ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូប៉ះជាមួយរថយន្តក្បែរស្ពានអាកាសក្បាលថ្នល់ ខាងម៉ូតូថា ខាងរថយន្តដកកាំភ្លើងគំរាម ចុងក្រោយស្រាប់តែ…

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូទៅប៉ះជាមួយរថយន្តឡិចស៊ីសបន្តិចបន្តួច ស្រាប់តែស្ត្រីម្នាក់ជាភាគីខាងរថយន្តបានចុះកាន់កាំភ្លើងមកសួរភាគីខាងម៉ូតូទាំងរបួសដៃ បណ្ដាលឲ្យភាគីខាងម៉ូតូចោទថា យកមកគំរាម បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅនឹងកន្លែង រួមទាំងសមត្ថកិច្ចមូលដ្ឋានកាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅក្បែរស្ពានអាកាសក្បាលថ្នល់ តាមបណ្ដោយផ្លូវ២៧១ ក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជយ រាជធានីភ្នំពេញ ។

យោងតាមសម្ដីបុរសម្នាក់ជាម្ចាស់ម៉ូតូហង់ដាឌ្រីម ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BW-9252 បានចេញពីផឹកសុីក្នុងហាងមួយកន្លែង ដោយធ្វើដំណើតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីលិចមកកើត ហើយបានប៉ះរថយន្តឡិចស៊ីស GS300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2AG-5545 ដែលបើកស្របគ្នាបណ្ដាលឲ្យធ្លាក់កាងរថយន្តបន្តិចបន្តួច ហើយក៏ធ្វើឲ្យរូបគាត់របួសឈាមដៃបន្តិចបន្តួចផងដែរ ខណៈនោះមានស្ត្រីម្នាក់ដែលជាប្រពន្ឋរបស់អ្នកបើកបររថយន្តឡិចស៊ីស បានចុះពីលើរថយន្ត រួមទាំងកាន់កាំភ្លើងខ្លីមកជាមួយផងដែរ ហើយបានសួរទៅបុរសម្នាក់ជាម្ចាស់ម៉ូតូថា (ស្គាល់ប្ដីគាត់ជាអ្នកណាអត់) ភ្លាមនោះរូបគាត់ក៏មានចិត្តខឹងសម្បារយ៉ាងខ្លាំង និងបានចោទទៅលើភាគីខាងលើរថយន្តថា យកកាំភ្លើងមកគំរាមកំហែង ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរហូតដឹងលឺដល់សមត្ថកិច្ចមញលដ្ឋានចុះមកដល់កន្លែងកើតហេតុ ។

តែបើតាមសម្ដីបុរសម្នាក់ជាម្ចាស់រថយន្តឡិចស៊ីស GS300 បានប្រាប់ឲ្យដឹងដែរថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ប្រពន្ឋរបស់គាត់បានចុះទៅកាន់កាំភ្លើងពិតមែន តែមិនបានផ្ជង់ និងគំរាមកំហែងអ្វីនោះដែរ ។

ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ សមត្ថកិច្ចមូលដ្ឋានដែលទទួលផ្នែកចរាចរណ៍បានចុះមកសម្របសម្រួលភាគីទាំងសងខាងនៅនិងកន្លែងកើតហេតុដែរ ដោយភាគីខាងម៉ូតូចង់ឲ្យភាគីខាងរថយន្តសុំទោស និងចេញថ្លៃរបួសស្នាមចំនួន50$ តែភាគីខាងរថយន្តមិនឲ្យ។ ចុងក្រោយភាគីទាំងសងខាងបានប្រគល់រថយន្ត និងម៉ូតូឲ្យសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅស្នងការនៃការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ


ចែករំលែក៖