ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកការិយាល័យអប់រំស្រុកកោះធំរងរបួសយ៉ាងធ្ងន់ បន្ទាប់ពីបើកម៉ូតូព្យាយាមគេចរថយន្តជ្រុលទៅបុកម៉ូតូជិះច្រាស់ទិសគ្នា

ចែករំលែក៖

ខេត្តកណ្តាលៈ បុរសម្នាក់ជាបុគ្គលិកការិយាល័យអប់រំស្រុកកោះធំ បានទទួលរងរបួសយ៉ាងធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ គ្រាដែលបុរសម្នាក់ទៀតរងរបួសធ្ងន់​កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រតិបត្តិស្រុកកោះធំ បន្ទាប់ពីបុរសទាំង២នាក់នេះជិះម៉ូតូ​បុកគ្នា កាលពីវេលាម៉ោង២​រសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ​២១បេ ត្រង់ចំណុចតារាង​បាល់ទាត់ស្រុកកោះធំ ស្ថិតក្នុងភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកកោះធំបានឲ្យដឹងថា បុរសជាបុគ្គលិកការិយាល័យ​អប់រំ​ស្រុកកោះធំឈ្មោះ ស៊ាន ភី ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ជិះម៉ូតូម៉ាហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៩ ពាក់ស្លាកលេខ កណ្ដាល 1I-7894 ។ ចំណែកឯភាគីម្ខាងទៀតឈ្មោះ ធី ចាន់ថា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិកំពង់ស្វាយលើ ឃុំព្រែកថ្មី ស្រុកកោះធំ ជិះម៉ូតូម៉ាកស៊ុយហ្ស៊ូយគី ស្មាស់ ធុនសេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BI-0845 ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញបុរសជាបុគ្គលិកការិយា​ល័យអប់រំស្រុកជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ២១បេ ក្នុងទិសដៅពីត្បូងទៅជើង(ពីជ្រៃធំឆ្ពោះ​ទៅក្រុងតាខ្មៅ) ។ លុះជិះដល់ចំណុចកើតហេតុបុរសរូបនេះបានព្យាយាមកាច់ចង្កូតគេចចេញពី​រថយន្តដែលឈប់នៅលើចិញ្ចើមផ្លូវ ទើបបណ្តាលឲ្យជ្រុលទៅបុកជាមួយម៉ូតូជិះច្រាស់ទិសគ្នា​ពេញមួយទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ទាំងសងខាងតែម្តង ។

ក្រោយពីមានហេតុការណ៍កើតឡើង បុរសជាបុគ្គលិកការិយាល័យអប់រំស្រុកកោះធំ រង​របួសបាក់ដៃ២កំណាត់ និងបាក់ឆ្អឹងដងកាំបិត ត្រូវបានក្រុមគ្រួសារដឹកតាមរថយន្តសាមុយបញ្ជូន​ទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ។ ចំណែកឯភាគីម្ខាងទៀតត្រូវបានបញ្ជូនទៅ​សង្រ្គោះនៅមន្ទីរពេទ្យប្រតិបត្តិស្រុកកោះធំ ។ បច្ចុប្បន្នមធ្យោបាយពាក់ព័ន្ធ​ទាំង២គ្រឿងត្រូវបាន​បញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ៕ស្អាងជ័យ


ចែករំលែក៖