ព័ត៌មានទាន់ហេតុការណ៍៖

អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅស៊ូដង់ស្លាប់នៅក្នុងអាងហែលទឹក

ចែករំលែក៖

កាលពីថ្ងៃទី២៣ ខែសីហា ប៉ូលិសស៊ូដង់បានប្រទះឃើញសាកសពអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅស៊ូដង់លោក Mirgayas shirinsky ស្លាប់នៅក្នុងអាងហែលទឹកក្នុងផ្ទះរបស់លោកស្ថិតនៅតំបន់ Khartoum ។ ការ ស្លាប់ខាងលើធ្វើឲ្យរុស្ស៊ី ត្រូវបាត់បង់មន្ត្រីការបរទេសដែលមានបទពិសោធន៍ខ្ពស់។

សារព័ត៌មាន AFP បានដកស្រង់សម្តី លោក Omar al Mokhtar អ្នកនំាពាក្យស្នងការប៉ូលិសស៊ូដង់បានឲ្យដឹងថា អគ្គរដ្ឋទូត រុស្ស៊ីបានស្លាប់នៅយប់ថ្ងៃទី២៣ ខែសីហា វេលាម៉ោង៧ និង៥នាទីយប់(ម៉ោងក្នុង តំបន់)។ មន្ត្រីប៉ូលិស ស៊ូដង់បានបញ្ជាក់ ទៀតថា ការស្លាប់របស់ Mirgayas shirinsky ដោយមូលហេតុធម្មជាតិដោយលោកធ្លាប់មានជំងឺលើសឈាមពីមុនមកផងដែរ។

លេខាធិការស្ថានទូតរុស្ស៊ីលោក Sergey Konyashin បានបញ្ជាក់ថា មាន សញ្ញាជាច្រើនបានបង្ហាញថាលោក Mirgayas shirinsky មានអាការស្ទះចរន្តឈាមក្នុងបេះដូង។ លោកក៏បានហៅគ្រូពេទ្យ មកជួយតែហួសពេលទៅហើយ។

ក្រសួងការបរទេសស៊ូដង់បានទូរស័ព្ទ រំលែកទុក្ខជាមួយសមភាគីរុស្ស៊ី ដោយបានលើកសរសើរដល់ការខិតខំរបស់លោក Mirgayas shirinsky នៅក្នុងកិច្ចការ បរទេសជាមួយស៊ូដង់ និងនៅក្នុងតំបន់ ទំាងមូល។ អគ្គរដ្ឋទូត Mirgayas shirinsky មានអាយុ៦៣ឆ្នាំ មានបទពិសោធន៍ ក្នុងវិស័យការបរទេសដល់ទៅ៤០ឆ្នាំ ពិសេសនៅក្នុងតំបន់មជ្ឈិមបូព៌ា។ លោកធ្លាប់ទៅកាន់ស្ថានទូតនៅក្នុងប្រទេសអេហ្សុីប សាវឌីអារ៉ាប៊ី និងយេមែន។

ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៦ មានមន្ត្រីការបរទេសជាន់ខ្ពស់របស់រុស្ស៊ីនៅក្រៅ ប្រទេសដល់ទៅ៤នាក់ស្លាប់ ដោយហេតុ ផលផ្សេងៗគ្នា។

សារព័ត៌មានញូវយ៉កថាមស៍បាន ផ្សាយថា ការស្លាប់របស់លោក Mirgayas shirinskyគឺជាការបាត់បង់ទី៤ នៃមន្ត្រីការទូតជាន់ខ្ពស់របស់រដ្ឋាភិបាលរុស្ស៊ីនៅក្រៅប្រទេស។ ការស្លាប់របស់ លោកកើតឡើង ក្រោយ៦ខែ ដែលអគ្គរដ្ឋទូតយូរឆ្នាំរបស់ រុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិលោក Vitaly I Churkin បានស្លាប់នៅកន្លែងធ្វើការក្នុងអាយុ៦៤ឆ្នាំ។

នៅខែមករា ឆ្នាំ២០១៧នេះ អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅឥណ្ឌាលោក Alexander Kadakin ដែលជាមន្ត្រីការបរទេសមានបទពិសោធន៍យូរឆ្នាំបានស្លាប់ក្នុងអាយុ៦៨ ឆ្នាំ។ នៅខែធ្នូ ឆ្នាំ២០១៦ អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅប្រទេសទួរគីលោក Andrey G Karlov អាយុ៦២ឆ្នាំ ត្រូវបានប៉ូលិស ការពារជនជាតិទួរគី បាញ់សម្លាប់នៅចម្ងាយប្រហែល២ម៉ែត្រពីគ្នាប៉ុណ្ណោះ។

អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺមន្ត្រីការទូតរបស់រុស្ស៊ីនៅបរទេសដែលស្លាប់នោះមានវ័យពី៦២ឆ្នាំដល់ ៦៨ឆ្នាំ៕ ម៉ែវ សាធី

លោក Mirgayas shirinsky


ចែករំលែក៖