ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពាក់មេដាយ និងជូនរង្វាន់លើកទឹកចិត្តដល់កីឡាជនពិការមេដាយមាស

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៨ ខែ សីហា ឆ្នាំ២០១៧  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបំពាក់មេដាយ និងជូនរង្វាន់ដល់ក្រុមកីឡាជនពិការដែលបាន ទទួលមេដាយមាសពីការប្រកួតប៉ារ៉ាឡាំពិកយុវជនជនពិការនៅសាធារណៈរដ្ឋកូរ៉េ និងជួបសំណេះ សំណាលជាមួយប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា ដែលនឹងទៅប្រកួតកីឡាជនពិការអាស៊ានលើកទី៩នៅ ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

ថ្មីៗនេះ កីឡាករជនពិការកម្ពុជាចំនួន ៣រូប បានទៅចូលរួមប្រកួតជើងឯកយុវជនអាស៊ី នៅប្រទេសកូរ៉េ ក្នុងនោះមាន២នាក់ ទទួលបានមេដាយមាស និងសំរិទ្ធ។ នៅក្នុងពិធីសំណាលសំណាលព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ និងអបអរសាទរចំពោះកីឡាករពិការ យ៉ាវ វណ្ណៈ ដែលទទួល បានមេដាយមាស ១គ្រឿង លើវិញ្ញាសារហែលទឹកសេរីចម្ងាយ ៥០ម៉ែត្រ និងកីឡាករពិការ យ៉យ កុសល ជិះរទេះវ័យក្មេងដែលបានឈ្នះមេដាយ សំរឹទ្ធ ១គ្រឿង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់គ្រូបង្វឹក គណកម្មាធិការកីឡាប៉ារ៉ាឡាំពិកកម្ពុជា ក្រសួងអប់រំយុវជន និងកីឡាដែលបានខិតខំប្រឹងប្រែងហ្វឹកហ្វឺនកីឡាករជនពិការយើងរហូតទទួលបាន មេដាយមាស ដែលជាមោទនៈភាពជាតិទាំងមូល។ សម្តេចតេជោ បានជំរុញលើកទឹកចិត្តដល់កីឡាករ កីឡាការិនីទាំងអស់ខិតខំប្រឹងប្រែងដើម្បីជ័យជំនះថ្មីៗថែមទៀត។ សម្តេចតេជោ នៅតែបន្តធ្វើជាប្រធាន កិត្តិយសនៃកីឡាប៉ារ៉ាឡាំពិកកម្ពុជាដើម្បីផ្តល់កម្លាំងចិត្ត និងលើកទឹកចិត្តដល់ជនពិការ។ ទន្ទឹមនឹងនេះ ដែរ សម្តេចតេជោ បានអំពាវនាដល់មហាជនសូមកុំអោយរើសអើង ស្អប់ខ្ពើម និងជេប្រមាថជនពិការ អោយសោះ ព្រោះជនពិការក៏ជាមនុស្សដែរ គ្នាពិការតែរាងកាយទេ តែចិត្តនិងបេះដូងមិនពិការឡើយ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដេរថា ជនពិការក៏មានឱកាសធ្វើជានាយករដ្ឋមន្រ្តីផង ដែរ ដូចជារូប សម្តេច ផ្ទាល់ ដូច្នេះបងប្អូនជនពិការកុំអស់សង្ឃឹមអោយសោះ។

ជាមួយគ្នានោះ សម្តេចតេជោហ៊ុន សែន បានផ្តាំផ្ញើដល់កីឡាករ កីឡាការិនីទាំងអស់មុនទៅចូលរួមប្រកួត កីឡា SEA Games នៅម៉ាឡេស៊ី គឺហាមដាច់ខាតមិនអោយប្រើប្រាស់សារធាតុលើកកកម្លាំង ឬសារ ជាតិគ្រឿងញៀនផ្សេងៗដែលបំផ្លាញសុខភាពខ្លួនឯងផង ហើយធ្វើអោយខូច កិត្តិយសប្រទេសជាតទៀត ផង។ គឺហាមដាច់ខាតទាំងក្នុងពេលប្រកួត និងមិនប្រកួត។ ទន្ទឹមនឹងនេះ គឺត្រូវប្រកួតគោរពអោយបាន ត្រឹមត្រូវតាមក្បូនខ្នាតច្បាប់ប្រភេទកីឡានីមួយៗ។

ដើម្បីលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងរបស់កីឡាកររហូតទទួលបានមេដាយមាស សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភចំពោះកីឡាករ កីឡាការិនី និងគ្រូបង្វឹកទាំងអស់ដែលត្រៀមទៅប្រកួត Sea Game នៅម៉ាឡេស៊ី ចំនួន១០១នាក់ ក្នុងម្នាក់ៗ៥០០ដុល្លារ។ ចំពោះប្រាក់រង្វាន់កីឡាករមេដាយមាស យ៉ាវ វណ្ណៈ គឺទទួលថវិការដ្ឋ ៨០លានរៀល និងថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ១ម៉ឺន ដុល្លារបន្ថែម។ ដោយសារកីឡាករ យ៉ាវ វណ្ណៈ ប្រឈមនឹងបញ្ហាគ្រួសារដែលត្រូវដោះស្រាយបន្ទាន់ រួមទាំងមានជំពាក់ បំណុលធនាគារផងនោះ សម្តេចតេជោ បានឧបត្ថម្ភ៣ម៉ឺនដុល្លារបន្ថែមទៀត។ កីឡាករមេដាយសំរឹទ្ឋ យ៉យ កុសល ទទួលបានថវិការដ្ឋចំនួន ២៤លានរៀល និង ថវិការសម្តេចតេជោ និងសម្តេចកិត្តិ ចំនួន ៣ពាន់ដុល្លារ។ អ្នកគ្រូបង្វឹកកីឡាករក៏ទទួលបានថវិការដ្ឋចំនួន៨០លានរៀល និងថវិកា សម្តេចតេជោ និង សម្តេច កិត្តិចំនួន១ពាន់ដុល្លារ។ គ្រូបង្វឹកជំនួយផ្នែកហែលទឹកទទួលបានថវិការដ្ឋចំនួន ៥៦លានរៀល និងថវិកា សម្តេចតេជោ និងសម្តេចកិត្តិ ១ពាន់ដុល្លារ និងគ្រូបង្វឹកវាយកូនឃ្លី១នាក់ទៀតទួលបានថវិកា រដ្ឋ២៤លាន រៀល និងថវិកាសម្តេចតេជោ និងសម្តេចកិត្តិ ១ពាន់ដុល្លារ ។ រីឯកីឡាករ១រូបដែលបានទៅ ចូលរួមដែរតែមិនបានមេដាយក៏ទទួលបានថវិកាឧបត្ថម្ភពីសម្តេចតេជោ និងសម្តេចកិត្តិ ចំនួន២ពាន់ដុល្លារ ផងដែរ។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញប្រគល់ពានរង្វាន់ដល់កីឡាករមេដាយមាស និង ជូនមេដាយជ័យលាភី និងប្រាក់រង្វាន់ ព្រមទាំងបានថតរូបអនុស្សាវរីយ៍ជាមួយកីឡាករ កីឡាការិនីក្នុង បរិយាកាសរីករាយក្រៃលែង៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ

 


ចែករំលែក៖