ភ្នំពេញ៖ ថ្មីៗនេះផ្ទាំងផ្សព្វផ្សាយភាពយន្តរឿង សសរកន្លោងបានឆក់យកអារម្មណ៍ទស្សនិកជនខ្លាំង។ អ្នកគាំទ្រជាច្រើនអន្ទះសារង់ចាំភាពយន្តដ៏ប្លែកភ្នែកមួយនេះ ដែលសូម្បីតែការរចនាផ្ទាំងផ្សព្វផ្សាយ ក៏ធ្វើឲ្យគេជឿជាក់ និងដាក់ក្តីរំពឹងខ្ពស់ថារឿងនេះ អាចនឹងបន្តស្រូបយកអ្នកចូលទស្សនាមិនចាញរឿងទីមួយគឺរឿង”កំណត់ហេតុនាងនាថ”នោះទេ។
ក្រោយប្រកាសរបស់ផលិតកម្មឥន្ទ្រានិម្មិតអំពីការចេញផលិតភាពយន្តខ្នាតធំទី២របស់ខ្លួនរឿង«សសរកន្លោង» កាលពីអំឡុងខែគុម្ភៈបានធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំង។ ជាបន្តបន្ទាប់អ្នកគាំទ្រស្នាដៃផលិតកម្មមួយនេះតែងតែពោលពាក្យចង់ទស្សនាភាពយន្តខាងលើ។ រហូតទស្សនិកជនខ្លះពោលពាក្យថាមិនអាចទ្រាំ និងការរង់ចាំបានទៀតទេ ។ ត្រឹមតែរយៈពេលខ្លីរូបភាពផ្សព្វផ្សាយលើកដំបូងនេះមានអ្នកចុចLike និង Share រាប់ពាន់នាក់។
អ្នកគាំទ្រម្នាក់បានថ្លែងការ គាំទ្រដល់ផលិតករ ដែលមានសមត្ថភាព និងបានជ្រើសរើសតារាក្មេងៗជំនាន់ក្រោយ មិនអោយច្រំដែល ជាមួយនឹងការផលិតប្រកបដោយការច្នៃប្រឌិតខ្ពស់ខុសប្លែកពីរឿងដទៃ។
ចាងហ្វាងផលិតកម្ម អ្នកស្រី ចាន់ណា សុខឃីម បានបញ្ជាក់ថាភាពយន្តនេះជិត បញ្ចប់ការកាត់តទាំងស្រុងហើយ។ ក្រៅពីអារម្មណ៍រំភើបព្រោះលេចចេញការគាំទ្រច្រើន អ្នកស្រីបានថ្លែងការសុំទោសទៅកាន់ទស្សនិកជន ដែលទន្ទឹងរង់ចាំយូរ។ អ្នកស្រីថាព្រោះតែចង់បានភាពយន្តមានគុណភាពអ្នកស្រី និងក្រុមការងារបានខិតខំផលិតយ៉ាងសម្រិតសម្រាំងបំផុតដើម្បីប្រាកដថាទស្សនិកជនពិតជាមិនខកចិត្តពេលចូលទស្សនា។ អ្នកស្រីមិនទាន់កណត់ថ្ងៃចាក់បញ្ចាំងនៅឡើយទេ ប៉ុន្តែអ្នកស្រីលើកឡើងថានឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះហើយ។ អ្នកស្រីថាភាពយន្តថ្មីនេះនឹងឆ្លុះបញ្ចាំងពីការវិវត្តន៍ ថ្មីរបស់ភាពយន្តក្នុងស្រុក និងមានគុណភាពមិនចាញ់ភាពយន្តប្រទេសជិតខាងនោះទេ៕ វឌ្ឍនា