ខេត្តកំពង់ឆ្នាំង៖ រថយន្តដឹកឈើប្រណីតមួយគ្រឿងត្រូវបានសមត្ថកិច្ចចម្រុះ ស្ទាក់ចាប់បានបន្ទាប់រថយន្តដឹកឈើនេះ បានចេញពីស្រុកទឹកផុសឆ្លងកាកត់ ផ្លូវជាតិលេខ៥។
ហេតុការណ៍ចាប់រថយន្តដឹកឈើប្រណីតនេះ គឺធ្វើឡើងកាលពីវេលា១០និង១៥នាទីយប់ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ក្នុងភូមិសាស្ត្រឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានអោយដឹងថា រថយន្តដឹកឈើប្រណីតដែលសមត្ថកិច្ចចាប់បាននេះ ជាប្រភេទរថយន្ត១៥កៅអីពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២B-២៦៣៨ដឹកឈើប្រណីតជាប្រភេទឈើធ្នង់។
សមត្ថកិច្ចបានអោយដឹងថាឈើប្រណីតនេះបានដឹកចេញពីខេត្តពោធិសាត់ មកតាមផ្លូវស្រុកទឹកផុសមកចេញត្រង់ឃុំទឹកហូត ស្រុករលាប្អៀរ ចេញទៅភ្នំពេញ ក្រោយពីសមត្ថកិច្ចបានដឹងច្បាស់ ពីការដឹករបស់ឈ្មួញឈើនេះ កម្លាំងចម្រុះបានដាក់កម្លាំងពួនស្ទាក់ចាប់បាននៅឃុំទឹកហូត ស្រុករលាប្អៀរតែម្តង ។
ក្រោយពីការចាប់បានអ្នកបើកបររថយន្តដឹកឈើបានរត់គេច ចំណែកឯរថយន្តនឹងឈើត្រូវបានសមត្ថកិច្ចយកមរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំង ។ ឈើនៅក្នុងរថយន្តនេះជាប្រភេទឈើធ្នង់ មានចំនួន៥២០ដុំ ស្មើនិង២,២៣៨ម៉ែត្រគូប ។
ប្រភពផ្សេងមួយទៀតបានអោយដឹងថា ឈើប្រណិតដែលសមត្ថកិច្ចចាប់បាននេះ មានម្ចាស់ជាមន្រ្តីយោធាស្រុកទឹកផុស ដែលឈ្មួញឈើម្នាក់នេះ បានរកស៊ីបទល្មើសព្រៃឈើរាប់ឆ្នាំមកហើយ ប៉ុន្តែមិនដែលឃើញសមត្ថកិច្ចណាព័ទ្ធចាប់បានទេ បើទោះបីគេដឹងថា មានសមត្ថកិច្ចស្ទើរគ្រប់ទីកន្លែង បានដាក់រថយន្តតាមផ្លូវចាប់ប្រដេញស្ទាក់ចាប់នោះក៍ដោយចុះ ។ កាលដែលមិនឃាត់នាពេលកន្លងមកត្រូវបានគេសង្ស័យថា ក្រុមឈ្មួញរកស៊ីបទល្មើសព្រៃឈើ និង សមត្ថកិច្ចទាំងនោះត្រូវដងត្រូវផ្លែ ទើបឈ្មួញអាចរកស៊ីបានដោយរលូនបែបនេះ ។
ប្រភពបានអោយដឹងថា នៅតាមផ្លូវជាតិលេខ៥ ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង មានរថយន្តទំនើបៗ បានដឹកឈើឆ្លងកាត់ស្ទើររាល់យប់ទៅហើយ ប៉ុន្តែពុំដែលឃើញសមត្ថកិច្ចឃាត់បានអ្នកបើកបរ ឬ ឈ្មួញនោះទេ បើចាប់បានលុះត្រាតែរថយន្តដឹកឈើក្រឡាប់ ឬក៍មិនបានបង់លុយអោយទើបនាំគ្នាដេញចាប់ប្រថាប់ប្រភេញតែម្តង ។
ប្រជាពលរដ្ឋកំពុងរង់ចាំមើលថា តើសមត្ថកិច្ច និង អាជ្ញាធរខេត្តនិងចាត់វិធានការបែបណាជាមួយនិងករណីបទល្មើសព្រៃឈើនេះ ដើម្បីធានាអោយបាននូវការលុបបំបាត់ បទល្មើសព្រៃឈើនេះ ៕ ចន្ថា