ខេត្តប៉ៃលិន៖ កាលពីព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ លោកនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពាជាតិ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបទី១៥៤ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ០៨ ឧសភា ឆ្នាំ២០១៧ ក្រោមប្រធានបទ «កាកបាទក្រហមមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា» ដោយនៅក្នុងឱកាសនោះ ក៍មានការអញ្ជើញចូលរួមពីសំណាក់ ព្រះសង្ឃ អ្នកឧកញ្ញា និងថ្នាក់ដឹកនាំ មន្រ្តីរាជការ អ្នកស្ម័ក្រចិត្តកាកបាទក្រហម យុវជនកាកបាទក្រហម យុវជនការឹទ្ធ សិស្សានុសិស្ស អាជីវករ សប្បុរសជន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
លោកស្រី បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានអានសេចក្តីថ្លែងការណ៍ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមានខ្លឹមសារថា៖ សម្តេចសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅប្រកបដោយការកោតសរសើចំពោះ លោក លោកស្រី លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ជាសប្បុរសជន ជាតិ អន្តរជាតិ ដែលតែងតែអញ្ជើញចូលរួមក្នុងអង្គមេទ្ទិញដ៏មានសារៈសំខាន់របស់កាកបាទក្រហមកម្ពុជា និងជានិច្ចកាលបានផ្តល់នូវការគាំទ្រទាំងស្មារតី សម្ភារៈ ថវិកា ដល់កាកបាទក្រហមកម្ពុជា ក៏ដូចតាមបណ្តាសាខាកាកបាទក្រហមកម្ពុជាទូទាំងប្រទេស ទាំងនេះគឺជាការបន្តផ្តល់នូវក្តីសង្ឃឹម និងភាពកក់ក្តៅដល់អ្នករងគ្រោះនិងអ្នកងាយរងគ្រោះទាំងឡាយ ជាពិសេសចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ ជម្ងឺអេដស៍ ស្ត្រីមានផ្ទៃពោះ ដោយប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍គ្រឹះទាំង៧ របស់កាកបាទក្រហម- អឌ្ឍចន្ទក្រហម ដែលនោះគឺជាការគ្រប់គ្រងគ្រោះមហន្តរាយ ការថែទាំ សុខភាព តាមសមាគមន៍ ការលើកកម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្សធម៍ សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងវប្បធម៍អហិង្សា និងការអភិវឌ្ឃស្ថាប័ន – អភិវឌ្ឃន៍ធនធាន ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការ
កាត់បន្ថយភាពក្រីក្រ និងជួយដល់ជនងាយរងគ្រោះ នៅទីគ្រប់កន្លែងគ្រប់កាលៈទេសៈ តាមពាក្យស្លោក ទីណាមានទុកលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និងរួមកម្លាំងគ្នា ដើម្បីមនុស្សធម៍។
លោកនាយឧត្តមសេនីយ៍ អ៊ី ឈាន ប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្នក្រោមការដឹកនាំប្រកបដោយបញ្ញាញាណ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំកសាងអភិវឌ្ឍន៍ប្រទេសជាតិ ដោយកែប្រែកម្រិតជីវភាពរបស់ប្រជាពលរដ្ឋឱ្យមានរីកចំរើន។
លោក បានបន្តថា៖ ជាក់ស្តែងនៅខេត្តប៉ៃលិនយើង គឺមានការរីកចម្រើនលើគ្រប់វិស័យ ដោយបានវិវឌ្ឍឈានឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃគួរជាទីមោទនៈ ជាពិសេសប្រជាពលរដ្ឋយើង កាន់តែមានស្មារតីផុលផុសចូលរួមអភិវឌ្ឍន៍ខេត្ត ក្នុងបរិយាកាសសុខសន្តិភាព ចេះរស់នៅគោរពស្រលាញ់គ្នា សាមគ្គីគ្នា ចេះជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក។ នៅក្នុងឱកាសនោះ លោក អ៊ី ឈាន ក៍បានថ្លែងការកោតសរសើរ ចំពោះសកម្មភាពរបស់សាខាកាកបាទក្រហម ខេត្តប៉ៃលិន ដែលរយៈពេលកន្លងមក តែងតែចុះជួយបានទាន់ពេលវេលា នូវរាល់បញ្ហា និងបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយអនុវត្តន៍តាមការដឹកនាំ និងការចង្អុលបង្ហាញ របស់សម្តេចកិត្តិបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា។ លោក អ៊ី ឈាន បានបញ្ជាក់ថា៖ ថវិកា ដែលជាការចូលរួមឧបត្ថម្ភរបស់សប្បុរសជនទាំងអស់នាពេលនេះ គឺពិតជាបានចូលរួមធ្វើបុណ្យសន្សំកុសលធំណាស់ បើគិតតាមផ្លូវព្រះពុទ្ធសាសនា ពីព្រោះថវិកាទាំងនេះ ត្រូវបានកាកបាទក្រហមកម្ពុជាខេត្ត យកទៅធ្វើសកម្មភាពជួយដល់ប្រជាពលរដ្ឋ ដូចជា ប្រជាពលរដ្ឋទីទាល់ក្រ-ជនរងគ្រោះ និងជនងាយរងគ្រោះ-ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ-កុមារកំព្រា កុមារគរថ្លង់ កុមារខ្សោយសតិបញ្ញា និងជនចាស់ជរាគ្មានទីពឹងជាដើម។
បើតាមរបាយការណ៍របស់ លោក សៅ សារ៉ាត់ អនុប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តបានឱ្យដឹងថា៖ រយ:ពេលកន្លងមក សាខាកាកបាទក្រហមកម្ពុជាខេត្ត បានឆ្លើយតបភ្លាមៗ ចំពោះប្រជាពលរដ្ឋដែលរងគ្រោះចំនួន ៤១៣គ្រួសារ ក្នុងនោះមានប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ខូចខាតធ្ងន់ ចំនួន ៨៦គ្រួសារ ខូចខាតដោយអន្លើៗ ចំនួន ២៤៦គ្រួសារ ជំនន់ទឹកភ្លៀងរយៈពេលខ្លី ចំនួន ៦៦គ្រួសារ និងរន្ទះបាញ់ ចំនួន ៤គ្រួសារ រងគ្រោះដោយអគ្គីភ័យ ចំនួន ៧គ្រួសារ រងគ្រោះដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ ចំនួន ៤គ្រួសារ និងប្រជាពលរដ្ឋជួបប្រទះការខ្វះខាតទីទាល់ក្រ ចំនួន ១,០៤៥គ្រួសារ។
នៅក្នុងមេទ្ទីញអបអរសាទរខួបទី១៥៤ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ០៨ ឧសភា ឆ្នាំ២០១៧ ដែលរៀបចំឡើងដោយសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន គឺមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី លោក លោកស្រី សប្បុរសជន ទាំងក្នុងខេត្ត និងក្រៅខេត្ត សរុបចំនួន ៨០០នាក់ ដោយប្រមូលបានថវិកាសរុបចំនួន ១២៥៧៨៩ដុល្លាអាមេរិក៕ ស សារ៉េត