ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកូរ៉េបើកបត់មិនប្រយ័ត្នជ្រុលទៅបុកម៉ូតូ ZOOMER X ពីចំហៀងបណ្ដាលឲ្យស្ត្រីម្នាក់របួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីម្នាក់ត្រូវបានរថយន្តកូរ៉េបើកបត់ បុកចំជើងម្ខាងរងរបួសធ្ងន់ ខណៈរូបគាត់និងកូនស្រីម្នាក់ទៀតជិះម៉ូតូឌុបគ្នាបំរុងចូលផ្ទះ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ នៅត្រង់ចំណុចក្នុងបូរី លឹម ឈាងហាក់ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជាធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងមុនពេលកើតហេតុគឺ មានរថយន្តកូរ៉េមួយតោនកន្លះ មួយគ្រឿង ពណ៌ស គ្មានស្លាកលេខ បានចតនៅក្បែរកន្លែងកើតហេតុ ។ បន្ទាប់មក ក៏មានមនុស្សស្រី២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ZOOMER X ពណ៌ត្រួយចេក លាយស ពាក់ស្លាកលេខភ្នំពេញ 1GJ-9447 បានជិះឌុបគ្នាឆ្លងស្ពានចូលបុរី លឹម ឈាងហាក់ បំរុងទៅផ្ទះ ខណៈពេលដែរមកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់បានបើករថយន្តបត់ក្រោយ តែមិនប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូចំពីចហៀង បណ្ដាលឲ្យចំជើងស្ត្រីម្នាក់ជាម្ដាយរងរបួសធ្ងន់ ចំណែកកូនស្រីមិនរបួសឡើយ ហើយម៉ូតូក៏បានគៀបជាប់ក្រោមរថយន្តរងការខូចខាតបន្តិចបន្ទួច ។

ក្រោយពេលកើតហេតុ ស្ត្រីរងគ្រោះរបួសធ្ងន់ ត្រូវសាច់ញាតិក្រុមគ្រួសារ ហៅម៉ូតូកង់បីដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យឯកជន សួគ៌ា ហើយម្ចាស់រថយន្តបង្កក៏បានឡើងម៉ូតូកង់បីទៅជាមួយ ដើម្បីចេញថ្លៃរបួស និងសងការខូចខាតទាំងអស់ទៅលើជនរងគ្រោះផងដែរ ៕ ភារ៉ា ដង្កោ


ចែករំលែក៖