ព័ត៌មានទាន់ហេតុការណ៍៖

ហ្វុីលីពីនរងការវាយប្រហារដោយគ្រោះធម្មជាតិរញ្ជួយដីនិងខ្យល់ព្យុះ

ចែករំលែក៖

បច្ចុប្បន្នហ្វុីលីពីន កំពុងប្រឈមនូវគ្រោះ ធម្មជាតិ រញ្ជួយដីកម្រិត៥,១រិុចទ័រវាយ ប្រហារខេត្ត Leyte ស្ថិតនៅភាគកណ្តាល ប្រទេសនេះ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧។ ជាមួយគ្នានេះព្យុះត្រូពិក Hato បានវាយប្រហារមកលើ ដែនដីភាគ និរតី ប្រទេសនេះផងដែរ។

ពេលនេះហ្វុីលីពីនត្រូវធ្វើសង្គ្រាម ប្រឆាំងទាំងមនុស្សនិងធម្មជាតិ ក្នុងនោះ មានសង្គ្រាមប្រឆាំង ក្រុមភេរវកម្ម IS សង្គ្រាមប្រឆាំងគ្រឿងញៀន ហើយនៅ ពេលនេះ ប្រឈមនឹងសង្គ្រាមទប់ស្កាត់ គ្រោះថ្នាក់ដោយសារតែគ្រោះធម្មជាតិ ខ្យល់ព្យុះទឹកជំនន់និងរញ្ជួយដី។

វិទ្យាស្ថានបន្ទុះភ្នំភ្លើង និងរញ្ជួយដី ហ្វុីលីពីន ហៅកាត់ Phivolcs បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៥,១រ៉ិចទ័រ ស្ថិតនៅភាគកណ្តាលនៃប្រទេសហ្វុីលីពីន ដែលមាន ចម្ងាយ៥គីឡូម៉ែត្រភាគពាយព្យក្រុង Abuera ខេត្ត Leyte ។ សេចក្តីរាយការណ៍ បានបញ្ជាក់ទៀតថា មានករណីរញ្ជួយដីនៅវេលាម៉ោង៦និង២៦នាទីព្រឹក ម៉ោង ក្នុងតំបន់ ។ វិទ្យាស្ថានបានបន្តថា គ្រោះ រញ្ជួយដីស្ថិតក្នុងកម្រិត៥រិុចទ័រ ដោយ រញ្ជួយខ្លាំងនៅក្នុងក្រុង Ormoc ។

ជាមួយគ្នានេះ ហ្វុីលីពីនរងការវាយ ប្រហារដោយព្យុះ ត្រូពិក Hato ផងដែរ។ លេខាធិការដ្ឋាន ភូមិសាស្ត្រ និងសេវាកម្ម តារាសាស្ត្រ ហ្វុីលីពីន ហៅកាត់ PAGASA បានបញ្ជាក់ឲ្យដឹងកាលពី ថ្ងៃទី២២ ខែ សីហាថា ព្យុះត្រូពិក Hato បានវាយប្រហារ មកលើ ដែនដីភាគនិរតី បន្តបោកបក់នៅ តំបន់ ភាគខាងជើងនៃ ប្រទេសហ្វុីលីពីន។ ប្រភពព័ត៌មាន បានបញ្ជាក់ថា ព្យុះនេះនឹង បង្កជា ទឹកជំនន់ នារដូវវស្សាគ្របដណ្តប់នៅតំបន់ជាច្រើនក្នុងប្រទេសនេះ។

មកទល់ពេលនេះមិនទាន់មានរបាយការណ៍ស្តីពី ការស្លាប់ឬរងរបួស ក៏ដូចជាខូចខាតទ្រព្យសម្បត្តិដោយសារតែគ្រោះធម្មជាតិទាំងពីខាងលើ នៅឡើយ៕ ម៉ែវ សាធី


ចែករំលែក៖