ឥណ្ឌា៖ ភ្លេងជាតិ និងទង់ជាតិគឺជានិមត្តរូបតំណាងឲ្យជាតិសាសន៍កម្ពុជា ត្រូវបានបង្ហូតឡើងនៅលើទឹកដីប្រទេសមហាអំណាច របស់ពិភពលោក ដើម្បីបំពាក់មេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធិ ជូនដល់អត្តពលិក កីឡាវ៉ូវីណាមកម្ពុជា នៅចំពោះមុខអត្តពលិកមកពីបណ្តាប្រទេសចំនួន២១ផ្សេងទៀត ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោក លើកទី៥ នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា កាលពីល្ងាច ថៃ្ងទី៤ ខែសីហា ឆ្នាំ២០១៧ កន្លងទៅ ។
លោក រស់ មុនិន្ទ អនុប្រធានទី២សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានឲ្យដឹងថា សម្រាប់ថៃ្ងទី២នៃ ព្រឹត្តិការណ៍ប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោកនេះ កីឡាករ កីឡាការិនីកម្ពុជាដណ្តើមបានមេដាយចំនួន៦គ្រឿងបន្ថែមទៀត ក្នុងនោះមេដាយមាស១គ្រឿង មេដាយប្រាក់២គ្រឿង និងសំរឹទ្ធិ៣គ្រឿង។
លោកបន្តថា មេដាយមាសរកបានលើវិញ្ញាសា សម្តែងចម្រុះ បុរស៣នាក់ និងនារី ម្នាក់ ប្រើអាវុធ មេដាយប្រាក់២គ្រឿងរកបានលើវិញ្ញាសា សម្តែងមេញគុនដានារី២នាក់ និងវិញ្ញាសាប្រយុទ្ធនារីទម្ងន់៦៥គីឡូក្រាម រីឯមេដាយសំរឹទ្ធិ៣គ្រឿងរកបានលើវិញ្ញាសាសម្តែង មេគុនដាវឯក្តជននារី មេដាយសំរឹទ្ធិ មេគុណកំបិទធំបុរស២នាក់ មេដាយសំរឹទ្ធិ និងវិញ្ញាសម្តែង បុរស៤នាក់ប្រើអាវុធ មេដាយសំរឹទ្ធិ។
គួររំលឹកថា រយៈពេល២ថ្ងៃនេះ អត្តពលិកកីឡាវ៉ូវីណាមកម្ពុជា ដណ្តើមបានមេដាយសរុប ចំនួន ១៧គ្រឿង ក្នុងនោះ មេដាយ មាស ៣គ្រឿង មេដាយប្រាក់៧គ្រឿងនិង មេដាយសំរឹទ្ធិ ៧គ្រឿង៕ សារីម