ភ្នំពេញ ៖ បុរសជាប្តីជិះម៉ូតូម៉ាកហុងដាសេ ១២៥ឌុបប្រពន្ធមានផ្ទៃពោះ5ខែមកពីផ្សារទិញខោអាវនៅផ្សារអូរឡាំពិកហើយក៏ត្រូវបុរសម្នាក់បានបើករថយន្តម៉ាកព្រូសមួយគ្រឿងហើយខ្វះការប្រុងប្រយ័ត្ន ក៏បានទៅបុកម៉ូតូខាងលើពេញទំហឹងអូសជាប់ពីក្រោមរថយន្តទៅមុខលែងរួចបណ្ដោយឲ្យ ស្ត្រីមានផ្ទៃពោះ5ខែរងរបួសធ្ងន់។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ៣៧៤កែងនឹងផ្លូវលេខ១៩៩ (កែងសាលាទួលស្វាយព្រៃ) ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូម៉ាក ហុងដា C125 មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DH-0838 ជិះដោយបុរសម្នាក់ និងមានឌុបស្ត្រីមានផ្ទៃពោះ៥ខែជាប្រពន្ធម្នាក់នៅខាងក្រោយផងដែរ នោះបានឌុបគ្នាមកពីទិញខោអាវនៅផ្សារអូឡាំពិកតាមបណ្តោយផ្លូវលេខ១៩៩ ក្នុងទិសដៅពីជើងទីត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្ត ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2S-7141 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវលេខ៣៧៤ក្នុងទិសដៅពីលិចទៅកើត ដោយខ្វះការប្រុងប្រយ័ត្នក៏បានជ្រុលទៅបុកម៉ូតូអូសជាប់ខាងក្រោមបណ្តាលឲ្យស្ត្រីជាប្រពន្ធមានផ្ទៃពោះ5ខែ រងរបួសធ្ងន់ ចំណែកឯបុរសជាប្តីរងរបួសស្រាល ។
ក្រោយពេលកើតហេតុកម្លាំងមានសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់កន្លែងកើតហេតុហើយបានហៅរថយន្តសង្ក្រោះមន្ទីរពេទ្យឯកជន បញ្ជូនយកទៅធ្វើការព្យាបាលភ្លាមៗ ចំណែកឯរថយន្តបង្ក និងម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែងរួចដទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ ៕ ស រស្មី