ព័ត៌មានទាន់ហេតុការណ៍៖

ផលិតកម្មដំណាំចេកនៅខេត្តព្រះវិហារអាចរកចំណូលបាន7,157,000 ទៅ 8,946,250 ដុល្លារក្នុង១ឆ្នាំ

ចែករំលែក៖

ខេត្តព្រះវិហារ៖ នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ លោកបណ្ឌិត ហ៊ាន វណ្ណហន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានដឹកនាំនាយកដ្ឋានជំនាញ ដោយសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារចុះពិនិត្យស្ថានភាពដាំដុះដំណាំចេក នៅភូមិសាម៉ូវ សង្កាត់ប៉ាហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

ក្នុងនោះដែរ ប្រតិភូបានកោតសសើរ និងជម្រុញឱ្យបន្តការដាំបន្តទៀត បើទោះជាមានជនអគតិមួយចំនួនតូចបានបំពុលព័ត៌មានសង្គម (វប្បធម៌លាបពណ៌ដ៏ស្មោគគ្រោក)ដោយបង្ហោះសកម្មភាពកាប់បំផ្លាញចោលផ្លែចេក និងចោទថា តម្លៃចុះទាប នេះវាបង្ហាញពីសកម្មភាពឆោតល្ងង់បំផុត ដែលយើងក៏អាចសន្និដ្ឋានថា ជាសកម្មភាពលួចបំផ្លាញចេកចោលរបស់កម្មករក៏ថាបាន។

ជាការពិតតម្លៃចេកឡើងចុះតាមរដូវកាល តាមព័ត៌មានផ្តល់ជូនដោយកសិករដាំចេកឈ្មោះ ឌី សុខខឿន និងជាប្រធានសហគមន៍កសិកម្មអូរក្លែងព័ណ បានបញ្ជាក់ជូនថា តម្លៃចេកទាបបំផុត៥០០រៀលក្នុងមួយស្និត និងខ្ពស់តម្លៃ១១០០ទៅ១៣០០រៀលក្នុង១ស្និត ដែលអាចរកចំណូលបានពី១០០០ទៅ១២៥០ដុល្លារ ក្នុង១ហិកតារៀងរាល់ឆ្នាំ (ដោយមិនគិតបញ្ចូលពីការលក់ត្រយូងចេក)ផង។

ដូច្នេះបើយោងតាមទិន្នន័យបង្កបង្កើនផលត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ផលិតកម្មដំណាំចេកទូទាំងខេត្តអនុវត្តបានចំនួន 7, 157ហិកតា ដែលអាចឱ្យខេត្តនេះរកចំណូលបានពី 7,157,000 ទៅ 8,946,250 ដុល្លារក្នុងមួយឆ្នាំ និងប្រាក់ចំណូលឈ្មួញកណ្ដាលទទួលទិញនៅក្នុងខេត្ត ដែលថវិកាទាំងអស់នេះរួមចំណែកយ៉ាងខ្លាំងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចខេត្តនេះផងដែរ។

តមកលោកបណ្ឌិតបាន បន្តចុះពិនិត្យ ការដាំដុះដំណាំត្រសក់ទ្រើងរបស់កសិករ ឈ្មេះ សុខ កុសល់ នៅក្នុងភូមិ ការដាំដុះតាមបច្ចេកទេស មាន ក្រាលកៅស៊ូផ្លាស្ទិកគ្របដី និងប្រើប្រាស់ប្រព័ន្ធដំណក់ទឹកស្រោចស្រប់ ជាដើម ៕ វណ្ណៈ


ចែករំលែក៖