ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូឡើងលើស្ពានយ៉ាងលឿនរួមទាំងស្រវឹងស្រាផង ក៏រេចង្កូតទៅបុកបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យបណ្ដាលឲ្យដួលសន្លប់ស្ដួកស្ដឹងនៅនិងកន្លែង ។ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯងខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ នៅចំណុចលើស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បុរសរងគ្រោះដែលជិះម៉ូតូស្កុពី ពណ៌ស ពាក់ស្លាកលេខ តាកែវ 1M-7408 ទៅបុកបង្កាន់ដៃស្ពានខាងលើមានឈ្មោះ ទឹម សាត អាយុ២៩ឆ្នាំ រស់នៅភូមិតាតៃ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ ។
បើតាមសម្ដីប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា បុរសរងគ្រោះខាងលើបានជិះម៉ូតូមួយគ្រឿងតែម្នាក់ឯង ធ្វើដំណើតាមបណ្ដោយផ្លូវ២៧១ទិសដៅពីជើងទៅត្បួងហើយឡើងស្ពានអាកាសស្ទឹងមានជ័យយ៉ាងលឿង ដោយសង្ស័យជនរងគ្រោះស្រវឹងស្រាខ្លាំង ព្រោះជិះម៉ូតូចេះតែរេលិច រេកើត ក៏ទៅបុកបង្កាន់ដៃស្ពានពេញទំហឹងតែម្ដង បណ្ដាលឲ្យដួលហូសជិត៥ម៉ែត្រ សន្លប់ស្ដួកស្ដឹងនៅនិងកន្លែង ។
ក្រោយពីកើតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋានដែលប្រចាំការនៅក្បែរនោះ បានទំនាក់ទំនងទៅរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្សុី)មកដឹកជនរងគ្រោះទៅសង្គ្រោះភ្លាមៗ ។ ចំណែកម៉ូតូរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចមូលដ្ឋានយកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ រងចាំប្រគល់ឲ្យម្ចាស់វិញនៅពេលក្រោយ ៕ ភារ៉ា ដង្កោ