ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែសីហា ខាងមុខនេះ តុលាការកំពូលនឹងបើកសវនាការរឿងអង្គសេចក្តី សំណុំរឿងលោកស្រីទេព វន្នី និងស្ត្រីបឹងកក់៣ទៀត ពាក់ព័ន្ធបទល្មើស”ប្រមាថអ្នករាជការសាធារណៈនិងបទប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស”។នេះបើតាមការបញ្ជាក់របស់លោកព្រះរាជអាជ្ញា នៅ មុនីជោត អ្នកនាំពាក្យតុលាការកំពូល ។
មន្ត្រីតុលាការ ថ្លែងថា សវនាការនេះដឹកនាំដោយលោក ឃឹម ប៉ុណ្ណ អនុប្រធានតុលាការកំពូល ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោកអគ្គព្រះរាជអាជ្ញារង អ៊ុក គឹមសិទ្ធិ ជាតំណាងមហាអយ្យការ ។
ស្ត្រីទាំង៤នាក់មានឈ្មោះ ទេព វន្នី កំពុងជាប់ពន្ធនាគារ ។ ឈ្មោះ ហេង មុំ អាយុ៤១ឆ្នាំ ឈ្មោះ បូ ឆវី អាយុ៣៧ឆ្នាំ និង ឈ្មោះ គង់ ចន្ថា អាយុ៤៣ឆ្នាំ បច្ចុប្បន្ននៅក្រៅឃុំ ធ្លាប់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍ សម្រេចដូចគ្នាផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់៦ខែ ពីបទ”ប្រមាថអ្នករាជការសាធារណៈនិងបទប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស”ប្រព្រឹត្តនៅចំណុចមុខសាលារាជធានីភ្នំពេញ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១១ តាមមាត្រា៥០២និងមាត្រា៥០៤នៃក្រមព្រហ្មទណ្ឌ ។
តុលាការបានផ្តន្ទាទោសស្ត្រីបឹងកក់ទាំង៤នាក់ បន្ទាប់ពី ពួកគេបានជេរប្រមាថ និង ប្រឆាំង នឹងអាជ្ញាធរសាលារាជធានីភ្នំពេញ កាលពីចុងឆ្នាំ២០១១ ខណៈដែលពួកគេបានដាក់ញត្តិទៅដាក់នៅស្ថាប័ននេះ ដើម្បីសំណូមពរជួយដោះស្រាយបញ្ហាដីធ្លី ។
កន្លងមក ពួកគេ បានបដិសេធដូចគ្នា ថា ពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ស្នើតុលាការលើកលែងការចោទប្រកាន់ដល់ពួកគេ ៕ចេស្តា