ព័ត៌មានទាន់ហេតុការណ៍៖

អង្ករក្លាយជាបាយអស់ហើយចង់ដោះដៃ ខាងស្រីដឹងរឿងទាន់ ល្បួងនាំមកប៉ុស្តិ៍នគរបាលដោះស្រាយ

ចែករំលែក៖

 

ភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ បន្ទាប់ពីដឹកបានម៉ូយស្រ្តីម្នាក់ជិះប្រចាំយូរៗ ១៥ថ្ងៃក្រោយ បង្កាត់ភ្លើងស្នេហា រហូតដល់ស្មោះស្ម័គ្រនឹងគ្នា និងរស់នៅជាមួយគ្នា អង្ករក្លាយជាបាយ ហើយបានសន្យានឹងចូលស្តី ដល់ចាស់ទំរៀបការជាប្តីប្រពន្ធស្របច្បាប់ ក្រោយមកស្រាប់តែខាងប្រុសចង់ដោះដៃ ទើបខាងស្រីដឹងជើងថា មិនស្រួល ល្បួងនាំជិះទៅរកប៉ូលីស បែរជាខាងប្រុសចោទថា ខាងស្រីចង់គៀបស៊ីម៉ូតូទៅវិញ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅមុខអធិការដ្ឋានខណ្ឌពោធិសែនជ័យ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ភាគីខាងស្រីមានឈ្មោះ អ៊ឹម ង៉ែត អាយុ២៣ឆ្នាំ មុខរបរចុងភៅហាង ស្នាក់នៅផ្ទះជួល សង្កាត់ស្រះចក ខណ្ឌដូនពេញ មានស្រុកកំណើតឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ ចំណែកភាគីខាងប្រុសឈ្មោះ ញឹក រ័ត្ន អាយុ៣២ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងមានស្រុកកំណើតភូមិដូនយ៉យ ឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត បានអះអាងថា ខ្លួនជាបុរសពោះម៉ាយ លែងប្រពន្ធ។

ភាគីខាងប្រុសបានឲ្យដឹងថា គ្រាផ្តើមស្នេហ៍ឲ្យដឹងថា កាលពីដើមខែសីហា ខណៈដែលរត់ឌុប ប៉ះចំម៉ូយ ស្រ្តីចុងភៅខាងលើ ឌុបឡើងចុះផ្សារទិញម្ហូប រហូតដល់ ឲ្យលេខទូរស័ព្ទគ្នាទៅវិញទៅមក ដោយមើលឃើញ ខ្លួនជាបុរសពោះម៉ាយ នៅផ្ទះជួលម្នាក់ឯង នឹកមានអារម្មណ៍ ចង់បង្កើតស្នេហ៍ថ្មី ស្រីចុងភៅ ទើបទូរស័ព្ទសារភាពស្នេហ៍ សុំស្រឡាញ់ សុំស្នេហ៍ និងសន្យាថា ចូលស្តីនាងយកធ្វើជាប្រពន្ធ ស្របច្បាប់ បានខ្លួន ប្រាណចំនួន៣លើក ២លើកនៅផ្ទះសំណាក់ ១លើកទៀតនៅគេហដ្ឋានខាងស្រី ក៏ប៉ុន្តែ មួយរយះនេះខ្លួនរត់ឌុប រកលុយមិនបាន គិតថា ខ្លាចចិញ្ចឹមគេមិនរស់ ទើបប៉ុនប៉ងបញ្ឈប់ផ្តាច់ស្នេហ៍ បែរខាងស្រីនាំមកផ្ទះបងប្អូន នៅសង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ភ័យភិត ទើបប្រាប់ប៉ូលីសថា ខាងស្រីប៉ុនប៉ង គៀបស៊ីម៉ូតូ ។

ចំណែកតាមភាគីខាងស្រីបានឲ្យដឹងថា ជិតមួយខែហើយ ដែលពួកគេស្គាល់គ្នាតាមរយៈម៉ូយប្រចាំជិះម៉ូតូឌុប អស់រយៈពេល១៥ថ្ងៃហើយ ក្រោយស្គាល់សុំស្រឡាញ់សុំស្នេហ៍ រួមជាមួយពាក្យសន្យា ខាងប្រុសខាងនឹងចូលស្តីដណ្តឹង ទុកចិត្តនូវពាក្យលួងលោម ទើបហ៊ានប្រគល់ខ្លួនប្រគល់ប្រាណ តែផ្ទុយមកវិញ ៣ទី៤ថ្ងៃក្រោយនេះ ខាងប្រុសចង់ដោះដៃ លែងរវល់ ព្យាយាមគេចវេះ ទើបល្បួងនាំទៅជួបបងប្អូននៅភូមិចំការឪឡឹក សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ហើយបង្ហួសចូលទៅប្តឹងប៉ូលិសអធិការដ្ឋានខណ្ឌពោធិសែនជ័យ កាលពីរសៀលថ្ងៃទី២៨ ខែសីហាតែម្តង ដើម្បីនិយាយគ្នាឲ្យដឹងសខ្មៅ ក្នុងបទចោទប្រកាន់បុរសខាងលើ គេចវេះមិនទទួលខុសត្រូវ រំលោភក្បត់ពាក្យសន្យា ។

ក្រោយពីគូស្នេហ៍ទាំងពីរ ប្រេះឆាស្នេហ៍ ឈានទៅរក ភាពបែកបាក់គ្នា និយាយមិនចុះសម្រុង ទើបប៉ូលិសនាំចូលប៉ុស្តិ៍ និយាយសម្របសម្រួលគ្នាដោយសន្តិវិធី ៕ សុខាសែនជ័យ

 


ចែករំលែក៖