ព័ត៌មានទាន់ហេតុការណ៍៖

ឃាតករំលោភសម្លាប់ប្លន់ទ្រព្យសម្បត្តិនារីវ័យ១៨ឆ្នាំនៅមិនទាន់ចាប់ខ្លួន

ចែករំលែក៖

ខេត្តស្វាយរៀង៖ ឃាតកដែលបានរំលោភសម្លាប់ប្លន់យកទ្រព្យសម្បត្តិនារីវ័យ១៨ឆ្នាំជាបុគ្គលិកកាស៊ីណូនៅក្រុងបាវិត គ្រាដែលនាងត្រឡប់មកពីចូលរួមខួបកំណើតនៅ​គេនៅខេត្តព្រះវិហារ សមត្ថកិច្ចនៅមិនមិនទាន់ចាប់ខ្លូនជនដៃដល់នៅឡើយទេ។

គួរបញ្ជាក់ថា ក្រោយពីមានករណី រំលោភសម្លាប់ប្លន់យកទ្រព្យសម្បតិ្តរបស់ នារីខាងលើនេះ គេបានសង្កេតឃើញប្រព័ន្ធ ផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុកបានបង្ហោះថា ឃាតកដែលបាន រំលោភសម្លាប់នារីរងគ្រោះត្រូវសមត្ថកិច្ច ខេត្តស្វាយរៀងចាប់ខ្លួនបានហើយ ។

ទាក់ទិននឹងព័ត៌មានចាប់ខ្លួនជនដៃដល់នេះ លោក កែវ សុផា នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរ បាលខេត្តស្វាយរៀងបានឲ្យនគរវត្តដឹងនៅព្រឹកថៃ្ងទី៧សីហាថា ជនដៃដល់ដែល បានសម្លាប់នារីរងគ្រោះសមត្ថកិច្ចនៅពុំ ទាន់ចាប់ខ្លួនបាននៅឡើយទេ ។

លោកបញ្ជាក់ថា បណ្តាញផ្សព្វផ្សាយ មួយចំនួននៅភ្នំពេញចុះផ្សាយខុសការពិត បំពុលបរិយាកាសពីព័ត៌មាននៃការចាប់ខ្លួន ជនដៃដល់នេះ ។

គួររំលឹកថា កាលពីរសៀលថៃ្ងទី៤ ខែ សីហា ឆ្នាំ២០១៧ សាកសពនារីវ័យក្មេង ម្នាក់ត្រូវបានគេប្រទះឃើញនៅចំណុចគុម រំចេក ស្ថិតនៅភូមិចុងសំរឹទ្ធ សង្កាត់បាទី ក្រុងបាវិត ដោយសាកសពនារីរងគ្រោះ មានសភាពហើមរលួយខ្លះៗទៅហើយ ដោយសារជនដៃដល់រំលោភសម្លាប់រួចចង សង្កត់ដុំថ្មនៅក្នុងទឹក ។

ពាក់ព័ន្ធនឹងករណីឃាតកម្មនេះលោក កែវ គង់ អធិការនគរបាលក្រុងបាវិតបាន ឲ្យដឹងថា នារីវ័យក្មេងដែលសង្ស័យគេ រំលោភហើយសម្លាប់ចោលឈ្មោះសុវណ្ណ សុខម៉ាលីន អាយុ១៨ឆ្នាំ មុខរបរជាបុគ្គលិក កាស៊ីណូនៅក្រុងបាវិតមានទីលំនៅភូមិ ដូនម៉ៅលើ ឃុំទន្លេបិទ ស្រុក​ត្បូង​​ឃ្មុំ ខេត្ត ត្បូងឃ្មុំ ។

បើតាមសមត្ថកិច្ចនគរបាលការិយា ល័យបច្ចេកទេសនៃស្នងការដ្ឋាននគរ បាលខេត្តបានឲ្យដឹងថា តាមការសន្និដ្ឋានបឋមនារីរងគ្រោះត្រូវឃាតករំលោភរួច សម្លាប់ជាក្រោយដោយយកខ្សែរឹតក ហើយដឹកមកទម្លាក់ចោលនៅចំណុចកើតហេតុខាងលើ។ ឃាតកបានអូសសព ទម្លាក់ក្នុងទឹកហើយយកដុំថ្មសង្កត់ពីលើដើម្បីបំបាត់ភស្តុតាង ប៉ុន្តែដល់ពេលសពហើមទើបអណ្តែតទឹកធើ្វឲ្យពលរដ្ឋនិង ក្មេងឃ្វាលក្របីប្រទះឃើញដែលនៅ ចំណុចកើតហេតុនៅឆ្ងាយពីផ្ទះអ្នកស្រុក ទើបជាឱកាសឧក្រិដ្ឋជនធ្វើសកម្មភាព យ៉ាងងាយ​ស្រួល ។

បើតាមបុរសឈ្មោះប៉ូយ សុវណ្ណ អាយុ​៣៨ឆ្នាំ ជាឪពុកនិងស្ត្រីឈ្មោះ តឿ ស្រី​ឡូត អាយុ៣៥ឆ្នាំ ជាម្តាយនារីរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែកឲ្យដឹងថា កូនស្រី​របស់គាត់ឈ្មោះសុវណ្ណ សុខម៉ា​លីន បានមកធ្វើការងារជាបុគ្គលិកកាស៊ីណូ ហ្គេាដ​ឡាក់ នៅក្រុងបាវិតរយៈពេល១​ឆ្នាំមក​ ហើយកាន់ផ្នែកកាមេរ៉ាសុវត្ថិភាព។ ​មុន​ពេល​កើតហេតុនាងបានទៅចូលរួមខួប​កំណើ​ត​ក្មួយនៅខេត្តព្រះវិហារកាលពី​ថ្ង​ៃ​ទី៣១ ខែកក្កដា ឆ្នាំ២០១៧ ហើយនៅ​ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ នាងបានជិះ​រថ​យន្តពីខេត្តព្រះវិហារមករាជធានីភ្នំពេញ រួចក៏បានជិះរថយន្តតាក់ស៊ីពីចំណតរថ​យន្តផ្សារអូឡាំពិកបន្តមកកាន់ក្រុងបាវិតដើម្បីចូលធ្វើការវិញ។ ប្រភពពីឪពុក​ម្ដាយ​បន្តទៀតថា ពេលធ្វើដំណើរពីភ្នំពេញមក​ក្រុងបាវិតនោះកូនស្រីបាន​ទូរស័ព្ទមក​គាត់​ថា នាង​បានមកដល់ជីភូហើយ តែតាក់​ស៊ី​ចូលដាក់​ម៉ូយតាមច្រកផ្លូវមួយ(កូនស្រីថា​ចូល​ជ្រៅ) ។

មួយម៉ោងក្រោយមកគាត់(ម្តាយ)បានទូរស័ព្ទទៅវិញតែមិនអាចទាក់ទងបានហើយ រហូតដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ​២០១៧រូប គាត់​និង​ក្រុមគ្រួសារក៏បានប្តឹងសមត្ថកិច្ច នគរបាលក្រុងបាវិតតែម្តង ។

ស្ត្រីជាម្តាយបានឲ្យដឹងទៀតថា ជន សង្ស័យបានយកសម្ភារដូចជាកាបូបស្ពាយ ១ ទូរស័ព្ទដៃ១គ្រឿង ប្រាក់​មួយ​ចំនួន និង សម្លៀកបំពាក់មួយចំនួន​ទៀត ។

ក្រោយពីពិនិត្យសាកសពរួចសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារចាត់ចែងធ្វើ បុណ្យតាមប្រពៃណី ។

ករណីនេះសមត្ថកិច្ចនគរបាលខេត្ត ស្វាយរៀងកំពុងបន្តស្រាវជ្រាវដើម្បីស្វែង រកចាប់ខ្លួនជនសង្ស័យយកមកផ្ដន្ទាទោសឲ្យខាងតែបាន ។

បើតាមលោក កែវ សុថា នាយការិយា ល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាន នគរបាលខេត្តស្វាយរៀងបានឲ្យដឹងកាល ពីរសៀលថ្ងៃទី៥ ខែសីហា​ ឆ្នាំ២០១៧ថា ករណីឃាតករំលោភសម្លាប់នារីរងគ្រោះ នៅពុំទាន់មានពន្លឺនៅឡើយទេ។ ករណី នេះសមត្ថកិច្ចជំនាញបាននិងកំពុងបន្ត សើុបអង្កេតរកឃាតកដើម្បីចាប់យកមក ផ្តន្ទាទោសតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖