ព័ត៌មានទាន់ហេតុការណ៍៖

រវល់ធ្វើអនុរក្សប្រឡងទាំង២នាក់ប្តីប្រពន្ធត្រូវភ្លើងឆេះផ្ទះគ្មានសល់

ចែករំលែក៖

ខេត្តបាត់ដំបង៖ លំនៅឋានមួយខ្នង ដែលសង់អំពីឈើប្រក់ស័ង្កសីរួមជាមួយ នឹងគ្រឿងសង្ហារិមជាច្រើនផងនោះត្រូវបានអគ្គិភ័យលេបត្របាក់គ្មានសល់នៅពេល រំលងអធ្រាត្រដែលគួរឲ្យតក់ស្លុតក្រៃលែង ខណៈដែលម្ចាស់ផ្ទះទាំងប្តីទាំងប្រពន្ធជាប់រវល់ចុះបំពេញបេសកកម្មធ្វើជាអនុរក្សនៅឯទីរួមខេត្តក្នុងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរយៈពេល២ថ្ងៃ ។

រឿងដ៏គួរឲ្យសោកស្តាយនេះបានកើតឡើងកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល៤ទៀបភ្លឺនៅភូមិទួលបាល្ល័ង្ក ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្ត បាត់ដំបងរហូតមានការភ្ញាក់ផ្អើលទាំង សមត្ថកិច្ចក៏ដូចជាប្រជាពលរដ្ឋពេញភូមិមានការអាណិតអាសូរគ្រប់ៗគ្នាដោយសារ តែការឆាបឆេះនេះគឺមិនមានម្ចាស់នៅ ទីនោះឡើយ ។

តាមការអះអាងពីលោក ឆាង វ៉ាន់ឆៃ អធិការនគរបាលស្រុកគាស់ក្រឡបាន បញ្ជាក់ថា ផ្ទះមួយខ្នងដែលត្រូវភ្លើងឆេះ គ្មានសល់នេះសាងសង់ឡើងអំពីឈើដំបូល ស័ង្កសីនិងមានទំហំ៦ម៉ែត្រគុណ៩ម៉ែត្រជា កម្មសិទ្ធិរបស់ឈ្មោះ ជុំ សុភក្តិ អាយុ៣២ ឆ្នាំ និងប្រពន្ធឈ្មោះ ឌិន សារឿត អាយុ ៣១ឆ្នាំ មានមុខរបរជាគ្រូបង្រៀនដូចគ្នា បើទោះបីជាមានអន្តរាគមន៍ពីសំណាក់ រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋានក៏ដោយក៏មិនអាចទប់ស្កាត់បានឡើយ ។

លោកអធិការបានបន្តថា នៅមុនពេល កើតហេតុមួយថ្ងៃទាំង២នាក់ប្តីប្រពន្ធបានចាកចេញពីផ្ទះទៅទីរួមខេត្តបាត់ដំបងដើម្បី ធ្វើអនុរក្សក្នុងការប្រលងយកសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិរយៈពេល២ថ្ងៃស្រាប់ តែមានរឿងហេតុកើតឡើងតែម្តងដោយ ការសន្និដ្ឋានជំហានដំបូងអាចបណ្តាល មកពីការឆ្លងចរន្តអគ្គិសនី ។

ម្ចាស់ផ្ទះបាននិយាយថា ការខូចខាត ទាំងផ្ទះនិងរបស់របរគ្រឿងសង្ហារិមផ្សេងៗ នៅក្នុងផ្ទះដែលត្រូវឆាបឆេះទាំងស្រុងនោះ បើគិតជាទឹកប្រាក់អស់ប្រហែលជាង១ម៉ឺនដុល្លារអាមេរិក ៕ ហេង នរិន្ទ្រ


ចែករំលែក៖