ភ្នំពេញ៖ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ ខណះប្រមាថយ៉ាងធ្ងន់ធ្ងរដល់កងទ័ពជាតិ និងជនជាតិខ្មែរតាមរយះបង្ហោះសាររបស់ខ្លួននៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ កន្លងទៅ។ កម្លាំងសមត្ថកិច្ចចាប់ខ្លួននិងវ៉ៃខ្នោះភ្លាមៗ ស្របពេលលោក សួន សេរីរដ្ឋា កំពុងធ្វើដំណើរពីខេត្តកំពង់ចាម ចូលមករាជធានីភ្នំពេញ ត្រង់ចំណុចស្ពានព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញនារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧។ ក្រោយពីចាប់ខ្លួនវ៉ៃខ្នោះហើយ លោក សួន សេរីរដ្ឋា ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋានន គរបាលរាជធានីភ្នំពេញ និងត្រៀមបញ្ជូនទៅកាន់តុលាការ ដើម្បីសាកសួរនិងបន្តនីតិភ្លាមៗតែម្តង។
លោក សួន សេរីរដ្ឋា បានប្រើពាក្យលើសារបង្ហោះយ៉ាងដូច្នេះថា៖ «ពេលសង្គ្រាមកើតឡើងជាមួយនឹងប្រទេសលាវនោះ លទ្ធផលវាហ្នឹងមិនខុសពីសង្គ្រាមដែលកើតឡើងជាមួយនឹងប្រទេសសៀមទេ ! គឺកូនខ្មែរ កងទ័ពជាតិ នឹងស្លាប់ក្នុងសមរភូមិយ៉ាងវេទនា… ហើយមេទ័ពចោរ នឹងឡើងបុណ្យសក្តិ ប្រមូលបានលុយកាក់ សប្បាយជាមួយស្រីញីយ៉ាងគគ្រឹកគគ្រេង !។ ពីព្រោះកន្លងមកដូចយើងដឹងហើយ សង្គ្រាមដែលកើត ឡើងជាមួយនឹងប្រទេសសៀម គឺស្លាប់តែកូនខ្មែរអ្នកស្នេហាជាតិ ដែលចូលប្រយុទ្ធនៅជួរមុខទេ។ ចំណែកឯពួកមេៗពាក់ផ្កាយ និងកូនលោកធំៗដែលនៅជួរ ក្រោយចេញមុខចេញមាត់នោះ ប្រមូលលុយ ប្រមូលលាភ ហើយដេកតែម៉ាស៊ីនត្រជាក់ជាមួយស្រីកំដរ ក៏ឡើងបុណ្យឡើងផ្កាយដែរ»។
គួររំលឹកថា៖ លទ្ធផលដំណើរទស្សនកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ គឺជាទទួលជោគជ័យ ជាមួយការដកទ័ពយោធាឡាវតាមបញ្ជានាយករដ្ឋមន្ត្រីប្រទេសមួយនេះ បន្ទាប់ពីសម្តេចតេជោចរាចរការទូតក្នុងនាមប្រទេសជាមិត្ត ហើយពលរដ្ឋកម្ពុជាគាំទ្រពីជំហរដ៏រឹងមាំប្រកបដោយគតិបណ្ឌិតសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្វើអោយភាគីឡាវទទួលស្គាល់ពីការដាក់កម្លាំងយោធាប៉ះពាល់ដល់បូរណភាពទឹកដីកម្ពុជា៕