អតីតមេទ័ពអាមេរិកចូលនិវត្តន៍ លោក TomMcInerney បានព្រមានថា ទិក្រុង វ៉ាស៊ីនតោន អាចកម្ទេចកូរ៉េខាងជើង ក្នុងរយៈពេលតែ១៥នាទីប៉ុណ្ណោះ។
សារព័ត៌មាន Business Insider បានដកស្រង់សម្តីអតីតមន្ត្រីទាហានអាកាសអាមេរិក Tom McInerney បានបញ្ជាក់កាលពីថ្ងៃទី៨ ខែសីហាថា អាមេរិក នឹងលុបកូរ៉េខាងជើងចេញពីផែនទីក្នុងរយៈដ៏ខ្លីបំផុត។ លោកបន្តទៀតថា ក្នុងករណីដែលកូរ៉េខាងជើងបើកការវាយប្រហារអាមេរិក ឬកូរ៉េខាងត្បូងនោះ ទីក្រុងវ៉ាស៊ីនតោននឹងត្រូវកម្ទេចកូរ៉េខាងជើងក្នុងរយៈពេល១៥នាទី មិនឲ្យតដៃរួចឡើយ។
តាមសារព័ត៌មានខាងលើកម្លាំងទាហានអាមេរិកបានត្រៀមលក្ខណៈរួចរាល់ សម្រាប់ការវាយប្រហារដោយកាំជ្រួចមីស៊ីលទៅលើទីតាំងសំខាន់ៗរបស់កូរ៉េខាងជើងគ្រប់ពេលវេលា ។ នៅពេលវាយប្រហារយន្តហោះទម្លាក់គ្រាប់អាមេរិកនឹងទៅដល់ទឹកដីកូរ៉េខាងជើងក្នុងរយៈពេលខ្លីបំផុត ។
នៅពេលដែលមានសង្គ្រាមកើតឡើងប្រទេសនៅក្នុងតំបន់ទាំងមូលប្រាកដជារងផលប៉ះពាល់ធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ចុះនិងវិបត្តិមនុស្សធម៌កើតឡើងនៅតំបន់អាស៊ីជាមិនខាន។
នៅពេលនេះដែរ ក្រុមអ្នកការទូតកំពូលមកពីបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិកបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីការកើនឡើងនៃភាពតានតឹងក្នុងតំបន់ ដែលបង្កឡើងដោយប្រទេសផ្ដាច់ការកូរ៉េខាងជើង និងបានជំរុញឲ្យរបបផ្ដាច់ការមួយនេះ គោរពតាមដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ប្រធានវេទិកាសន្ដិសុខតំបន់អាស៊ាន ក៏បានសម្តែងនូវការគាំទ្រចំពោះការអភិវឌ្ឍអាវុធនុយក្លេអ៊ែរពេញលេញរបស់កូរ៉េខាងជើង និងអាចបង្កហានិភ័យដល់សន្តិភាពដោយសេចក្តីថ្លែងការណ៍នេះ ត្រូវបានចេញផ្សាយមួយថ្ងៃ បន្ទាប់ពីកិច្ចប្រជុំបស់សមាជិករដ្ឋមន្រ្តីការបរទេសទាំង ២៧រូប នៃវេទិកាសន្តិសុខក្នុងតំបន់ដ៏សំខាន់នៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
គួរបញ្ជាក់ថា បណ្ដារដ្ឋមន្រ្តីការបរទេសទាំងអស់ បានព្រមគ្នាសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវិវត្តន៍ថ្មីៗ នៅលើឧបទ្វីបកូរ៉េរួមទាំងការធ្វើតេស្តថ្មីបំផុតរបស់ប្រទេសផ្ដាច់ការកូរ៉េខាងជើង ដែលបាញ់ មីស៊ីលផ្លោងឆ្លងទ្វីប (ICBM) នៅថ្ងៃទី៤ និងថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០១៧ និងការបាញ់មីស៊ីលមុនៗ រួមទាំងការសាកល្បងនុយក្លេអ៊ែរ ចំនួនពីរលើកនៅឆ្នាំ២០១៦ ៕ ម៉ែវ សាធី