ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក-ជប៉ុនធ្វើសមយុទ្ធយន្តហោះទម្លាក់គ្រាប់ល្បឿនលឿននៅជិតឧបទ្វិបកូរ៉េ

ចែករំលែក៖

អាមេរិកនិងជប៉ុនចាប់ផ្តើមធ្វើសមយុទ្ធនៅលើអាកាសដោយប្រើប្រាស់យន្តហោះទម្លាក់គ្រាប់ល្បឿនលឿន របស់អាមេរិកនៅលើដែនអាកាសជប៉ុនជិតឧប្បទ្វីបកូរ៉េ។

តាមការប្រកាសរបស់កម្លាំងទាហានការពារដែនអាកាសជប៉ុន ASDFបានឲ្យដឹងថា ការធ្វើសមយុទ្ធរួម រវាងអាមេរិក និងជប៉ុន ត្រូវបានធ្វើឡើង នៅ តំបន់ភាគខាងត្បូង កោះ Kyushu ដោយមានការចូលរួមពីយន្តហោះទម្លាក់គ្រាប់បែក យុទ្ធសាស្ត្រ ២គ្រឿងរបស់អាមរិក B-1B និងយន្តហោះចម្បាំង F-2 របស់ជប៉ុន។

កម្លាំង ASDF បានប្រកាសថាយន្តហោះទម្លាក់គ្រាប់២គ្រឿង ប្រភេទ B-1B Lancer ដែលអាមេរិកបានបញ្ជូនទៅកាន់ជប៉ុនកាលពីខែមុន ហើយបានចូលរួមធ្វើសមយុទ្ធ ជាមួយកូរ៉េខាងត្បូង ដើម្បីត្រៀមលក្ខណទុបទល់ និង កូរ៉េខាងជើង។

សកម្មភាពខាងលើរបស់អាមេរិកកើតឡើង ក្នុងពេលដែល សារព័ត៌មានរ៉យទ័រ និង យ៉ុនហាប់បានដកស្រងប្រភពព័ត៌មាន ពីសារព័ត៌មានជាតិកូរ៉េខាងជើង KCNA ផ្សាយថា ទីក្រុងព្យុងយ៉ាងកំពុងតែត្រួតពិនិត្យ វាយប្រហារដោយមីស៊ីលទៅលើ កោះ Guam ទឹកដីអាមេរិក នៅ ប៉ាស៊ីហ្វិក ដើម្បីតបតនឹង ការដាក់ទណ្ឌកម្មរបស់ប្រធានាធិបតីដូណាលត្រាំ។

សារព័ត៌មាន KCNA បានដកស្រងសម្តីអ្នកនាំពាក្យកម្លាំងទាហានកូរ៉េខាងជើង បញ្ជាក់ថា គម្រោងវាយប្រហារត្រូវបាន បញ្ចូលមក ការអនុវតន៍ពិត រងចាំការសម្រេចពីមេដឹកនាំ គីមជុងអ៊ុន។ ក្រៅពីនេះកូរ៉េខាងជើង ក៏បានត្រៀមលក្ខណវាយប្រហារ ទីតាំងនានាក្នុងទឹកដីអាមេរិកប្រសិនបើ កូរ៉េខាងជើង រងការវាយប្រហារនោះ។

នៅពេលនេះដែរ ប្រទេសជប៉ុនបានចេញផ្សាយរបាយការណ៍ ការពារជាតិ(សៀវភៅស) White Paper ប្រចាំឆ្នាំរបស់ខ្លួនបន្ទាប់ពីប្រទេសផ្ដាច់ការកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងឆ្លងទ្វីប (ICBMs) ចំនួនពីរលើកកាលពីខែកក្កដាមុននេះ នៅលើគន្លងដ៏ធំមួយនិងទម្លាក់គ្រាប់មីស៊ីលទាំងនោះទៅក្នុងសមុទ្រភាគខាងលិចរបស់ជប៉ុន។

ប្រភពព័ត៌មានពីក្រសួងការពារជាតិជប៉ុនបានឲ្យដឹងទៀតថា ខ្លួនជឿជាក់ថាកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសផ្ដាច់ការកូរ៉េខាងជើងមានការរីកចម្រើនគួរឲ្យកត់សម្គាល់ហើយវាអាចទៅរួចដែលថាកូរ៉េខាងជើង សម្រេចបាននូវការស្ថាបនាអាវុធនុយក្លេអ៊ែរតូចៗ ហើយត្រូវការបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ៕ ម៉ែវ សាធី


ចែករំលែក៖