ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ​ផ្តន្ទាទោសក្រុមចោរប្លន់បាញ់សម្លាប់ពីរនាក់ឲ្យជាប់ពន្ធនាគារអស់មួយជីវិត

ចែករំលែក៖

ភ្នំពេញ​៖ សំណុំរឿងបាញ់ប្លន់សម្លាប់យកកាបូបនិងទូរស័ព្ទដៃ បណ្តាលឲ្យយុវជនម្នាក់ស្លាប់និងនារីពីរនាក់រងរបួសធ្ងន់ស្រាល ដែលមានវីដេអូឃ្លីបផ្អើលពេញបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នោះ នៅ​ថ្ងៃទី១៨ ខែសីហា នេះ​ លោក​ ជួន​ សុរាសី​ ប្រធាន​ក្រុម​ជំនុំជម្រះ​សាលាដំបូងរាជធានីភ្នំពេញ​ប្រកាសសាលក្រមផ្តន្ទាទោស ជនជាប់ចោទពីរនាក់ ដាក់ពន្ធនាគារអស់មួយជីវិត និង ពិន័យជាប្រាក់៥លានរៀល ពីបទឃាតកម្មគិតទុកជាមុននិងកាន់កាប់ អាវុធខុសច្បាប់។

ការសម្រេចផ្តន្ទាទោសនេះ បន្ទាប់ពីលោកខាំ សុផារី ជាតំណាងអយ្យការ ធ្វើសេចក្តីសន្និដ្ឋានសូមកែប្រែការចោទប្រកាន់លើជនជាប់ចោទពីបទលួចមានស្ថានទម្ងន់ទោសដោយសារមរណៈភាពជនរងគ្រោះទៅជាបទឃាតកម្មគិតទុកជាមុន វិញ។

ជនជាប់ចោទឈ្មោះអ៊ុំ សួស្ដី អាយុ៣៣ឆ្នាំ និងឈ្មោះ ចាន់ តារារិទ្ធ អាយុ ២៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នៅបន្ទប់ជួលលេខ០០១ ផ្លូវទ្រុងមាន់ ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ជាមួយការឃាត់ខ្លួន សមត្ថកិច្ចដកហូតបាន អាវុធវែងខ្លី ចំនួន៣ដើម (M16កាត់ ចំនួន ១ដើម គ្រាប់ ២៥គ្រាប់, ម៉ាក Bareta ចំនួន ១ដើម គ្រាប់ ១០គ្រាប់, ម៉ាក Herstal ចំនួន ១ដើម គ្រាប់ ៧គ្រាប់), ម៉ូតូ ៣ គ្រឿង វិទ្យុទាក់ទង ៣គ្រឿង, ស្លាកលេខម៉ូតូ ២និងវត្ថុតាងមួយ ចំនួនទៀត។

មូលហេតុដែលនាំអោយមានការឃាត់ ខ្លួននេះគឺកាលពីយប់រំលងអាធា្រតឈានចូលថ្ងៃទី២១ ខែមករាឆ្នាំ២០១៧ពួកគេ២នាក់និងបក្ខ ពួកម្នាក់ទៀតបានធ្វើសកម្មភាព ប្លន់ និងបាញ់ប្រហារក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមវីដេអូឃ្លីបដែលត្រូវបានគេចែកចាយនៅតាមបណ្តាញសង្គមហ្វេសប៊ុក គឺពួកគេ២នាក់បានប្រតាយប្រតប់យកកាបូបហើយបាញ់បុរសម្នាក់ឈ្មោះ ចាន់ សុខជា អាយុ ២៤ ឆ្នាំ ចំនួន៤គ្រាប់ដែលព្យាយាមបើកឡានបុកពួកគេបណ្ដាលឲ្យស្លាប់នៅ ពាក់កណ្ដាលផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យ ខណៈនារី ២ នាក់ទៀតម្នាក់ឈ្មោះ ចាន់ ស្រីប៉ អាយុ ១៨ ឆ្នាំជាប្អូនស្រីបង្កើតជនរងគ្រោះ និង នេត សុធារ័ត្ន អាយុ ២២ ឆ្នាំជាគូដណ្ដឹងជនរងគ្រោះត្រូវបានក្រុមជនសង្ស័យទាត់ធាក់បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល។ ក្នុងអំពើប្លន់នោះក្រុមជនសង្ស័យបានដណ្ដើមយកទូរស័ព្ទដៃ iPhone 6 មួយគ្រឿង និង កាបូបលុយ មួយដែលមានលុយជាង ៣០០ដុល្លារ៕ ចេស្តា


ចែករំលែក៖