ព័ត៌មានទាន់ហេតុការណ៍៖

អតីតឧបនាយករដ្ឋមន្ត្រី ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងបច្ចុប្បន្នជាប្រធានគណបក្សខ្មែររួបរួមជាតិលោក ញិក ប៊ុនឆៃ ត្រូវបានបញ្ជូនទៅពន្ធនាគារ

ចែករំលែក៖

ភ្នំពេញ៖លោក ញិក ប៊ុនឆៃ អតីតមានងារជាឧបនាយករដ្ឋមន្ត្រីទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជានិងបច្ចុប្បន្នជាប្រធានគណបក្សខ្មែររួបរួមជាតិ ត្រូវបានបញ្ជូនទៅពន្ធនាគារហើយ នៅល្ងាចថ្ងៃទី០៦ ខែសីហានេះ ។ នេះបើតាមការបញ្ជាក់របស់លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

សេចក្ដីថ្លែងការណ៍របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា លោក ញិក ប៊ុនឆៃ អាយុ៥៩ឆ្នាំ ត្រូវបានចោទប្រកាន់ចំនួនពីរបទល្មើស គឺ បទសមគំនិតក្នុងបទផលិតគ្រឿងញៀន និង បទនាំចូលសារធាតុញៀនសម្រាប់ផ្សំគ្រឿងញៀន តាមមាត្រា២៩នៃក្រមព្រហ្មទណ្ឌ មាត្រា៣៨.១ថ្មី ចំណុចទី៤ និង មាត្រា៣២.១ថ្មី ចំណុច៤-ង នៃច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០០៥ ។

លោក ញិក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៣ ខែសីហា ពាក់ព័ន្ធករណីផលិតគ្រឿងញៀន កាលពីឆ្នាំ២០០៧ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់ឲ្យដឹងថា កម្លាំងនគរបាលរាជធានីភ្នំពេញ អនុវត្តតាមដីការបស់តុលាការ ដើម្បីនាំខ្លួនលោក ញិក ប៊ុនឆៃ មកសាកសួរនាំនៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០០៧ នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចំណុចគីឡូម៉ែត្រលេខ៨១-៨២ សមត្ថកិច្ចបានចុះបង្ក្រាបទីតាំង ផលិតគ្រឿង ញៀនដ៏ធំមួយដោយទីតាំងនោះ ត្រូវបានគេដឹងថា ជាកម្មសិទ្ធិរបស់ឈ្មោះ ជា ជុង ដែលគេដឹងថា គឺជាទីប្រឹក្សារបស់លោកឧបនាយករដ្ឋមន្ត្រីញិក ប៊ុនឆៃ ។

ក្នុងនោះសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនបានរកឃើញវត្ថុធាតុដើមសំរាប់ផលិតគ្រឿងញៀនជាច្រើន ហើយគេក៏បានឃើញរថយន្តកាមរីពណ៌សដាក់ស៊ីរ៉ែន ពាក់ស្លាកលេខរដ្ឋ ដែលគេដឹងថា រថយន្តស៊ីរ៉ែននេះគឺសំរាប់បើកនាំមុខក្បួនរថយន្តរបស់លោកឧបនាយករដ្ឋមន្ត្រី ញិក ប៊ុនឆៃ ចតនៅទីនោះដែរ។

តាមសាក្សីដែលជាប្រជាពលរដ្ឋជិតខាង និងកម្មករមើលថែដី គេអះអាងថា ទីតាំងនេះ គឺជាកសិដ្ឋានចិញ្ចឹមគោ ប៉ុន្តែគេឧស្សាហ៏ឃើញលោក ញិក ប៊ុនឆៃ ចេញចូលទីនោះញឹកញាប់ ជាពិសេសជាមួយឈ្មោះ ជា ជុង ដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគារក្នុងបទល្មើសផលិតគ្រឿងញៀននៅទីនោះ រួមជាមួយជនជាតិ ចិន២នាក់ ជនជាតិថៃម្នាក់ ដែលជាអ្នកបច្ចេកទេសក្នុងការលាយថ្នាំសំរាប់ផលិតគ្រឿងញៀន ក្រោមលេសផលិតថ្នាំសំរាប់ធ្វើជីដាំស្មៅឲ្យគោស៊ី៕ចេស្តា


ចែករំលែក៖