ព័ត៌មានទាន់ហេតុការណ៍៖

ខ្ចីម៉ូតូមិត្តភក្តិទៅទិញសាច់ក្លែម ហួសទៅលក់នៅខេត្តព្រៃវែង ប៉ូលីសចាប់បានទាំងអ្នកលក់ និងអ្នកទិញ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានប្រើល្បិចបបួលមិត្តភក្តិផឹកស៊ី ឆ្លៀតសុំខ្ចីម៉ូតូជិះទៅទិញសាច់ក្លែមមួយភ្លែត បែរជាបានយកម៉ូតូគេទៅបាត់រហូត លក់ឲ្យគេនៅឯស្រុកកំណើត លុះ១ខែក្រោយពេលចាយលុយអស់ ត្រូវម្ចាស់(ជនរងគ្រោះ) បានប្រទះឃើញក៏ចាប់ខ្លួនភ្លាមៗ យកមកប្រគល់នគរបាល កាលពីម៉ោង២១ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧ បន្ទាប់ពីបានបាត់កាលពីយប់ថ្ងៃទី៦ ខែកក្កដា ហើយក៏បានស្រាវជ្រាវតាមចាប់ខ្លួនអ្នកទិញផងដែរ។

ជនជាប់ចោទរូបនេះ ឈ្មោះ ហាក់ សុខ អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់ស្នាក់នៅក្នុងការដ្ឋានសំណង់ នៅសង្កាត់ភ្នំពេញថ្មី មានសស្រុកកំណើតនិងទីលំនៅភូមិស្តេច ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងអ្នកទិញ(ទទួលផលចោរកម្ម) ឈ្មោះ អ៊ឹម សាម៉ុល ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅភូមិអន្លង់ចេក ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ជនរងគ្រោះ ឈ្មោះ ទិត្យ សុខុន ភេទប្រុស អាយុ២៦ឆ្នាំ បាននិយាយថា កាលពីយប់ថ្ងៃទី០៦ខែកក្កដា ឆ្នាំ២០១៧ កន្លងមកនេះ ឈ្មោះហាក់ សុខ ធ្វើការងារជាមួយគ្នាបានបបួលគាត់ផឹកស៊ី ក្រោយពីសំរាកពីការងារ បន្តិចក្រោយមកនៅម៉ោង២១យប់ ឈ្មោះ ហាក់ សុខ បានមកសុំខ្ចីម៉ូតូរបស់គាត់(ម៉ាកហុងដា ប្រភេទសង់សេ១២៥ ស៊េរីឆ្នាំ២០១៦ ពាក់ផ្លាកលេខ ភ្នំពេញ1QA .9624 និងមានលេខតួនិងលេខម៉ាស៊ីន9633055)ដោយប្រើល្បិចប្រាប់ថា ទៅរកទិញម្ហូប(សាច់ក្លែម) មួយភ្លែត ពេលនោះគាត់ក៏បានប្រគល់សោរម៉ូតូឲ្យតាមសំណូមពរ ប៉ុន្តែបាត់រហូតជាច្រើនម៉ោងមិនឃើញត្រឡប់មកវិញសោះ។

ប្រភពដដែលបានបន្តថា រង់ចាំមើលផ្លូវ អស់រយះពេល៤ម៉ោងក្រោយ គឺនៅវេលាម៉ោង១រំលងអាធ្រត្រឈានចូលថ្ងៃទី០៧ ទើបគាត់និងបងប្អូននាំគ្នាមកដាក់ពាក្យបណ្តឹងនៅទីស្នាក់ការនគរបាលប៉ុស្ត៍ភ្នំពេញថ្មីដើម្បីឲ្យជួយអន្តរាគមន៍ រកម៉ូតូគាត់ តែគ្មានសង្ឃឹមទេ…។

ក្រោយមកនៅវេលាម៉ោង២១និង៣០នាទីយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧ជនរងគ្រោះនិងក្រុមគ្រួសារបាន បានប្រទះឃើញជនសង្ស័យឈ្មោះ ហាក់ សុខនៅមុខស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ក៏នាំគ្នាឃាត់នាំខ្លួនយកមកប្រគល់ឲ្យប៉ូលិសមូលដ្ឋាន ចាត់ការតាមច្បាប់។

ក្រោយសួរនាំយ៉ាងយូរទើបជនជាប់ចោទរូបនេះបានសារភាពថា ម៉ូតូនេះខ្លួនបានយកទៅលាក់ទុកនៅផ្ទះរបស់ខ្លួននៅឯស្រុកកំណើត នៅភូមិស្តេច ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដោយឲ្យបងប្រុសគាត់ម្នាក់ឈ្មោះ យ៉ាំ ជាអ្នកលក់ឲ្យ។

ក្រោយមកឈ្មោះយ៉ាន់បាននាំឈ្មោះ អ៊ឹម សាម៉ុល មកមើលម៉ូតូនេះ និង បានត្រូវរ៉ូវគ្នាក្នុងតម្លៃ៥០០ដុល្លារ ឬស្មើលុយខ្មែរពីរលានរៀល(២ ០០០ ០០០៛) ប៉ុន្តែមិនមានលុយគ្រប់គ្រាន់ភ្លាមៗទេបានកក់ទុកមុន១០ម៉ឺនរៀល សិន ហើយក្រោយមកទើបផ្តល់លុយចំនួន១ ៥០០ ០០០ រៀល បន្ថែមទៀត នៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ នៅខ្វះ៤០ម៉ឺនរៀលទៀតមិនទាន់ឲ្យ។

ចំពោះលុយដែលអ្នកទិញបានប្រគល់មកឲ្យនោះឈ្មោះយ៉ាំ បានវេរផ្ញើរមកឲ្យខ្លួនតាម វីង ចំនួន១ ៤០០ ០០០៛ ខ្លួនបានយកមកចាយវាយស្ទើរតែអស់ទៅហើយ ក៏ត្រូវបានម្ចាស់ម៉ូតូឃើញដោយចៃដន្យចាប់ខ្លួនប្រគល់ឲ្យប៉ូលិសតែម្តង។

ក្រោយពេលសួរនាំដឹងសាច់រឿងអស់ហើយ ប៉ូលិសក៏បានសុំទំនាក់ទំនងជាមួយនគរបាលស្រុកកំពង់ត្របែក ដើម្បីសហការចាប់ខ្លួនបក្ខពួកគេទាំងនោះ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ ប៉ុន្តែចាប់បានអ្នកទទួលទិញម៉ូតូនេះបានហើយតែ បក្ខពួកម្នាក់ទៀត ឈ្មោះ យ៉ាំ បានរត់គេចខ្លួនបាត់។

ប៉ូលិសបានរឹបអូសយកម៉ូតូនោះមកប្រគល់ឲ្យម្ចាស់ដើមវិញជាជនរងគ្រោះហើយ ជនជាប់ចោទនិងអ្នកទទួលទិញផលចោរកម្ម ត្រូវបញ្ជូនទៅតុលាការ៕ តុង សីហា


ចែករំលែក៖