ភ្នំពេញ៖ កម្ពុជាបានឈ្នះមេដាយសរុបរហូតដល់ទៅ២២គ្រឿង (មាស៤ ប្រាក់៩ និងសំរឹទ្ធ៩) បានធ្វើឲ្យអត្តពលិកកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ(៣) ក្នុងចំណោម៤៥ប្រទេសដែលចូលរួមប្រកួតកីឡាវ៉ូវីណាម ជើងឯកពិភពលោក ឆ្នាំ២០១៧ ដែលមានឥណ្ឌាធ្វើម្ចាស់ផ្ទះ។
ការប្រកួតកីឡាវ៉ូវីណាមពិភពលោក(5th World Vovinam Championship 2017) ត្រូវបានបញ្ចប់ជាស្ថាពរហើយនាល្ងាចថ្ងៃសៅរ៍ ទី៥ ខែសីហា ឆ្នាំ២០១៧ នៅទីក្រុង New Delhi ប្រទេសឥណ្ឌា ដែលដំណើរការប្រកួតបានចាប់ផ្តើមកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ ដោយកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៣ ក្រៅពីអាល់ហ្សេរី ជាប់លេខ២ និងម្ចាស់ក្បាច់គុន វៀតណាមជាប់លេខ១។ សូមបញ្ជាក់ផងដែរថា វ៉ូវីណាម គឺជាប្រភេទកីឡាប្រយុទ្ធ ដាល់ ទាត់ ធាក់ ស្រដៀងទៅនឹងកីឡាតេក្វាន់ដូ និងការ៉ាតេដូ ហើយប្រទេសមួយចំនួនពុំមានហាត់កីឡានេះទេ។
សូមថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា រួមទាំងគណៈកម្មាធិការអូឡាំពិកកម្ពុជាដែលបានជួយទំនុកបំរុងទាំងសម្ភារៈហ្វឹកហាត់ និងថវិកាសម្រាប់ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ក្នុងការចូលរួមប្រកួតលើកនេះ ៕