សមត្ថកិច្ចខេត្តត្បូងឃ្មុំកំពុងគ្រប់ទឹកនឹងបទល្មើស ដែលឆ្លងកាត់ភូមិសាស្ត្ររបស់ខ្លួនទៅប្រទេសវៀតណាម ។ បទល្មើសនៃការដឹកជញ្ជូនច្រើនប្រភេទ មានដូចជា ឈើ, ទំនិញគេចពន្ធគ្រប់ប្រភេទ, សត្វ មាន់ ទា… សុទ្ធតែស្ថិតក្រោមក្រសែភ្នែករបស់សមត្ថកិច្ច ដែលយកលុយបានយ៉ាងស្រួល។ យកលុយបានយ៉ាងស្រួលក៏ព្រោះតែវាមិនមែនជាចំណុចចាប់ផ្តើមនៃបទល្មើស ព្រោះវាគ្រាន់តែឆ្លងកាត់។ ដូច្នេះសមត្ថកិច្ចខេត្តត្បូងឃ្មុំសំអាងថា ខេត្តនេះគ្មានបទល្មើស ដូច្នេះ ពួកគេអាចលូកដៃយកលុយពីពួកឈ្មួញបានយ៉ាងស្រួល នៅពេលដែលមានបទល្មើសឆ្លងកាត់។
មានរឿងកំប៉ិកកំប៉ុកជាច្រើន ដែលសមត្ថកិច្ចអាចរកលុយសល់រាប់សិបលានរៀលក្នុងមួយថ្ងៃៗ គ្រាន់តែតាមច្រកព្រំដែនក្នុងស្រុកពញាក្រែក និងស្រុកមេមត់។ មិនបាច់និយាយពីបទល្មើសនៃការដឹកជញ្ជូនឈើ និងទំនិញគេចពន្ធចូលពីប្រទេសវៀតណាមប៉ុណ្ណោះនោះទេ សូម្បីតែបទល្មើសនៃការនាំសត្វជ្រូក មាន់ ទា ដោយគ្មានការត្រួតពិនិត្យ ក៏សមត្ថកិច្ចខេត្តត្បូងឃ្មុំអាចសើមមាត់សើមក សល់ប្រាក់មិនតិចដែរក្នុងមួយថ្ងៃៗ។ នេះជាអ្វីដែលសមត្ថកិច្ចខេត្តដទៃប្រាថ្នាចង់បានមកកាន់ខេត្តត្បូងឃ្មុំ ពីព្រោះមិនសូវឈឺក្បាលនឹងបទល្មើសដោយសារតែវាគ្រាន់តែជាកន្លែងឆ្លងកាត់។
ផ្ទុយទៅវិញ សកម្មភាពចោរលួចចោរប្លន់ បានកើតឡើងបង្កឲ្យប្រជាពលរដ្ឋភ័យព្រួយ ប៉ុន្តែមិនដែលឃើញអាជ្ញាធរខេត្តនេះបង្ក្រាបបានក្តិបចោរម្នាក់ឡើយ។ ផ្ទះអ្នកកាសែតម្នាក់នៅក្នុងស្រុកត្បូងឃ្មុំត្រូវចោរលួចសូម្បីតុអង្គុយហូបបាយ។ ក្រៅពីនោះ បញ្ហាគ្រឿងញៀន ក៏កំពុងអង្រួនតាមមូលដ្ឋានក្នុងខេត្តត្បូងឃ្មុំនេះដែរ។ ពួកអ្នកជួញដូរ និងប្រើប្រាស់គ្រឿងញៀនធ្វើសកម្មភាពក្បែរច្រមុះសមត្ថកិច្ច ក៏ព្រោះតែសមត្ថកិច្ចមិនសូវមានជំនាញរឿងបង្ក្រាបបទល្មើសចោរលួចចោរឆក់ គ្រឿងញៀន ប៉ុន្តែមានជំនាញខាងបទល្មើសឆ្លងដែន(សេដ្ឋកិច្ច)។
ប្រភពបានឲ្យដឹងថា ករណីដែលសមត្ថកិច្ចខេត្តត្បូងឃ្មុំមានជំនាញខាងយកលុយពីបទល្មើសឆ្លងកាត់នោះ ក៏ព្រោះតែមេៗខាងសមត្ថកិច្ចមានជំនាញតែរឿងហ្នឹង រីឯរឿងចាប់ចោរមិនសូវមានជំនាញទេ។ ជាងនេះទៅទៀត ការទទួលបានផលប្រយោជន៍ពីបទល្មើសឆ្លងដែន ក៏ស្ងាត់ស្ងៀមជាងបណ្តាខេត្តផ្សេងទៀតផងដែរ។ ហេតុដូច្នេះហើយ បានជានរណាក៏ប្រាថ្នាតំណែងនៅខេត្តត្បូងឃ្មុំនេះដែរ៕