ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌមានជ័យ ស្នើឲ្យពលរដ្ឋផ្តល់ព័ត៌មានដោយផ្ទាល់តាមលេខទូរស័ព្ទ និងFacebook

ចែករំលែក៖

ភ្នំពេញ : អភិបាល ខណ្ឌមានជ័យ លោកពេជ្រ កែវមុនី បានស្នើសុំដល់ពលរដ្ឋក្នុងមូលដ្ឋាន ផ្តល់ព័ត៌មានផ្សេងៗ តាមតម្រូវការ មកកាន់លោកតាមប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសបុក ដើម្បីងាយស្រួលលោកឆ្លើយតប ក៏ដូចជាបំពេញនូវតម្រូវការរបស់បងប្អូនបានទាន់ពេល ។ការថ្លែងស្នើរបស់លោកអភិបាល ធ្វើឡើងនាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ក្នុងការចុះពិនិត្យមើល ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋជាង២០០គ្រួសារ ដែលជួបបញ្ហាកង្វះទឹកស្អាតប្រើប្រាស់ ស្ថិតក្នុងភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។

លោកពេជ្រ កែវមុនី បានមានប្រសាសន៍ អោយដឹងថា នាពេលបច្ចុប្បន្ននេះ ប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសបុក គឺជាបណ្តាញទំនាក់ទំនង ក៏ដូចជាផ្តល់ព័ត៌មាន បានយ៉ាងឆាប់រហ័សពីមនុស្សម្នាក់ ទៅកាន់មនុស្សម្នាក់ ។ ដូច្នេះហើយទើបលោក ស្នើអោយបងប្អូនពលរដ្ឋ អាចផ្តល់ព័ត៌មានផ្សេងៗ មកកាន់លោកបានគ្រប់ពេលតាមប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសបុក ទាក់ទងនឹងតម្រូវការ និងបញ្ហាផ្សេងៗ ដែលកំពុងជួបប្រទះប៉ះពាល់ដល់ការរស់នៅរបស់បងប្អូន ជាជាងការទំនាក់ទំនងមកកាន់លោកតាមប្រព័ន្ធទូរស័ព្ទ ព្រោះបច្ចុប្បន្នលោកអភិបាលមានគណនេយ្យ Account ហ្វេសបុកផ្ទាល់ខ្លួនចំនួន២ ជាផ្លូវការណ៍ ដែលមានជំនួយការណ៍របស់លោកចាំទទួលសារពីបងប្អូនពលរដ្ឋគ្រប់ពេលវេលា ។

ក្នុងការចុះពិនិត្យមើល បញ្ហាកង្វះទឹកស្អាតនាព្រឹកថ្ងៃខែដដែល លោកអភិបាលខណ្ឌក៏បានស្នើរដល់បងប្អូនពលរដ្ឋទូទាំងខណ្ឌ មេត្តាមានការយោគយល់ខ្ពស់ជាមួយអាជ្ញាធរ ប្រសិនបើអាជ្ញាធរបំពេញនូវតម្រូវការមិនបានទាន់ពេលវេលាជូនចំពោះបងប្អូន ពិសេសការអភិវឌ្ឍន៍ផ្សេងៗ ដូចជាការដាក់នូវប្រព័ន្ធលូបង្ហូរទឹក បញ្ហាផ្លូវថ្នល់ និងទុក្ខកង្វល់ផ្សេងៗរបស់បងប្អូន ព្រោះការធ្វើអ្វីមួយតែងតែប្រើប្រាស់ពេលវេលាច្រើនសម្រាប់ការដោះស្រាយទៅតាមកាលះទេសះជាក់ស្តែង ។ក្នុងនោះដែលលោកបន្ថែមថា ចំពោះបញ្ហាកង្វះទឹកស្អាតរបស់បងប្អូនទាំងជាង២០០គ្រួសារខាងលើ លោកនឹងដោះស្រាយបំពេញជូនបងប្អូនអោយបានយ៉ាងឆាប់រហ័សបំផុតក្នុងកំឡុងពេល១ខែខាងមុខ ដើម្បីដាក់ជូនបងប្អូនប្រើប្រាស់តាមតម្រូវការផ្សេងៗក្នុងការរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ៕ ហេង សូរិយា


ចែករំលែក៖