ភ្នំពេញ៖ ដើម្បីជំរុញនិងលើកទឹកចិត្ត អត្តពលិកកម្ពុជា មន្ត្រីជាន់ខ្ពស់គណៈកម្មាធធិការជាតិអូឡាំពិកកម្ពុជា បានប្រកាសពីចំនួនប្រាក់រង្វាន់ សម្រាប់ម្ចាស់ជ័យលាភី មេដាយ មាស ប្រាក់ និងមេដាយសំរឹទ្ធិ កីឡាស៊ីហ្គេមលើកទី២៩ ដែលពួកគេនឹងត្រូវចេញដំណើរទៅចូលរួមប្រកួត ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣១ ខែសីហា ខាងមុខ ដោយទទួលបានការគាំទ្រ យ៉ាងខ្លាំងពីសំណាក់ប្រធាន អនុប្រធាន សមាគម ក្លិប គ្រូបង្វឹក កីឡាករ កីឡាការិនី។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រកាសថា សម្រាប់កីឡាករ កីឡាការិនីណាដណ្តើមបានមេដាយ មាស ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩ឆ្នាំនេះ ដែលធ្វើនៅទីក្រុងកូឡាឡាំពូរ ប្រទេសម៉ាឡេស៊ី សម្រាប់វិញ្ញាសាឯក្តជន ទទួលបានថវិកាចំនួន២៤.០០០ដុល្លារ ក្នុងនោះ ទទួលបានពីអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ចំនួន ១ម៉ឺនដុល្លារ, សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្តេចកត្តិព្រឹត្តបណ្ឌិតចំនួន៥ពាន់ដុល្លារ និង ៩ ០០០ ដុល្លារ ពីក្រុមហ៊ុនឯកជនចំនួនពីរ សរុប ២៤ ០០០ ដុល្លារ ។
លោកអគ្គលេខាធិការបន្តថា ចំពោះជ័យលាភី មេដាយប្រាក់ ទទួលបានចំនួន ១៣.៥០០ ដុល្លារ និងមេដាយសំរឹទ្ធិ ទទួលបាន ៧.០០០ ដុល្លារ ។ នេះបើតាមការលើកឡើង កាលពីយប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ ក្នុងពិធីជប់លៀងជូនដំណើរ អត្តពលិកកម្ពុជា ដោយមានការចូលរួម ពីថ្នាក់ ដឹកនាំកីឡា គ្រប់ជាន់ថ្នាក់ កីឡាករ កីឡាការិនី ចំនួន២៤ប្រភេទកីឡា ដែលកម្ពុជាគ្រោងបញ្ជូនឲ្យទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩ខែសីហាឆ្នាំ២០១៧ ។
ក្នុងនោះវិញ្ញាសា ជាក្រុម មេដាយមាស ទទួលបាន ៨. ០០០ ដុល្លារ មេដាយប្រាក់ ទទួលបាន ៥. ០០០ ដុល្លារ មេដាយសំរឹទ្ធ ទទួលបាន ៣. ០០០ ដុល្លារ។ ដោយឡែក កីឡាបាល់ទាត់ បើឈ្នះ១ប្រកួតលើក្រុមណាមួយនោះ ក្រុមហ៊ុនស្រាបៀរអង្គរ ឧបត្ថម្ភថវិកាចំនួន២.០០០ដុល្លារ។
ពាក់ព័ន្ធនិងការប្រកាសចំនួនថវិកាលើកទឹកចិត្ត កីឡាករកីឡាករ សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី២៩នេះ ត្រូវបានលោក វ៉ាត់ ចំរើន អគ្គលេខាធិកា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រាប់ភ្នាក់ងារ កាសែតនិងវេបសាយនគរវត្តតាម សារតេឡេក្រោមដោយខ្លីថា គ្រប់ប្រទេសទាំងអស់ ធ្វើដូចៗគ្នា គឺ “ចិត្តសាស្ត្រកីឡា” ៕ សារីម