ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីជាជនជាតិកូរ៉េម្នាក់ជាប្រធានមណ្ឌលសាសនាគ្រឹស្ទ បើករថយន្តធ្លាក់ទន្លេនៅកំពង់ចម្លងស្វាយជ្រំ បណ្ដាលឲ្យស្លាប់

ចែករំលែក៖

ភ្នំពេញ៖ ស្ដ្រីជនជាតិកូរ៉េម្នាក់ ដែលគេស្គាល់ថាជា ប្រធានមណ្ឌលសាសនាគ្រឹស្ទ បានបើករថយន្ដធ្លាក់ចូលក្នុងទន្លេ នៅកំពង់ចម្លងស្វាយជ្រុំ ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា បណ្ដាលអោយលិចរថយន្ត និងអ្នកបើកបរស្លាប់យ៉ាងអាណោចអាធ័ម ដែលមានហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោងប្រមាណ០៨និង៣០នាទី ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ ។

ស្ត្រីរងគ្រោះដែលស្លាប់ក្នុងរថយន្តលិចក្នុងទន្លេមានឈ្មោះ គីម មៀងស៊ុក ​​អាយុ៦៧ឆ្នាំ ជនជាតិកូរ៉េ មុខរបរប្រធានមណ្ឌលសាសនាគ្រឹះព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជិះរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប៊ិចចាស់ ពាក់ស្លាកលេខភ្នំពេញ 2Q-1165។

យោងតាមការរៀបរាប់ពីកូនសិស្សរបស់ស្ដ្រីរងគ្រោះបានប្រាប់ឲ្យដឹងថា រាល់ថ្ងៃពុធ និងថ្ងៃអាទិត្យ ជនរងគ្រោះតែងតែឆ្លងទន្លេតាមកំពង់ចម្លងស្វាយជ្រុំ ដើម្បីទៅបង្រៀន និងផ្សាព្វផ្សាយសាសនាគ្រឹះនៅព្រែកតាកូវ ក្នុងស្រុកខ្សាច់កណ្ដាល ដែលការបង្រៀននេះធ្វើឡើងរយៈពេល៩ឆ្នាំទៅហើយ ប៉ុន្ដែអកុសលថ្ងៃនេះ ស្ដ្រីរងគ្រោះមិនស្រួលខ្លួន ក៏បានបើករថយន្ដធ្លាក់ចូលទន្លេតែម្ដង ពេលកំពុងរៀបចំឡើងលើសាឡាង។

ក្រោយពីធ្លាក់រថយន្ដចូលក្នុងទឹកទន្លេ ស្ដ្រីរងគ្រោះបានជាប់ទៅក្នុងរថយន្ដ ប៉ុន្ដែដោយសារស្ថានភាពទឹកហូរខ្លាំង កម្លាំងសមត្ថកិច្ចបានប្រើប្រា​ស់ រយៈពេលជាង១ម៉ោង ដើម្បីជួយសង្គ្រោះ ដោយយករថយន្ដស្ទួច មកស្ទួចរថយន្ដដែលធ្លាក់ចូលក្នុងទឹកនោះ ឡើយមកលើគោក ប៉ុន្ដែអកុសលពេលស្ទូចរថយន្តមកដល់លើគោក ស្ដ្រីរងគ្រោះបានស្លាប់បាត់ទៅហើយ។

បច្ចុប្បន្នសពរបស់ស្ដ្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅតម្កល់ទុកនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីឲ្យកូនសិស្ស និងសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីសាសនាគ្រិស្ទ ចំណែករថយន្តត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅខាងស្ថានទូតកូរ៉េ ប្រចាំនៅកម្ពុជាដើម្បីចាត់ចែងបន្ត ៕ ជ្រោយពេជ្រ

 


ចែករំលែក៖