ខេត្តកំពង់ធំ៖ មនុស្សចំណាស់៣នាក់បានរងរបួសធ្ងន់និងស្រាល បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៏ ដែលបង្កឡើងដោយរថយន្តយីឌុប ដឹកស្រូវ បើកបុកអ្នកជិះម៉ូតូឌុប ពីក្រោយបណ្តាលដួលបាក់ជើងនិងបោលក្បាលទៅនឹងចិញ្ចើមថ្នល់ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ នៅមុខវត្តទួលវិហារ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។
បើតាមប្រភពពីប្រជាពលរដ្ន នៅក្បែរកន្លែងកើតហេតុបានបញ្ជាក់ថា នៅមុនពេលកើតហេតុគេឃើញ លោកយាយ២នាក់បានជិះម៉ូតូឌុប ចូលទៅស្រោចទឹកដោះគ្រោះ លើករាសី នៅក្នុងវត្តទួលវិហារ ក្រោយពីស្រោចទឹករួចបានជិះម៉ូតូឌុបត្រឡប់មកវិញ ចេញមកដល់ចិញ្ចើមផ្លូវជាតិលេខ០៦ បានប្រហែល៥ម៉ែត្រ ក៏ត្រូវរថយន្តយីឌុប១គ្រឿងដែលជារថយន្ដបង្ក បើកគេចពី រថយន្ត១គ្រឿងទៀត ក្នុងទិសដៅបញ្រ្ចាស ទិសគ្នាក៏រ៉េចង្កូត ក៏ជ្រុលទៅបុកម៉ូតូឌុបទាំង៣នាក់នេះតែម្តង បន្ទាប់មកអ្នកជិតខាង និងតៃកុងឡានបានចេញមកជួយសង្គ្រោះបឋម ទើបសមត្ថកិច្ចមកដល់ បានដឹកអ្នករងគ្រោះតាមរឺម៉ក ទៅសង្គ្រោះនៅមន្ទីរ ពេទ្យបង្អែកតាំងក្រសាំង។
បើតាមសមត្ថកិច្ចបានបន្តថា ជនរងគ្រោះទី១ ឈ្មោះយាយ ផាន អាយុ៧៥ឆ្នាំរស់នៅភូមិត្នោតជុំ ឃុំត្នោតជុំ ស្រុកបារាយណ៏ ខេត្តកំពង់ធំ ទី២ឈ្មោះយាយ ញ៉ឹង អាយុ៧៨ឆ្នាំ រស់នៅភូមិឃុំ ស្រុកជាមួយគ្នា បាក់ជើងឆ្វេង និងទី៣ឈ្មោះ អ៊ុ សែម ភេទប្រុស អាយុ៤៨ឆ្នាំ ជាម្ចាស់ម៉ូតូឌុប រងបួសស្រាល នៅភូមិឃុំជាមួយគ្នា ខេត្តកំពង់ធំ ក្រោយពេលកើកហេតុសមត្ថកិច្ចបានធ្វើការចាស់វែង និងប្រមូលយកវត្ថុតាងបង្ក មានរថយន្តនិងម៉ូតូរងគ្រោះ ត្រូវបានយកទៅរក្សាទុកនៅអធិការនគរបាលស្រុកសន្ទុក រង់ចាំដោះស្រាយពេលក្រោយ៕ ប៊ុនរិទ្ធី