ខេត្តតាកែវ៖ ជនសង្ស័យជាមុខសញ្ញាជួញដូរ និងប្រើប្រាស់ថ្នាំញៀន៨ នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង៤ ស្ថិតនៅភូមិប្រស៊ូង ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។
យោងតាមរបាយការណ៍របស់នគរបាលស្រុកត្រាំកក់បានឲ្យបង្ហាញថា ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សុខ សំណាងស្នងការនគរបាលខេត្ត និងដោយមានការសម្របសម្រួលលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការណ៍ជាមួយនគរបាលប៉ុស្ដិ៍រដ្ឋបាលតាភេមបានចុះបង្ក្រាបផ្ទះមុខសញ្ញាជួញដូរ និងប្រើប្រាស់សារធាតុញៀន១កន្លែងដែលម្ចាស់ឈ្មោះ ចាប វីរៈ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ។
នៅក្នុងការបង្រ្កាបនេះ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ៨នាក់ទី១.ឈ្មោះ ចាប វីរៈ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ (ជាមុខសញ្ញាជួញដូរ) ទី២.ឈ្មោះ តូច តន់ ភេទស្រី អាយុ២៩ឆ្នាំ (ជាប្រពន្ធម្ចាស់ផ្ទះ) ទី៣.ឈ្មោះ ចាប តឿ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា ទី៤.ឈ្មោះ បេន សារ៉េត ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិតាតឹម ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ទី៥.ឈ្មោះ បេន ចាន់តារា ហៅសល់ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិតាតឹម ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ទី៦.ឈ្មោះ ង៉ែត ថន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ទី៧.ឈ្មោះ សុខ ឃិន ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ និងទី៨.ឈ្មោះ ណុប វន្នី ភេទប្រុស រស់នៅភូមិត្រពាំងទឹក ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។
ក្នុងករណីបង្រ្កាបនោះកម្លាំងជំនាញបានដកហូតថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លា១៣កញ្ចប់ (តូច៧កញ្ចប់ និងធំ៦កញ្ចប់), ម៉ូតូ២គ្រឿង, ទូរស័ព្ទដៃ៣គ្រឿង និងសម្ភារប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។
បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការដើម្បីបន្តនីតិវិធី៕ ភ្នំដា