ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីអាមេរិកគំរាមប្រើប្រាស់កម្លាំងយោធាទៅលើប្រទេសវេណេហ្សុ៊យអេឡា

ចែករំលែក៖

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកអាចនឹងប្រើប្រាស់ កម្លាំងយោធាទៅលើប្រទេសវេណេហ្សុ៊យអេឡា ប្រសិនបើស្ថានភាព អសន្តិសុខនៅក្នុងប្រទេសនេះមិនត្រូវបានដោះស្រាយទេនោះ។

សារព័ត៌មាន the Guardian បានផ្សាយ ថា លោក ត្រាំ បានគំរាមខាងលើនៅថ្ងៃទី ១១ ខែសីហា ជាលើកទី១ អាមេរិកគំរាមទៅលើប្រទេសវេណេហ្សុ៊យអេឡា ក្នុង ពេលដែលទំនាក់ទំនងប្រទេសទាំង២ធា្លក់ចុះ។

ប្រធានាធិបតីអាមេរិកបញ្ជាក់ទៀតថា នៅពេលដែលអស់ជម្រើសវិធីសាស្ត្រតែ មួយគត់គឺប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយនៅពេលចាំបាច់។

ចំណែកប្រទេសវេណេហ្សុ៊យអេឡា វិញ លោក នីខូឡាស ម៉ាឌូរ៉ូ ដែលជាញឹក ញាប់ តែងរិះគន់សហរដ្ឋអាមេរិក។ តាមសេចក្តីរាយការណ៍បានស្នើឲ្យមានការជួបមុខគ្នាផ្ទាល់ ជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ។

យោងតាមប្រភពព័ត៌មាននៅក្នុងសុន្ទរកថាមួយ លោក ម៉ាឌូរ៉ូ បានស្នើឲ្យមានកិច្ចសន្ទនាគ្នាផ្ទាល់ជាមួយនឹងលោក ដូណាល់ ត្រាំ នៅពេលដែលមេដឹកនាំទាំង២នេះ បានជួបគ្នាក្នុងទីក្រុងញូវយ៉កនាខែក្រោយនៅក្នុងពិធីមហាសន្និបាតរបស់អង្គការ សហប្រជាជាតិ។

គួរបញ្ជាក់ផងដែរថា កាលពីសប្ដាហ៍ មុន ក្រសួងរតនាគារសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្ម ប្រឆាំងនឹងប្រធានាធិបតី វេណេហ្សុ៊យអេឡា និងបុគ្គលមួយចំនួនទៀតក្នុងប្រទេសវេណេហ្សុ៊យអេឡា ដើម្បីឆ្លើយតបទៅនឹងការបោះឆ្នោតបង្កើតសភាធម្មនុញ្ញថ្មី ដែលគេចោទថា អាចជួយពង្រីក ដែនអំណាចរបស់ប្រធានាធិបតីលោក ម៉ាឌូរ៉ូ ផ្ទាល់៕ ម៉ែវ សាធី


ចែករំលែក៖