មែរ ស្រុកបាកាន និងទី៤ ឈ្មោះ ហន ហឿន ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិព្រះម្លូរ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោក វរៈសេនីយ៍ត្រី នាង វុធ អធិការនគរបាលបន្តថា ក្នុងកិច្ចប្រតិបត្តិការខាងលើ កម្លាំងដកហូតនូវវត្ថុតាង និងសម្ភាររួមមាន.កេះដែកចំនួន ០១ ក្នុងនោះមានម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន ៣កញ្ចប់ និងកញ្ចប់ប្រើប្រាសរួចនៅមានជាប់សារធាតុញៀមចំនួន ៤កញ្ចប់ផងដែរ កូនថង់ដែលមិនទាន់ប្រើចំនួន ០១ប្រអប់ ស្មើរនឹងចំនួន ៦៣ថង់ ដែកកេះចំនួន ១៥ ប្រដាប់ប្រើប្រាសដូចជា ដប ទុយយោ កន្សែង ក្រដាសអាលុយមីញូម (ជក)ចំនួន ០២កំប្លេ ទូរស័ព្ទដៃចំនួន ៥គ្រឿង ការបូបដៃចំនួន ០៣ ក្នុងការបូបមានលុយខ្មែរចំនួន ១២៥,៥០០រៀល ម៉ូតូចំនួន ០២គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ១០១២ ពាក់ស្លាកលេខ ពោធិសាត់ 1D 2263 និង ០១គ្រឿងទៀតម៉ាក វ៉េវអាល់ហ្វា ពណ៏ខ្មៅ ពាក់ស្លាកលេខ 1B 8736 និងរថយន្តចំនួន ០១គ្រឿងម៉ាក កាមរីឆ្លាម ពណ៏ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L 4004 ក្នុងរថយន្តមាន ដាវចំនួន ០១ដើម ទូរស័ព្ទដៃចំនួន ១២គ្រឿង អត្តសញ្ញាណ្ណប័ណ្ណចំនួន ០៤សន្លឹក និងកាតគ្រីរថយន្តចំនួន០១សន្លឹកផងដែរ។
លោក នាង វុធ អធិការនគរបាលស្រុកបាកសនបន្តទៀតថា ចំពោះជនសង្ស័យទាំងចំនួន៤នាក់ រួមទាំងវត្ថុតាង និងសម្ភារ ជំនាញបាននាំយកមកអធិការដ្ឋាននគរបាលស្រុកបាកានដើម្បីបន្តនីតិវិធី និងបំពេញឯកសារបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការបន្ត។
លោក អធិការនគរបាលបញ្ជាក់បន្ថែមបន្តទៀតថា ក្នុងកិច្ចយុទ្ធនាការប្រយុទ្ធប្រឆាំងបង្រ្កាបករណីគ្រឿងញៀនខាងលើនេះដែរ មេក្លោង៣នាក់បានរត់គេចខ្លួន ប៉ុន្តែបានស្គាល់អត្តសញ្ញាណអស់ហើយដែរ ៕ ប៉ឹម ពិន