ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់រងរបួសធ្ងន់បន្ទាប់ពីបើកម៉ូតូបុកពីក្រោយរថយន្តឈប់ស្ងៀមនៅលើផ្លូវបេតុង

ចែករំលែក៖

ខេត្តកណ្តាលៈ បុរសម្នាក់បានទទួលរងរបួសយ៉ាងធ្ងន់ បន្ទាប់ពីបុរសរូបនេះបើកបរម៉ូតូក្នុងសភាពស្រវឹងជ្រុលទៅបុកគូថរថយន្តធុនធំឈប់ស្ងៀមពេញមួយទំហឹង កាលពីវេលាម៉ោង១៨ និង៣០នាទី ថ្ងៃអាទិត្យ ទី០៦ ខែសីហា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវបេតុងចូលឆ្ពោះទៅចក្រកាត់ដេរយីហោ “ហ្គោហ្វេម” ស្ថិតក្នុងភូមិកំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះរងរបួសធ្ងន់នោះឈ្មោះ លន ជូ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កសិករ មានទីលំនៅក្នុងភូមិកំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1C-4013 ។ ចំណែកឯរថយន្តម៉ាកFUSO ពណ៌ស ពាក់ស្លាកលេខ តាកែវ 3A-1280 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់ ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះខាងលើនេះជិះម៉ូតូក្នុងសភាពស្រវឹងរេចង្កូតពេញផ្លូវ ខណៈជិះដល់ចំណុចខាងលើនេះក៏ជ្រុលចង្កូតទៅបុកគូថរថយន្តពេញមួយទំហឹង បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ។ ក្រោយពីមានហេតុការណ៍កើតឡើងជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹក បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ដោយឡែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ។

សាក្សីបានបញ្ជាក់ថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តខាងលើនេះដឹកអុស​មកឈប់នៅលើផ្លូវបេតុង ដើម្បីរងចាំដឹកអុសចូលទៅក្នុងរោងចក្រ ខណៈនោះក៏ត្រូវជនរងគ្រោះបើកម៉ូតូបុកពេញទំហឹងតែម្តង ។ បច្ចុប្បន្នមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងត្រូវបានបញ្ជូន​ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖