កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ សភាប្រេស៊ីលបានបោះឆ្នោត មិនគាំទ្រឲ្យលោកប្រធានាធិបតី Michel Temer ត្រូវតុលាការកាត់ទោសពីបទពុករលួយនោះឡើយ។
សមាជិកសភាគណបក្សប្រឆាំងនៅក្នុងសភាជាន់ទាបរបស់ប្រទេសប្រេស៊ីលបានបរាជ័យទទួល មិនទទួលបានសំឡេងភាគច្រើន គឺ២ភាគ៣នោះទេដែលជាតម្រូវការចាំបាច់ដើម្បីបញ្ជូនសំណុំរឿងមួយនេះ ទៅឲ្យតុលាការជាន់ខ្ពស់វិនិច្ឆ័យទោស ។
លោកប្រធានាធិបតី MichelTemer បានស្វាគមន៍ចំពោះលទ្ធផលបោះឆ្នោតពេលនេះយ៉ាងខ្លាំង ដោយលោកបានបញ្ជាក់ថា ជាអំពើ “ច្បាស់លាស់ និងមិនអាចប្រកែកបាន” ។
ប្រធានាធិបតីប្រេស៊ីលរូបនេះ ត្រូវគេចោទប្រកាន់ទទួលសំណូកពីថៅកៃក្រុមហ៊ុនស្ករសដ៏ធំមួយនៅក្នុងប្រទេសប្រេស៊ីលដែលមានឈ្មោះហៅថា JBS នោះ ។ ប៉ុន្តែលោកបានបដិសេធជានិច្ចរាល់ការចោទប្រកាន់ទាំងនោះ។
នៅក្នុងការបោះឆ្នោតសភាទាំង ៥១៣ អាសនៈ មាន២៦៣សំឡេង បោះឆ្នោតមិនគាំទ្រ ទៅនឹងសំណើបញ្ជូនប្រធានាធិបតីទៅជំនុំជម្រះទោសឡើយ ខណៈ២២៧ សំឡេងបានបោះឆ្នោតគាំទ្រ ដែលយ៉ាងហោច ទាល់តែទទួលបានសំឡេង ៣៤២ ទើបគ្រប់គ្រាន់សម្រាប់អនុម័តក្នុងសំណុំរឿងនេះ។
បន្ទាប់ពីការបោះឆ្នោត លោកប្រធានាធិបតី Temer បានថ្លែងថា “ដោយមានការគាំទ្រពីសភាជាន់ទាប ផ្តល់ឱ្យខ្ញុំ, ខ្ញុំនឹងធ្វើកំណែទម្រង់ទាំងអស់ ដែលប្រទេសជាតិត្រូវការ។ ឥឡូវនេះ វាជាពេលវេលាដើម្បីវិនិយោគនៅក្នុងប្រទេសរបស់យើង ហើយប្រទេសប្រេស៊ីល បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាប់ផ្តើមការរីកចម្រើនម្តងទៀត»។
លោកបានប្តេជ្ញាដឹកនាំរហូតដល់បញ្ចប់អាណត្តិរបស់លោកនៅខែធ្នូ ឆ្នាំ ២០១៨ ។
ការបោះឆ្នោតក្នុងសភានេះដែរពោរពេញដោយបរិយាកាសចលាចល និងការខឹងសម្បារគ្នាទៅវិញទៅមករវាងសមាជិកសភាបក្សកាន់អំណាច នឹងបក្សប្រឆាំង។
ក្រុមសមាជិកសភាខ្លះបានស្រែកយំពីការរំលោភបំពានគ្នា, ការរុញច្រានគ្នាទៅវិញទៅមក ព្រមទាំងបោះក្រដាសប្រាក់ក្លែងក្លាយទៅឱ្យគូប្រជែងពួកគេថែមទៀតផង។
សមាជិកសភាឆ្វេងនិយម លោក Ivan Valente មកពីគណបក្សសង្គមនិយម និងសេរីភាព បានទាមទារឱ្យបណ្តេញលោកប្រធានាធិបតី Temer ចេញពីតំណែង និងរៀបចំការបោះឆ្នោតសារជាថ្មី។ លោកថ្លែងថា ប្រជាជនប្រេស៊ីលមិនត្រូវការ លោកTemer ទេ ។ ពលរដ្ឋប្រេស៊ីលចង់បោះឆ្នោតដោយផ្ទាល់ ។
ការបោះឆ្នោតសភាដែលទន្ទឹងរង់ចាំជាយូរមួយនេះ បានកើតឡើងនូវភាពច្របូកច្របល់ មុនពេលភាគីទាំងពីរចោទប្រកាន់ ពីអំពើពុករលួយនោះ។
សមាជិកសភាគាំទ្ររដ្ឋាភិបាលបានបង្ហាញតុក្កតាអតិផរដែលពណ៌នាអតីតប្រធានាធិបតី លោក Luiz Inacio Lula da Silva ដែលជាអ្នកទោស។ លោកLuiz Inacio Lula da Silva ត្រូវបានតុលាការកាត់ទោសកាលពីខែមុន ឱ្យជាប់ពន្ធនាគាររយៈពេល៩ឆ្នាំនិង៦ខែ និងកំពុងប្រឈមមុខការចោទប្រកាន់ពីបទពុករលួយថែមទៀត។
អតីតប្រធានាធិបតី Luiz Inacio Lula da Silvaបានថ្លែងថា រាល់ការចោទប្រកាន់ទាំងអស់ប្រឆាំងនឹងរូបលោកនោះ គឺជាហេតុផលនយោបាយសុទ្ធសាធ។
អ្នកគាំទ្រប្រធានាធិបតីបច្ចុប្បន្ន បានអះអាងថា ការបណ្តេញ គាត់ (Temer)ចេញពីតំណែង នឹងធ្វើឱ្យមានអស្ថិរភាព និងខូចខាតសេដ្ឋកិច្ចរបស់ប្រទេសប្រេស៊ីលទាំងមូល។
លោក Luiz Claudio មកពីគណបក្សសាធារណរដ្ឋ ស្តាំនិយម បានថ្លែងថា “ខ្ញុំពេញចិត្តនឹងការស៊ើបអង្កេតទាំងអស់ ប៉ុន្តែពេលនេះ យើងកំពុងរស់នៅក្នុងភាពទន់ខ្សោយហើយយើងត្រូវការការងើបឡើងវិញចំពោះសេដ្ឋកិច្ចរបស់យើង” ។
លោក Temer បានក្លាយជាប្រធានាធិបតី កាលពីឆ្នាំមុន ជំនួសលោកស្រី Dilma Rousseff ដែលត្រូវបោះឆ្នោតបណ្តេញចេញពីតំណែង។ លោកស្រី Dilma Rousseff ត្រូវបានគេរកឃើញថា មានកំហុសឆ្គងចំពោះការរំខានដល់គណនីរបស់រដ្ឋាភិបាលដើម្បីបិទបាំងនូវឱនភាពដែលកំពុងកើនឡើង មុនពេលការបោះឆ្នោតជ្រើសរើសលោកស្រីឲ្យធ្វើជាប្រធានាធិបតីប្រេស៊ីលជាថ្មីនៅក្នុងឆ្នាំ ២០១៤នោះ៕ ម៉ែវ សាធី