ក្រោយពីខកចិត្តក្នុងការទាក់ទាញកីឡាករខ្សែបម្រើ Philippe Coutinho របស់ក្រុម Liverpool និងខ្សែប្រយុទ្ធស្លាប Osmane Dembele របស់ក្រុម Dortmund មិនបានសម្រេច ក្រុមអ្នកមានបុណ្យ Barcelona បានបង្វែរការចាប់អារម្មណ៍ និងដាក់ទិសដៅ អាទិភាពជាមួយកាត្រៀមកញ្ចប់ទឹកប្រាក់៤០លានយូរ៉ូ លើការនាំយកកីឡា Jean Michael Seri របស់ក្រុម Nice របស់បារាំងវិញ។
ក្រោយពីទិញបានខ្សែបម្រើសញ្ជាតិប្រេស៊ីល Paulinho វ័យ២៩ឆ្នាំពីក្រុម Guangzhou Evergrande ពីលីកកំពូលCSLនៅប្រទេសចិនកាលពីពេលថ្មីៗនេះ ក្រុមជើងឯក Champion League ៥សម័យមួយនេះ នៅតែចង់បានកីឡាករបន្ថែមទៀត ជាពិសេសនៅតំបន់ប្រយុទ្ធស្របពេលដែលកីឡាករ Suarez កំពុងព្យាបាលរបួស ជង្គង់ និង ត្រូវអវត្តមានយ៉ាងតិច១ខែ ហើយក្រុម Barcelona ស្របពេលដែលក្រុមមិនទាន់បានបញ្ជូនភ្នាក់ងារ និងបើកការចរចា លើកិច្ចព្រមព្រៀងផ្ទេរយកកីឡាករវ័យ២៦ឆ្នាំរូបនេះនៅឡើយ។ ខណៈប្រធានក្លិប Nice លោក Jean- Pierre Rivere បានប្រាប់ថា ក្រុមរបស់លោកនឹងពិចារណាសម្រាប់តម្លៃខ្លួនដ៏សមរម្យ ដែលត្រូវបានដាក់ដេញថ្លៃកូនក្រុមរបស់លោក ។
គ្រូបង្វឹកថ្មីរបស់ក្រុមមានបុណ្យ Barcelona លោក Ernesto Valderde នៅតែមិនបោះបង់ចេតនាចង់បានកីឡាករ Philippe Coutinho និង Osmane Dembele ទោះបីជាកំពុងស្ថិតនៅលើផ្លូវត្រៀមចរចានាំយកកីឡាករ Jean Michael Seri សញ្ជាតិកូដឌីវ័ររូបនេះយ៉ាងណាក៏ដោយ។ ពីព្រោះក្រោយការចាកចេញរបស់ ខ្សែប្រយុទ្ធល្បីល្បាញ Neymar ទៅលេងនៅក្រុម Paris Saint Germain ក្រុមរបស់លោកហាក់ដូចជាធ្លាក់ទម្រង់លេង។ ដូច្នេះការនាំយកកីឡាករមួយចំនួនបន្ថែមទៀត គឺជាការចាំបាច់ដែលត្រូវតែធ្វើឲ្យខាងតែបាន មុនទីផ្សារដោះដូរកីឡាករនិងបិទនៅចុងខែសីហានេះ ។
សូមបញ្ជាក់ថា ក្រុម Barcelona បានបាត់បង់ពានច្រើនកាលពីរដូវកាលមុន គឺបានតែពាន១ គត់ (អេស្ប៉ាញCup) ក្រៅពីនេះក្រុមស្តេចស Real Madrid ដណ្តើមយករួមមានលីកកំពូល អេស្ប៉ាញ La Liga, Champion League និងចុងក្រោយនេះអេស្ប៉ាញ Super Cup ក៏ក្រុម Barcelona ចាញ់ក្រុម Real Madridដែរ ដែលជាហេតុធ្វើឲ្យក្លិបត្រូវការកីឡាករដែលមាន សក្តានុពលមកពង្រឹងក្រុមឲ្យខ្លាំងឡើងវិញ ៕ ដេវីត