ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យពេទ្យអត់សញ្ញាបត្រចាក់ថ្នាំពីរម្ជុលឲ្យអ្នកជំងឺចុកពោះប្រតិកម្មស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀងៈ ពេទ្យសង្ស័យអត់សញ្ញាបត្រម្នាក់បានរត់គេចខ្លួនភ្លាមៗ ខណៈ ដែលចាត់ថ្នាំពីរម្ជុលឲ្យអ្នកជំងឺចុកពោះប្រតិកម្មស្លាប់ក្រោយពីចាក់បាន រយះពេលជិតកន្លះម៉ោងបង្កឲ្យមានការភ្ញាក់ផ្អើលពេញភូមិតែម្ដង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅ ភូមិថ្មី ឃុំដូង ស្រុករមាសហែក។

យោងតាមសមត្ថកិច្ចនគរបាលស្រុករមាសហែកបានឲ្យដឹងថា ជនរងគ្រោះ ដែលស្លាប់មានឈ្មោះ សូ​ សាវ៉ុន ភេទប្រុស អាយុ៤២ ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិថ្មី ឃុំដូង ស្រុករមាសហែក។

រីឯគ្រូពេទ្យសង្ស័យគ្មានសញ្ញាបត្រ ដែលចាក់ថ្នាំឲ្យអ្នកជំងឺស្លាប់មានឈ្មោះប្រាក់​ ភាព ភេទប្រុស អាយុ៣៨ ឆ្នាំមុខរបរ ជាពេទ្យឯកជនមានទីលំនៅក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។

ពាក់ពន្ធ័នឹងករណីនេះ លោកកែររដ្ឋាប្រធានមន្ទីសុខាភិបាលខេត្តស្វាយរៀងបានថ្លែងតាមទូរសព្ទ័ថា ពិតជាមានករណីចាក់ថ្នាំឲ្យអ្នកជំងឺស្លាប់ពិតប្រាកដមែន ក្រោយពីទទួលបានដំណឹងភ្លាម លោកបានចាត់ឲ្យមន្ត្រីជំនាញសុខាភិបាលចុះទៅពិនិត្យនៅកន្លែងកើតហេតុផងដែរ។

លោកបន្តថាចំពោះគ្រូពេទ្យ ដែលបានចាក់ថ្នាំឲ្យស្លាប់មនុស្សនេះគឺសង្ស័យគ្មានសញ្ញាបត្រ ខណៈកំពុងស្រាវជ្រាវបន្ត។

ក្រោយកើតហេតុភ្លាមជនសង្ស័យបាន រត់គេចខ្លួន ខណៈសមត្ថកិច្ចកំពុង ស្រាវជ្រាវតាមរកចាប់ខ្លួនផងដែរ ៕ យឹម សុថាន


ចែករំលែក៖