ទីក្រុងតូក្យូ៖ កាលពី ថ្ងៃទី 23 ខែសីហា នេះ ក្រុមហ៊ុន ហ៊ីតាឈី (Hitachi) អិលធីឌី (TSE: 6501, “Hitachi”) និងក្រុមហ៊ុន Hitachi Building Systems នៅថ្ងៃនេះប្រកាសពីការសម្ពោធផលិតផលជណ្ដើរយន្តថ្មីម៉ូដែល TX Series សម្រាប់ទីផ្សារប្រទេសឥណ្ឌា អាស៊ី និងមជ្ឈឹមបូព៌ា ។ ជណ្ដើរយន្តនេះបានចេញលក់រួចហើយនៅក្នុងប្រទេសចិន ហើយនឹងត្រូវចេញលក់ទៅតាមដំណាក់កាលក្នុងតំបន់ផ្សេងទៀត ដោយចាប់ផ្ដើមចាប់ពីថ្ងៃទី 21 សីហា 2017 នេះតទៅ ។
កាលពីខែ កក្កដា ឆ្នាំ 2016 ក្រុមហ៊ុនហ៊ីតាឈី បានធ្វើសមាហរណកម្មអាជីវកម្មជណ្ដើរយន្តរបស់ខ្លួនប្រចាំប្រទេសជប៉ុន និងប្រទេសចិន ដោយប្រមូលផ្ដុំធនធានរបស់ខ្លួន និងពង្រឹងប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសទាំងពីរ ដោយផ្ដោតសំខាន់នៅជុំវិញទីតាំងពាណិជ្ជកម្មបង្គោលរបស់ខ្លួននៅទីក្រុងគាំងចូវ ប្រទេសចិន ។ ជណ្ដើរយន្តថ្មីម៉ូដែល TX Series ដែលចេញលក់ដោយក្រុមហ៊ុន ហ៊ីតាឈី គឺជាម៉ូដែលដែលគោរពតាមបទដ្ឋានជាច្រើនក្នុងប្រទេសចិន ឥណ្ឌា អាស៊ី និងមជ្ឈឹមបូព៌ា ។ ម៉ូដែលនេះ យកគំរូតាម គំនិតដូចគ្នាសម្រាប់ជណ្ដើរយន្តប្រអប់ម៉ាស៊ីនដែលគ្មានប្រអប់ សម្រាប់តំបន់អាស៊ី និងមជ្ឈឹមបូព៌ា ដែលបានចេញលក់កាលពីខែកញ្ញា ឆ្នាំ 2016 ។ បន្ថែមលើការអនុលោមទៅតាមបទដ្ឋានសុវត្ថិភាព និងគុណភាពរបស់ប្រទេសចិន ទាក់ទិននឹងបរិក្ខាជណ្ដើរយន្ត ដូច្នេះ ម៉ូដែល TX Series នឹងត្រូវបានផលិតដោយគោរពតាមបទដ្ឋានសុវត្ថិភាព និងគុណភាព ដ៏តឹងរ៉ឹងរបស់ក្រុមហ៊ុនហ៊ីតាឈីផ្ទាល់ ហើយប្រកាន់ខ្ជាប់បទដ្ឋានសុវត្ថិភាពនៅក្នុងតំបន់ផ្សេងទៀតទាំងអស់ ។ ម៉ូដែលនេះក៏បានប្រើប្រាស់ការរចនាផ្នែកមុខងារដោយផ្អែកលើគោលគំនិតជណ្ដើរយន្តដែលសមស្របសម្រាប់សកម្មភាពដោយមិនដឹងខ្លួនរបស់អ្នកប្រើប្រាស់ ដើម្បីធ្វើយ៉ាងណាឲ្យមានភាពងាយស្រួលក្នុងការប្រើប្រាស់។
ម៉ូដែល TX Series ផ្ដល់នូវជម្រើសច្រើន ដែលមានលក្ខណៈបច្ចេកទេសខុសៗគ្នា ព្រមជាមួយនឹងការរចនាយ៉ាងឥតខ្ចោះ និងលក្ខណៈពិសេសផ្នែកសុវត្ថិភាព ដែលត្រូវបានរចនាឡើងដើម្បីតម្រូវតាមសេចក្តីត្រូវការខុសៗគ្នារបស់អតិថិជន ។ ម៉ូដែលនេះក៏សន្សំសំចៃទីកន្លែង ដែលតម្រូវសម្រាប់ការដំឡើង ដែលប្រើប្រាស់ទីធ្លាតូចជាងមុន បើធៀបនឹងផលិតផលដែលមានស្រាប់ *2។
ក្រុមហ៊ុន ហ៊ីតាឈី នឹងចាប់ផ្ដើមលក់ម៉ូដែល TX Series នៅក្នុងប្រទេសថៃ និងតាមពីក្រោយដោយការសម្ពោធនៅក្នុងប្រទេសហ្វីលីពីន ម៉ាឡេស៊ី និងតំបន់ផ្សេងៗទៀត ហើយមានបំណងទទួលការបញ្ជាទិញឲ្យបាន 10,000 គ្រឿងនៅឆ្នាំ ២០១៨ នៅក្នុងប្រទេសចិន ឥណ្ឌា អាស៊ី និងមជ្ឈឹមបូព៌ា។
គួរបញ្ជាក់ដែរថាក្រុមហ៊ុន ហ៊ីតាឈី អិលធីឌី (TSE: 6501) ដែលមានស្នាក់ការកណ្ដាលនៅទីក្រុងតូក្យូប្រទេសជប៉ុន ផ្ដល់នូវផលិតផលបង្កើតថ្មីដែលឆ្លើយតបទៅនឹងបញ្ហាប្រឈមរបស់សង្គម ។ប្រាក់ចំណូលរួមរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំសារពើពន្ធ 2016 (បញ្ចប់នៅថ្ងៃទី៣១ ខែ មីនា ឆ្នាំ ២០១៧) សរុបចំនួន 9,162.2 ពាន់លានយ៉េន (81.8 ពាន់លានដុល្លារ) ។ សម្ព័ន្ធ ក្រុមហ៊ុនហ៊ីតាឈីគ្រុប គឺជាក្រុមហ៊ុនឈានមុខគេនៅក្នុងសកលលោកខាងផ្នែកអាជីវកម្មនវានុវត្តន៍សង្គម ហើយមានបុគ្គលិកប្រមាណ 304,000 នាក់ទូទាំងសកលលោក ។ តាមរយៈការបង្កើតថ្មីដោយមានការសហការ ក្រុមហ៊ុនហ៊ីតាឈី កំពុងផ្ដល់នូវដំណោះស្រាយដល់អតិថិជននៅក្នុងវិស័យជាច្រើន ដូចជា ថាមពល ឧស្សាហកម្ម ការចែកចាយ ធនធានទឹកការអភិវឌ្ឍន៍ទីក្រុង ហិរញ្ញវត្ថុ អភិបាលកិច្ច និងវិស័យសាធារណៈ និងសុខាភិបាលជាដើម ៕ វឌ្ឍនា