ខេត្តកោះកុង៖ ប្រជាពលរដ្ឋនៅភូមិ ចម្លងគោ ឃុំថ្មស ស្រុកបទុមសាគរ ខេត្ត កោះកុងបានត្អូញត្អែរថា សព្វថ្ងៃផ្លូវលំក្រាល ក្រួសក្រហមឆ្ពោះទៅកាន់ភូមិរបស់ពួកគាត់ ជួបការលំបាកជាខ្លាំង។ មិនត្រឹមតែប៉ុណ្ណេាះ ស្ពានឈើចំនួន៤កន្លែងដែលបច្ចុប្បន្នក៏ដូចជារយៈពេលកន្លងមកអាជ្ញាធរបានដាក់ឲ្យក្មួយលោកមេឃុំយកលុយក៏ត្រូវរងការខូចខាតឆ្លងទៅមកលែងកើតផងដែរ ។
ប្រជាពលរដ្ឋបានលើកឡើងឲ្យដឹងថា ស្ពានឈើទាំង៤កន្លែងខាងលើតម្រូវឲ្យ បង់លុយចំនួន២ពាន់រៀលក្នុងម៉ូតូឆ្លងកាត់មួយគ្រឿង។ រីឯ៤កន្លែងត្រូវបង់ប្រាក់៨ពាន់រៀល តែនៅរដូវវស្សានេះពេលស្ពាន ខូចឆ្លងលែងកើតឥតមានមុខអ្នកចេញមុខមកជួសជុលទេដែលជាប្រការមួយធ្វើឲ្យពួកគាត់មានការមិនសប្បាយចិត្តជាខ្លាំង និង បានសំណូមពរដល់លោកមេឃុំ និងលោក អភិបាលស្រុកដែលអនុញ្ញាតឲ្យមានការយកលុយនោះចេញមុខមកជួសជុលផង ឲ្យពលរដ្ឋបានឆ្លងទៅមក ។
ទាក់ទងនឹងការត្អូញត្អែររបស់ពលរដ្ឋលោក អន ភារៈ អភិបាលស្រុកបទុមសាគរ បានថ្លែងថា ស្ពានឈើទាំង៤កន្លែងខាង លើអាជ្ញាធរមិនបានអនុញ្ញាតឲ្យមេឃុំយកលុយនោះទេ ហើយអាជ្ញាធរក៏ពុំបានទទួល លុយមួយកាក់មួយសេនពីការឆ្លងស្ពាននេះដែរ ៕ ហេង នរិន្ទ្រ