ភ្នំពេញៈ លំនៅឋានមួយខ្នង សង់អំពីថ្មក្រោមឈើលើ បានរងការឆាបឆេះខូចខាតអស់ទាំងស្រុង កាលពីវេលាម៉ោង៣រសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ នៅភូមិដីថ្មី សង្កាត់គោឃ្លាង ខណ្ឌសែនសុខ ដែលគ្រោះមហន្តរាយនេះត្រូវបានម្ចាស់ផ្ទះសង្ស័យកូនចៅរបស់ខ្លួនលួចដុតថោយសារស្រវឹងថ្នាំញៀន។
ម្ចាស់ផ្ទះដែលរងគ្រោះដោយអគ្គីភ័យខាងលើឈ្មោះ ឆាយ សុធា ភេទស្រី អាយុ៥៨ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុ ។
បើតាមសំដីរបស់លោកឃ្លាំង សារ៉ា ត្រូវជាកូនប្រសាររបស់ស្ត្រីម្ចាស់ផ្ទះបាននិយាយថា នៅមុនពេលកើតហេតុគាត់បានចេញទៅខាងក្រៅផ្ទះមួយភ្លែតដើម្បីទៅផឹកកាហ្វេ ដោយមានប្អូនថ្លៃប្រុសម្នាក់ឈ្មោះ មាស សីហា នៅផ្ទះជាមួយមិត្តភ័ក្ត្ររបស់វា ប៉ុន្តែខណៈពេលទៅដល់ហាងកាហ្វេមិនទាន់បានផឹកស្រួលផងស្រាប់តែមានគេទូរស័ព្ទប្រាប់ថា ផ្ទះគាត់កំពុងឆាបឆេះ ក៏ត្រឡប់មកវិញភ្លាមៗ ឃើញឆេះមែន ។
នៅពេលនោះប៉ូលិសមូលដ្ឋាននិងលោក ប៉ឹល កុសល អភិបាលខណ្ឌបានដឹកនាំកម្លាំង និងហៅរថយន្តអគ្គីភ័យមកបាញ់ពន្លត់អស់ទឹកចំនួន៥រថយន្ត បាញ់ទប់ស្កាត់មិនឲ្យឆាបឆេះរាលដាលដល់ផ្ទះអ្នកជិតខាងបានជោគជ័យទាំងស្រុងនៅវេលាម៉ោង៣និង៤០នាទី ។
ម្ចាស់បាននិយាយថា មិនមានខូចខាតទ្រព្យសម្បត្តិសំខាន់ច្រើនទេ ក្រៅតែពីផ្ទះទាំងមូលដោយហេតុថា ក្រុមគ្រួសារគាត់បានទិញផ្ទះនៅបុរី តែបានសង្ស័យថា ផ្ទះរបស់គាត់ឆេះនេះដោយសារ ប្អូនថ្លៃឈ្មោះ មាស សីហា ជាអ្នកដុត ព្រោះនៅក្រោយពេលឆេះគេចរត់គេចខ្លួនបាត់អស់ ៕ តុង សីហា